Advertisement
ប្រាក់ឈ្នួលកម្មករនិយោជិត​

ឆ្នាំ២០២០ ប្រាក់ឈ្នួលកម្មករនិយោជិតរោងចក្រកាត់ដេរ កើនដល់ ១៩០ ដុល្លារ ទោះបី EBA ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់​


បើទោះបីជា បញ្ហាការលើកលែងពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ដែលអាចនឹងឈានដល់ការប្រកាសព្យួរក៏ដោយចុះ ប៉ុន្ដែ បើយើងក្រឡេកទៅមើល ប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង កម្ពុជា បានបន្តកើនឡើងជាលំដាប់។ ជាក់ស្ដែង សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ តម្លៃប្រាក់ឈ្នួលកម្មករនិយោជិត បានកើនឡើង៨ ដុល្លារបន្ថែមទៀត ពោលគឺប្រាក់ឈ្នួលអប្បរមារ១៩០ ដុល្លារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ០១ មករា ឆ្នាំ២០២០តទៅនេះ។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ
Advertisement

ក្រសួងការងារ បាន​បញ្ជាក់ថា ដោយមាន​ការ​សម្រេច​ពីសម្ដេច​ហ៊ុន សែន បន្ថែមទឹកប្រាក់ ៣ដុល្លារ ពីលើតួលេខ​​បោះឆ្នោតដោយ​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា ១៨៧ដុល្លារ បាន​ធ្វើឱ្យ​ប្រាក់ឈ្នួល​អប្បបរមារ​បស់កម្មករនិយោជិត​ក្នុងវិស័យ​វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០​ខាងមុខនេះ ​កើនដល់ ១៩០ដុល្លារអាមេរិក​ក្នុងមួយខែ។

ការឈាន​ទៅដល់ ការសម្រេច​លើ​ចំនួន​ប្រាក់ឈ្នួល​អប្បបរមា សម្រាប់កម្មករ​និយោជិត​វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង​នៅឆ្នាំ​២០២០ គឺបានធ្វើ​ឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា អាណត្តិទី​១ លើកទី៦ ដែលរួមមាន​រាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំ​ចុងក្រោយ នាព្រឹកថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសរើស​យកតួលេខមួយ​ធ្វើជាគោល។ ក្នុងនោះ​សន្លឹកឆ្នោត​ភាគច្រើន​បានបោះឆ្នោត​ជ្រើសរើស​យក​តួលេខ ១៨៧ដុល្លារ ហើយបន្ទាប់មក សម្តេចតេជោ​ ហ៊ុន សែន បានផ្តល់​បន្ថែម ៣ដុល្លារទៀត​ជូនកម្មករ​និយោជិត ដែលធ្វើឱ្យ​ប្រាក់ឈ្នួល​ពួកគេកើន​ឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាម​ការគូសបញ្ជាក់ របស់ក្រសួងការងារ។

តាម​ការកំណត់ ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើម​អនុវត្តចាប់​ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។

ស្របពេល​ដែល​ប្រាក់ខែ​កម្មករនិយោជិត​ក្នុងវិស័យ​កាត់ដេរ​បន្ដកើនឡើងនេះ បញ្ហា​ EBA ដែលកំពុង​បន្ថ​ស្ថិត​នៅក្នុងស្ថានភាព​មិនច្បាស់លាស់​នៅឡើយ។ មិនច្បាស់លាស់ ដោយសារតែ​សហភាពអឺរ៉ុប បាន​ចាប់ផ្ដើម​ការស៊ើបអង្កេត​ទៅលើដំណើរការ​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ EBA តាំងពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩មក ហើយសេចក្ដី​សម្រេច​លើបញ្ហានេះ ត្រូវបានគេ​រំពឹងថា នឹងត្រូវប្រកាស​នៅខែ​កុម្ភៈ ឆ្នាំ២០២០។

សមាគមរោងចក្រ​កាត់ដេរ​កម្ពុជា កាលពី​ថ្ងៃទី១៣ សីហា ឆ្នាំ២០១៩នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មានថ្មីមួយ​របស់ខ្លួន ដោយបានជំរុញ​ឲ្យសហភាពអឺរ៉ុប មេត្តារក្សា​កម្មវិធី​អនុគ្រោះពន្ធ លើគ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿងសព្វាវុធ (EBA) ព្រោះបើ EBA ពិតជាត្រូវ​បានដក នោះ នឹងប៉ះពាល់​ដល់​ប្រជាជន​កម្ពុជារាប់លាននាក់។

ធនាគារពិភព​លោកនៅថ្ងៃទី ៦ ខែឧសភា កន្លងទៅ បានចេញ​របាយការណ៍មួយ របស់ខ្លួន ដោយ​ក្នុងនោះ បានប៉ាន់​ប្រមាណថា កម្ពុជា អាចនឹងធ្លាក់​ចុះចំណូល​ពីការនាំចេញ​ប្រហែល​ជាង ៦៥០ លានដុល្លារ​អាមេរិក ប្រសិនបើ​សហភាពអឺរ៉ុប ពិតជាសម្រេច​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ។

ទោះយ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា នាពេល​កន្លងទៅនេះ​បាន​អនុវត្ត​នូវការ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន សំដៅ​ដល់​ការកាត់បន្ថយ​ចំណាយ​មិនចាំបាច់នានា​សម្រាប់​វិស័យឯកជន ហើយបើតាម​ការអះអាង​ពីប្រមុខរដ្ឋាភិបាល​កម្ពុជា វិស័យឯកជននឹង​ចំណេញ​ប្រមាណ ៤០០ លាន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ តាមរយៈកំណែទម្រង់ថ្មីនេះ។ នេះបើតាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន សែន បាន​ថ្លែង​ពី​កំណែទម្រង់​នេះ​ក្នុង​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន នៅ​ថ្ងៃទី​២៩​ខែមីនា កន្លងទៅ។​។

គូរបញ្ជាក់ថា តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល បានដាក់ចេញ​នូវគោលនយោបាយ តំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករនិយោជិត ក្នុងវិស័យ​កាត់ដេរ និងផលិតស្បែកជើង ជារៀងរាល់ឆ្នាំ។

ទោះយ៉ាងណា អ្នកជំនាញ​ក្នុងវិស័យឧស្សាហកម្ម​កាត់ដេរ​នេះ ធ្លាប់បាន​លើកឡើង​ពីក្ដី​ព្រួយបារម្ភ​អំពី​កំណើន​ប្រាក់ឈ្នួល​របស់​កម្មករនិយោជិត​ដែលបាន​កើនឡើង​យ៉ាងឆាប់រហ័សពេក ដែលធ្វើ​ឲ្យ ​ប៉ះពាល់​ដល់ភាព​ប្រកួតប្រជែង​របស់កម្ពុជា ខណៈដែល​ប្រទេស​ដៃគូប្រជែង​ផ្សេងៗទៀត ហាក់នៅមានកំណើន​​តម្លៃប្រាក់ឈ្នួល​នៅទាប​ជាងនៅឡើយ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋ សម្រេចបន្ដឲ្យ ២ឆ្នាំទៀត សម្រាប់ការបង់ពន្ធអចលនទ្រព្យជាកញ្ចប់ ឬហៅថា បង់ពន្ធជាមុនតាមគម្រោង

ព័ត៌មាន
ការបង់ពន្ធអចលនទ្រព្យជាកញ្ចប់ ឬហៅថាការ បង់ពន្ធមុនទៅតាមគម្រោងអភិវឌ្ឍន៍ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យបន្តរយៈពេល ២ឆ្នាំបន្...

វៀតណាមឈរលំដាប់ទី ៨ ជាកំពូលប្រទេសទាក់ទាញការវិនិយោគពីក្រៅប្រទេសខ្លាំងជាងគេ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេចាត់ថ្នាក់ថា ជាកំពូលប្រទេសទី៨ នៃកំពូលប្រទេសទាំង២៩ ដែលបានទាក់ទាញការវិនិយោគពីក្រៅប្រទេសច្រើនជាងគេ។នេះបើតាមរបា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ