កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខានៅថ្ងៃទី២៦ តុលា ខាងមុខនេះហើយ


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ ក្រោយចុះហត្ថលេខារួចកិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា អាចនឹងចូលជាធរមាននៅអំឡុងត្រីមាសទី១ ក្នុងឆ្នាំ២០២២។ ព្រោះជានីតិវិធី ក្រោយចុះហត្ថលេខារួចភាគីទាំងពីរត្រូវចំណាយពេលប្រមាណ៣ខែ ដើម្បីរៀបចំ និង ឆ្លងនីតិវិធិផ្ទៃក្នុង។
ទង់ជាតិកម្ពុជា-កូរ៉េខាងត្បូង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលគ្រោងចូលជាធរមាននៅដើមឆ្នាំ២០២២។

កម្ពុជានិងកូរ៉េបានកំណត់ពេលវេលាជាក់លាក់រួចហើយ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បើគ្មានអ្វីប្រែប្រួលទេភាគីទាំងពីរកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយសារស្ថានភាពកូវីដ-១៩ នៅប្រទេសទាំងពីរមិនអំណោយផល ដូច្នេះការចុះហត្ថលេខារវាងភាគីទាំងពីរនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ កិច្ចព្រមព្រៀងនេះ អាចនឹងចូលជាធរមាននៅត្រីមាសទី១ក្នុងឆ្នាំ២០២២ ដែលវានឹងក្លាយជាកិច្ចព្រមព្រៀងទីពីរ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅដើមឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានភាគីទាំងពីរចុះហត្ថលេខាបិទបញ្ចប់កិច្ចចរចា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ដោយកាលនោះការចុះហត្ថលេខាក៏ធ្វើឡើងតាមប្រព័ន្ធអនឡាញដែរ។

ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ កម្ពុជា ក៏មានកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP និងច្បាប់ស្តីពីការប្រកួតប្រជែងពីរបន្ថែមទៀតផងដែរ ដែលគ្រោងចូលជាធរមាននៅដើមឆ្នាំ២០២២។ ក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣.៨% នៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ៩៥.៦% លើផលិផលរបស់កម្ពុជា។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅឆ្នាំ២០២០ សម្រេចបានជិត៩រយលានដុល្លារអាមេរិក ថយចុះប្រមាណ១៨% បើធៀបនឹងឆ្នាំ២០១៩ ដែលមានជាង១ពាន់លានដុល្លារអាមេរិក។

ទន្ទឺមនឹងនេះ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជាអាចនាំចេញទំនិញជាង៣០០មុខទៅកាន់ទីផ្សារចិនដោយមិនចាំបាច់បង់ពន្ធ។ ហើយតាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជារំពឹងថា វានឹងជួយជំរុញការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិនកើនឡើង២៥% បន្ថែមទៀត។ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលពីឆ្នាំ២០២០ មានទំហំជាង៨ពាន់លានដុល្លារអាមេរិក ខណៈនៅ៩ខែក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត៨ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១០ឆ្នាំខាងមុខ វៀតណាមនឹងត្រូវចំណាយពី ១០ ទៅជាង១១ពាន់លានដុល្លារក្នុងមួយឆ្នាំ លើវិស័យថាមពល

ព័ត៌មាន
ប្រទេសវៀតណាម មានផែនការនឹងចំណាយប្រមាណ ១០ទៅ ជាង១១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ លើការផលិត និងចែកចាយថ…

ADB ផ្ដល់កម្ចី ៤០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១៨ ខែតុលានេះ បានអនុម័តប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ