បន្ទាប់ពីធ្លាប់បានជាប់លេខ ១០០ នៃសន្ទស្សន៍ស្ដីពីការងើបឡើងវិញពីវិបត្តិកូវីដ១៩ នៅក្នុងចំណាត់ថ្នាក់ដែលបានចេញផ្សាយជាលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២១នោះ ឥឡូវនេះប្រទេសកម្ពុជា និងវៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយបានជាប់ចំណាត់ថ្នាក់កំពូលទាំង១០វិញក្នុងរយៈពេល ៤ ខែជាប់ៗគ្នាមកនេះ ហើយបើគិតក្នុងក្របខណ្ឌអាស៊ាន កម្ពុជា និងវៀតណាម គឺនាំមុខគេតែម្ដងក្នុងការដោះស្រាយបញ្ហាកូវីដ១៩នេះ។ នេះបើតាមការបង្ហាញរបស់សន្ទុស្សន៍ថ្មីចុងក្រោយមួយ ស្ដីពីការការងើបឡើងវិញពីវិបត្តិកូវីដ១៩ របស់សារព័ត៌មានជប៉ុន Nikkei Asia ដោយរបាយការណ៍ដដែលនេះ បានគូសបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានផ្សេងៗទៀតក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ បើធៀបនឹងឆ្នាំមុន។
សន្ទស្សន៍របស់សារព័ត៌មាន Nikkei នេះ គឺបានវាយតម្លៃប្រទេស និងតំបន់សរុបចំនួន ១២១ លើការគ្រប់គ្រងការឆ្លងជំងឺកូវីដ ការចែកចាយវ៉ាក់សាំង និងកម្រិតដើរហើរនៅក្នុងសង្គមក្នុងអំឡុងពេលជំងឺកូវីដនេះ។ ការផ្ដល់ចំណាត់ថ្នាក់កាន់តែខ្ពស់ គឺផ្ដោតលើការងើបឡើងវិញកាន់តែជឿនលឿនដោយកំណត់លើអត្រាឆ្លង និងមរណភាពមានកម្រិតទាប ការគ្របដណ្តប់លើការផ្ដល់វ៉ាក់សាំងកាន់តែប្រសើរ និងការរឹតបន្តឹងតិចជាងមុនលើការដើរហើរនៅក្នុងសង្គម។
ក្នុងការសង្កេតក្នុងរយៈពេល ១៥ ខែកន្លងមកនេះរបស់សារព័ត៌មាន Nikkei បានបង្ហាញថា សូម្បីតែប្រទេសដែលរងការផ្ទុះឡើងខ្លាំងដោយសារជំងឺកូវីដ១៩ ក៏អាចវិលមករកភាពដើមវិញបានដែរ ដោយចាប់ផ្ដើមជាមួយការចាក់វ៉ាក់សាំងតាមកំណត់ បន្ទាប់មកដោយជ្រើសរើសបន្ធូរបន្ថយវិធានការរឹតបន្តឹង។
ការងើបឡើងវិញពីវិបត្តិកូវីដរបស់ប្រទេសកម្ពុជា និងវៀតណាម បានប្រែក្លាយទៅជាទស្សនវិស័យសេដ្ឋកិច្ចកាន់តែភ្លឺស្វាង ហើយចុងក្រោយនេះធនាគារពិភពលោកក៏បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះផងដែរ។ ជាក់ស្ដែង ប្រទេសកម្ពុជាត្រូវបានព្យាករកំណើនសេដ្ឋកិច្ចដល់ ៤,៨% កើនពីអត្រា ៤,៥% ដែលបានព្យាកការកាលពីមុន ខណៈកំណើនសេដ្ឋកិច្ចរបស់វៀតណាមវិញ ត្រូវបានបងកើនដល់ដល់ ៧,២% ពោលគឺឡើងពី ៥,៣% ដែលបានព្យាករកាលពីមុន។ ធនាគារនេះពិភពលោក ក៏បានដំឡើងការព្យាករកំណើនសម្រាប់ប្រទេសម៉ាឡេស៊ីដល់ ៦,៤% និងថៃដល់ ៣,១% ផងដែរ។
ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៣៨នៅក្នុងសន្ទស្សន៍ស្ដីពីការធូរស្បើយពីជំងឺកូវីដ ខណៈដែលប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៧០ ចំណែកប្រទេសឡាវបានធ្លាក់ដល់លេខ ៨៩ កាលពីខែមុន ខណៈដែលហ្វីលីពីនធ្លាក់ដល់ចំណាត់ទី ១០១ ក្នុងចំណោមការវាយតម្លៃលើប្រទេស និងតំបន់សរុបចំនួន ១២១៕
អត្ថបទ៖ សុខ ជា