ចិន-អាមេរិក

តើវិធានការរឹតត្បិតរបស់អាមេរិក ធ្វើឲ្យឧស្សហកម្មផលិតឈីបនៅចិន នឹងដាំក្បាលធ្លាក់ចុះខ្លាំងយ៉ាងណាខ្លះ?


នៅទីបំផុត រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានសម្រេចដាក់ចេញវិធានការរឹតត្បិតក្នុងការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិនហើយ ដែលវាគឺជាភាពតានតឹងថ្មីមួយទៀតក្នុងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ វិធានការនេះ ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរគោលនយោបាយដ៏ធំបំផុតមួយរបស់អាមេរិក ចំពោះការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន ចាប់តាំងពីទសវត្សរ៍ទី៩០មក និងបន្ទាប់ពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Huawei។
អាមេរិក សម្រេចចេញវិធានការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅចិន

តើវិធានការចុងថ្មីចុងក្រោយរបស់អាមេរិក ជុំវិញការប្រកួតប្រជែងឧស្សាហកម្មបន្ទះឈីបជាមួយនឹងចិននេះ វានឹងអាចធ្វើឲ្យទីផ្សារបន្ទះឈីបរបស់ទីក្រុងប៉េកាំង នឹងប្រឈមនឹងមុខការដាំក្បាលចុះកម្រិតណា?

ការសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹងបំផុតរបស់អាមេរិក ទៅលើការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន កំពុងក្លាយជាចំណុចក្ដៅថ្មីមួយទៀត សម្រាប់ការប្រកួតប្រជែងរវាងមហាយក្សទាំងពីរនេះ ហើយចង់ ឬមិនចង់ វានបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មធុនធ្ងន់ និងអេឡិចត្រូនិចនៅក្នុងប្រទេសចិន ដែលត្រូវការឈីបជាចាំបាច់។

កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋបាល ចូ បៃឌិន បានចេញវិធានការគ្រប់គ្រងការនាំចេញ ក្នុងនោះ គឺផ្តោតលើការដាក់កំហិតការនាំចេញគ្រឿងបរិក្ខារអាមេរិកទៅឱ្យក្រុមហ៊ុនផលិតឈីបរបស់ចិន ដើម្បីបង្អាក់ និងពន្យឺតដំណើរអភិវឌ្ឍបច្ចេកវិទ្យារបស់មហាយក្សសេដ្ឋកិច្ចទី២ក្នុងពិភពលោកមួយនេះ និងមិនឱ្យបច្ចេកវិទ្យាទំនើបទាំងនោះធ្លាក់ចូលក្នុងដៃយោធាចិនបានឡើយ។ ក្នុងវិធានការនេះដែរ ក៏បានហាមឃាត់ពលរដ្ឋ និងក្រុមហ៊ុនអាមេរិក មិនឱ្យធ្វើការជាមួយក្រុមហ៊ុនឈីបចិនដាច់ខាត លុះត្រាតែមានការយល់ព្រមជាក់លាក់ណាមួយពីរដ្ឋាភិបាល។

ជាមួយគ្នានោះ ក្រុងវ៉ាស៊ិនតោន ក៏បានបន្ថែមការរឹតត្បិតទៅលើក្រុមហ៊ុនចិនមួយចំនួនទៀតដូចជា IFLYTEK, Dahua Technology និង Megvii Technology ជាដើម ដែលក្រុមហ៊ុនទាំងនេះ ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយអាមេរិកបានចោទប្រកាន់ថា ពួកគេមានពាក់ព័ន្ធនឹងការគាបសង្កត់លើជនជាតិភាគតិចអ៊ុយហ្គួ។

តាមការចុះផ្សាយរបស់ Reuters ឱ្យដឹងថា ការរឹតត្បិតរបស់អាមេរិក នឹងអាចជះឥទ្ធិពលដ៏អាក្រក់ទៅលើឧស្សាហកម្មផលិតឈីបរបស់ចិន ដោយបង្ខំឱ្យក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនបរទេសផ្សេងៗ ដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិក កាត់ផ្តាច់ការគាំទ្រសម្រាប់រោងចក្រចិន និងក្រុមហ៊ុនរចនាឈីបរបស់ប្រទេសមួយនេះ។

ជុំវិញវិធានការមិនសំចៃដៃរបស់អាមេរិកខាងលើនេះ ត្រូវបានចិនបញ្ចេញប្រតិកម្មភ្លាមៗវិញផងដែរ។ លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការរឹតត្បិតការនាំចេញរបស់អាមេរិកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាអន្តរជាតិ និងសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងភាពមិននឹងនរនៃស្ថិរភាពឧស្សហកម្មសកល ហើយក៏ជាឧបសគ្គនៃការងើបឡើងវិញសេដ្ឋកិច្ចពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Global Times។

មន្រ្តីរូបនេះបានអះអាងថា ការគាប់សង្កត់ផ្នែក នយោបាយ និងបច្ចេកវិទ្យាអាវុធ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អាមេរិក នឹងមិនអាចបញ្ឈប់ការអភិវឌ្ឍរបស់ចិនបានឡើយ ប៉ុន្តែវាបែរជាធ្វើឱ្យអាមេរិករងផលប៉ះពាល់ខ្លួនឯងទៅវិញទេ។

ជុំវិញបញ្ហាដ៏រសើបខាងលើនេះ អ្នកជំនាញបានមើលឃើញផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ពោលគឺប៉ះពាល់ដល់ប្រទេសទាំងពីរតែម្តង ទាំងអាមេរិក និងចិន។ លោក Paul Triolo អ្នកជំនាញអំពីប្រទេសចិន និងបច្ចេកវិទ្យា នៅក្រុមហ៊ុនទីប្រឹក្សា Albright Stonebridge បាននិយាយថា ក្នុងសមរភូមិនេះ នឹងមានអ្នកចាញ់ច្រើនជាងឈ្នះ ជុំវិញគោលនយោបាយរបស់អាមេរិក ដែលបានរីកសាយភាយក្នុងឧស្សាហកម្មបន្ទះសៀគ្វីនេះ។ នេះបើតាមការដកស្រង់សម្តីដោយសារព័ត៌មាន Financial Times៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កម្ពុជា និងវៀតណាមនាំមុខនៅអាស៊ាន ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ និងការស្ដារសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការដោះស្រាយវិបត្តិកូវីដ១៩បានល្អជាងគេ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ព…

ប្រទេសថៃ និងសិង្ហបុរីនឹងចុះហត្ថលេខាលើ MoUចំនួន៥ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី

ព័ត៌មាន
ប្រទេសថៃ និងសិង្ហបុរីគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៥ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា វិស័យកសិកម្ម និងអាជីវកម្មប្រកបដោយនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ