របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា កម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗដូចជា សហរដ្ឋអាមេរិក មាន ២៩%, សហភាពអឺរ៉ុប ២៤%, ជប៉ុន ៨%, ចិន ៧%, អង់គ្លេស ៧%, កាណាដា ៦%, ថៃ ៤%, វៀតណាម ២% ហើយមុខទំនិញចម្បងៗ រួមមាន សម្លៀកបំពាក់កាត់ដែរ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ បរិក្ខារអគ្គិសនី កៅស៊ូ និងផលិតផលកសិកម្មផ្សេងទៀត។
ជាមួយគ្នានេះ មុខទំនិញនាំចូលសំខាន់ៗ មានដូចជា វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ យានយន្ត ប្រេងឥន្ធនៈ បរិក្ខារសំណង់ ម្ហូបអាហារនិងភេសជ្ជៈ និងជីកសិកម្មជាដើម។
បើនិយាយពីប្រទេសដែលនាំចូលទំនិញមកកាន់កម្ពុជាវិញ ឃើញថា ប្រទេសចិននៅតែឈរក្នុងលំដាប់ឈានមុខគេដដែល ដោយមានចំណែក ៣៩%, ប្រទេសថៃ ១៥%, វៀតណាម ១៣%, ជប៉ុន ៥%, កូរ៉េខាងត្បូង ៣%, ឥណ្ឌូណេស៊ី ៣%, ហុងកុង ៣%, សិង្ហបុរី ២%, ម៉ាឡេស៊ី ២%, សហរដ្ឋអាមេរិក ២%, និងដាណឺម៉ាក ១%។
គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយបរទេស កាលពីឆ្នាំ២០១៨ សម្រេចបានប្រមាណ ៣០,១ពាន់លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៧ មាន ២៥,៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
បន្ថែមពីនេះ នាពេលថ្មីៗចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាត្រូវបានគេមើលឃើញថា ក៏កំពុងតែស្ថិតក្នុងការប្រឈមនឹងហានិភ័យកាន់តែខ្ពស់ទាក់ទងនឹងការព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប។
ទាក់ទិននឹងការវិវឌ្ឍថ្មីចុងក្រោយនៃភាពមិនច្បាស់លាស់ នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដែរ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ វិច្ឆិកា ២០១៩ បាននិយាយថា ខ្លួនបានបញ្ជូនទៅឲ្យអាជ្ញាធរកម្ពុជា នូវរបាយការណ៍រកឃើញបឋមនៃការស៊ើបអង្កេតរបស់ខ្លួន អំពីប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា និងទុកពេលឲ្យកម្ពុជា ០១ខែ ដើម្បីឆ្លើយតប មុនការសម្រេចថា ដកហូត EBA ពីកម្ពុជា ឬមិនដក នឹងត្រូវធ្វើឡើង នៅខែកុម្ភៈ ឆ្នាំ២០២០។
យ៉ាងណាក៏ដោយចុះ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ធ្លាប់បានបញ្ជាក់ថា បញ្ហា EBA នេះ ក្រុមការងារបច្ចេកទេសផ្នែកពាណិជ្ជកម្ម នៅតែបន្តចរចាជាមួយសហភាពអឺរ៉ុប ហើយទន្ទឹមនឹងនោះ កម្ពុជាក៏បាននិងកំពុងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត និងខិតខំពង្រឹងនូវវិស័យដទៃទៀត ក្រៅតែពីវាយនភណ្ឌផងដែរ៕