តួលេខអ្នកជំងឺកូវីដ-១៩ នៅកម្ពុជានៅតែមានកំណើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្ដែ រាជរដ្ឋាភិបាលបានមានការបន្ធូរបន្ថយការបិទខ្ទប់ជាងមុន លើកលែងតែតំបន់មានការផ្ទុះឆ្លងខ្លាំង គឺនៅបន្ដបិទខ្ទប់តឹងរឹងដដែល។ ជាក់ស្តែង តួលេខ កាលពីថ្ងៃទី ៩ ឧសភា ម្សិលមិញនេះ កម្ពុជារកឃើញអ្នកឆ្លងថ្មីចំនួន ៥២០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជាកើនឡើងដល់ជិត២ម៉ឺននាក់។
យើងសង្កេតឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរខែកន្លងមក។ ក្នុងរយៈពេលជាងពីរខែនេះកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ រហូតដល់ជាង១ម៉ឺន៨ពាន់នាក់ឯណោះ។
ទន្ទឹមនឹងនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជាបានកើនឡើងដល់១២០នាក់ ខណៈអ្នកជំងឺជាង១ម៉ឺន១ពាន់នាក់កំពុងសម្រាកព្យាបាល និងជាង៧ពាន់៦នាក់បានព្យាបាលជាសះស្បើយ។
ទន្ទឹមនឹងដាក់ចេញវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាកំពុងមមាញឹកជាមួយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋដែលកំពុងរស់នៅ និងស្នាក់នៅក្នុងតំបន់ ដែលប្រឈមខ្ពស់ក្នុងការចម្លង និងឆ្លងជំងឺកូវីដ-១៩។
ជាក់ស្តែង គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាមានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ សរុបជាង ១លាន៧១ម៉ឺននាក់ ក្នុងនោះអ្នកចាក់រួចពីរលើកមានចំនួនជាង១លាន១០ម៉ឺននាក់។ ដោយឡែកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហមសម្រេចបានជាង ៥ម៉ឺន១នាក់។ បើគិតមកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ សរុបជាង៣លានដូសហើយ៕