លោក វ៉ូ វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងក្នុងវេទិកាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា និងវៀតណាម កាលពីពេលថ្មីៗនេះថា កម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ចកើនឡើង ក្នុងរង្វង់៧% ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១២ មកទល់ឆ្នាំ ២០១៧ ហើយសន្តិសុខ សុវត្ថិភាពសង្គម ក៏ត្រូវបានរក្សាបានល្អដែរ។ លោកបន្ថែមថា សហគ្រាសនៃប្រទេសទាំងពីរមានការរីកលូតលាស់ គឺដោយសារតែមានការយកចិត្តទុកដាក់យ៉ាងជិតស្និទ ពីសំណាក់រដ្ឋាភិបាលប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ក៏បានឲ្យដឹងដែរថា ដើម្បីទាក់ទាញវិនិយោគិនវៀតណាម CDC បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយក្រសួងផែនការ និងការវិនិយោគវៀតណាម ហើយថ្មីៗនេះ ព្រមទាំងបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគជាច្រើនរបស់សហគ្រាសវៀតណាមផងដែរ។
មិនតែប៉ុណ្ណោះ CDC បានខិតខំក្នុងការផ្តល់យោបល់ដល់រាជរដ្ឋាភិបាល ក្នុងការកែសម្រួល និងផ្សព្វផ្សាយគោលនយោបាយថ្មី ក៏ដូចជាការបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេស រួមទាំងសហគ្រាសវៀតណាមផងដែរ។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជាវៀតណាម សម្រេចបានប្រមាណ ៣.៨០០ លានដុល្លារអាមេរិក ដែលមានកំណើន ២៩% ធៀបនឹងឆ្នាំ ២០១៦។
បើនិយាយក្នុងការវិនិយោគវិញ វៀតណាម ត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមកំពូលប្រទេសទាំង៥ ដែលបានវិនិយោគនៅកម្ពុជាច្រើនជាងគេ ពោលគឺគិតជាសរុបគម្រោង ដែលវៀតណាមបានមកវិនិយោគនៅកម្ពុជា មាន ២០៦ គម្រោង គិតជាទឹកប្រាក់មានតម្លៃ ៣ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានគម្រោងវិនិយោគចំនួន ១៨ និងមានតម្លៃទុនសរុប ៥៨ លានដុល្លារអាមេរិក បានវិនិយោគនៅក្នុងប្រទេសវៀតណាមផងដែរ៕