ទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួម

ទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួមកើនជាង៥០% នៅឆ្នាំ២០២១ ខណៈការបង្កើតFTA ទ្វេភាគីកំពុងសិក្សាលទ្ធភាព


ប្រទេសកម្ពុជា និងអារ៉ាប់រួម កំពុងសិក្សាពីលទ្ធភាពក្នុងការរៀបចំឲ្យមានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប់រួម មានប្រមាណ ១៥១លានដុល្លារ មានការកើនឡើង ៥២% បើប្រៀបនឹងឆ្នាំ២០២០ ដែលមានទំហំពាណិជ្ជកម្មប្រមាណ ៩៩លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្ដិរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម

នៅក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម   បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួមនាពេលថ្មីៗនេះ ភាគីទាំង២បាន បានឯកភាពគ្នាថា នឹងអញ្ជើញគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នាលើវិស័យសក្តានុពលនានា និងបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) រវាងប្រទេសទាំងពីរនាថ្ងៃអនាគត។

ការប្ដេជ្ញាចិត្តរវាងប្រទេសកម្ពុជា និអារ៉ាប់រួម ក្នុងគោលដៅបង្កើតមានឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នានេះ គឺធ្វើឡើងស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កំពុងបង្ហាញពីសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង តាមតួលេខពីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួម មានដល់១៥១លានដុល្លារ កើនឡើងជាង៥០%ឯណោះ ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់អារ៉ាប់រួម មានតម្លៃ ៥២លានដុល្លារ ខណៈទំនិញដែលអារ៉ាប់រួម បាននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ជិត១០០លានដុល្លារ។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស ទំនិញដែលកម្ពុជានាំចេញទៅអារ៉ាប់រួម ភាគច្រើនគឺជាទំនិញកសិកម្ម មានដូចជា គ្រាប់ធញ្ញជាតិ អង្ករ ផ្លែឈើ សាច់សត្វ អាហារកែច្នៃ គ្រឿងក្រអូប សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ជាដើម។ ចំណែកទំនិញដែលកម្ពុជា បាននាំចូលពីអារ៉ាប់រួម មានដូចជា រថយន្ត,គ្រឿងបន្លាស់,សង្ហារឹម,គ្រឿងសេរ៉ាមិច,ប្រេងឥន្ធនៈ,ឧបករណ៍កីឡា,គ្រឿងម៉ាស៊ីន និងសម្ភារៈបន្ទប់ទឹក ជាដើម។

ប្រទេសកម្ពុជា និងអារ៉ាប់រួម ហាក់កាន់តែបង្ហាញពីទំនាក់ទំនងល្អរវាងគ្នា ទាំងការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងការទូត ជាដើម ហើយទាំងនេះ សុទ្ធសឹងជាមូលហេតុដែលជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងខ្លាំង។ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រំពឹងថា កម្ពុជា នឹងកាន់តែអាចទាក់ទាញ ធុរៈជន វិនិយោគិន ក៏ដូចជា ភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកម្សាន្ត និងវិនិយោគនៅកម្ពុជាផងដែរ ស្របពេលដែលកម្ពុជាបច្ចុប្បន្នកំពុងមានឱកាសវិនិយោគកាន់តែប្រសើរ ដូចជាច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាច្រើនផងដែរ៕

None



អត្ថបទបន្ទាប់


IMFបន្តព្យាករបន្ទាបកំណើនសេដ្ឋកិច្ចពិភពលោក និងប្រទេសធំៗ ខណៈអូមីក្រុងបន្ដលុកលុយ

កូវី១៩អូមីក្រុងកំពុងបង្កការរាំងស្ទះ និងឧបសគ្គបន្ថែមទៀតដល់សកម្មភាពសេដ្ឋកិច្ចរបស់ពិភពលោក ដែលនឹងឈានទៅធ្វើឲ្យសេដ្ឋកិច្ចមានកំណើនយឺតនៅក្នុងឆ្នាំ…

កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាមួយប្រទេស៥បន្ថែម

កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាមួយបណ្ដាប្រទេសចំនួន៥ បន្ថែម ដូចជា ប្រទេសហ្វីលីពីន ឡាវ ជប៉ុន ទួរគី និង អេមីរ៉ាតអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ