នៅថ្ងៃទី៦ ខែកក្កដានេះ កម្ពុជាបានទទួលនូវវ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ-១៩ ចំនួន ១ដូសបន្ថែមទៀតក្រោមការបញ្ជាទិញរដ្ឋាភិបាលកម្ពុជាពីប្រទេសចិន។ ក្រោយការមកដល់នៃវ៉ាក់សាំងស៊ីណូហ្វាម១លានដូសថ្មីនេះ បានធ្វើឱ្យចំនួនវ៉ាក់សាំងដែលកម្ពុជាទទួលបានសរុបមកទល់ពេលនេះមានប្រមាណជាង ១០លានដូសហើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់កាលពីថ្ងៃទី ០១ ខែកក្កដា បានឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងពីប្រទេសចិនចំនួន៤លានដូសបន្ថែមទៀតនៅថ្ងៃទី១០ ខែកក្កដា ដោយក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ១លានដូស និង ស៊ីណូវ៉ាក់ ៣លានដូស ខណៈដែលនៅខែសីហា នឹងទទួលបាន៤លានដូសបន្ថែមទៀត ដូច្នេះ គិតដល់ខែសីហា កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុប២០លានដូស គ្រប់ចំនួនគោលដៅចាក់ជូនពលរដ្ឋ១០លានហើយ។
គួរជម្រាបផងដែរថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែកក្កដានេះមានអ្នកចាក់វ៉ាក់សាំងលើកទី១សរុបប្រមាណជាង៤លាន ៦សែននាក់ខណៈដែលអ្នកទទួលបានវ៉ាក់សាំងលើកទី២ចំនួនប្រមាណជាង៣លាននាក់ សរុបជារួមកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំង ៤៦% ហើយបើធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
គិតត្រឹមថ្ងៃទី៦ ខេកក្កដានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៥៦.១២២នាក់, អ្នកជាសះស្បើយសរុប ៤៨.០៤០នាក់ និងករណីស្លាប់សរុប ៧៧៩។ តួលេខអ្នកឆ្លងថ្មីសម្រាប់ថ្ងៃទី ០៦ខែកក្កដា មាន៩៣៥នាក់ ជាសះស្បើយ៦៥៤នាក់ និងស្លាប់៣១នាក់៕
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ថ្មីៗនេះ ក៏ទើបតែបានប្រកាសដាក់ចេញយុទ្ធសាស្រ្តថ្មីៗក្នុងការព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖ ១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព, ២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល, ៣-រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ៤-ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែមដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៥-ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ៕
អត្ថបទដោយ៖ ស៊ើង និមល់