ពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក

ពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានជិត ៦ពាន់លានដុល្លារ កើនអត្រាពីរខ្ទង់នៅ៩ខែឆ្នាំ២០២១


នៅ៩ខែក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកកសម្រេចបានជាង៥ពាន់លានដុល្លារកើនឡើងជាង១០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជាវិញមានជាង២រយលានដុល្លារ ដែលជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជិត៦ពាន់លានដុល្លារនៅ៩ខែឆ្នាំនេះ។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ជូនខេមបូណូមីស។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក

ទោះបី​វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​រង្គោះរ​ង្កើ និង​រាំងស្ទះ​ដល់​ចរន្ត​សេដ្ឋកិច្ច​សកល​ក៏​ដោយ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក​នោះ​ទេ​។ ជាក់ស្តែង​នៅ​៩​ខែ​ក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក​នៅ​៩​ខែ​ក្នុង​ឆ្នាំ​២០២១ មាន​ជាង​៥​ពាន់​៧​រយ​លាន​ដុល្លារ​កើនឡើង​ប្រមាណ​១៣% បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​សម្រេច​បាន​ជាង​៥​ពាន់​៣២​លាន​ដុល្លារ​។

ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក សម្រេច​បាន​ជាង ៥​ពាន់​៤​រយ​លាន​ដុល្លារ កើនឡើង​ជាង​១៣% បើ​ធៀប​នឹង​រយៈ​ពេ​លេ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​សម្រេច​បាន​ជាង​៤​ពាន់​៨​រយ​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។ ចំណែក​កម្ពុជា​នាំ​ចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក មាន​ចំនួន​ជាង​២៧៦​លាន​ដុល្លារ​មាន​កំណើន​ជាង​១៨%​បើ​ធៀប​នឹង​៩​ខែ​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ជាង​២៣២​លាន​ដុល្លារ​។

កំណើន​តួលេខ​នាំ​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​នេះ ត្រូវ​បាន​ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​គូសបញ្ជាក់​ថា ដោយសារ​ទំនិញ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ភាគច្រើន​ជា​ទំនិញ​បញ្ជា​ទិញ​មុន​ការ​ផលិត​។ មួយវិញទៀត ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បង្វែ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​បង់​ក្លា​ដែ​ស ស្រី​លង្កា និង​មី​យ៉ា​ម៉ា​ជាដើម មក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ជំនួស​វិញ បន្ទាប់​ពី​ប្រទេស​ទាំងនោះ​ជួប​វិបត្តិ​នយោបាយ និង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នេះ ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន គឺ​ដោយសារ​កម្ពុជា​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP គួប​ផ្សំ​មានការ​បង្វែ​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​មក​កម្ពុជា និង​ការ​គ្រប់គ្រង​វិបត្តិ​កូ​វី​ដ​-១៩ បាន​ល្អ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​។  

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ភាគច្រើន​ផលិតផល​វាយ​ន​ភណ្ឌ​សម្លៀក​បំពាក់ កាបូប ស្បែកជើង កង់ និង​ផលិតផល​សម្រាប់​ការ​ធ្វើ​ដំណើរ ខណៈ​កម្ពុជា​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​រួម​មាន​រថយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។  ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០២០ មាន​ទំហំ​ទឹកប្រាក់​ជិត ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​១៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕ 

None



អត្ថបទបន្ទាប់


ហ្វីលីពីន នឹងចាប់ផ្ដើមសាកល្បងចាក់វ៉ាក់សាំងកូវីដ១៩លាយលំប្រភេទគ្នាឆាប់ៗនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង

ប្រទេសហ្វីលីពីន នឹងចាប់ផ្ដើមសាកល្បង ការចាក់វ៉ាក់សាំងកូវីដ១៩លាយលំគ្នានៅក្នុងសប្ដាហ៍នេះ ឬដើមខែវិច្ឆិកាខាងមុខនេះ ខណៈដែលប្រទេសនេះ កំពុងតែ…

រុស្សីថ្កោលទោសអាមេរិកក្រោយដាក់ជនជាតិរុស្ស៊ីចូលក្នុងបញ្ជីឈ្មោះ «ជនអនាថា» ដើម្បីបានទិដ្ឋាការចូលសហរដ្ឋអាមេរិក

ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ជនជាតិរុស្ស៊ីដែលស្វែងរកទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ