ដើម្បីឲ្យថ្លៃដឹកជញ្ជូនមានភាពល្អប្រសើរ និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ អ្នកជំនាញបានផ្តល់ជាគំនិតថា កម្ពុជាគួរអនុវត្តប្រព័ន្ធអេកូឡូស៊ីលើវិស័យដឹកជញ្ជូន និងរៀបចំមជ្ឈមណ្ឌលទទួល និងបែងចែកទំនិញនៅតាមតំបន់សក្តានុពលមួយចំនួនជាដើម។ យ៉ាងណាក៏ដោយចុះ ទោះបីពិភពលោករួមទាំងកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែជារួមវិស័យឡូជីស្ទីករបស់កម្ពុជានៅឆ្នាំ២០២១ ត្រូវបានអ្នកជំនាញវាយតម្លៃថា នៅតែមានភាពល្អប្រសើរ ទោះការដឹកជញ្ជូនទៅកាន់គោលដៅខ្លះមានតម្លៃខ្ពស់ក៏ដោយ។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុបបានចាត់ទុកវិស័យដឹកជញ្ជូនជាសរសៃឈាមមួយក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា ដែលរួមមានវិស័យសក្តានុពលទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងអចលនទ្រព្យ និងសំណង់។ កត្តានេះតម្រូវឲ្យកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យមួយនេះ ដើម្បីស្រូបទាញការវិនិយោគពីក្រៅប្រទេស ក៏ដូចជាប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះជឿជាក់ថា កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែងជាមួយប្រទេសដទៃក្នុងការជំរុញកំណើនការនាំចេញ និងទាក់ទាញវិនិយោគិនបរទេស ប្រសិនបើថ្លៃដឹកជញ្ជូនមានតម្លៃខ្ពស់ជាងប្រទេសទាំងនោះ។
អ្នកជំនួញ និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកដ៏ល្បីនៅកម្ពុជារូបនេះ មើលឃើញថា កត្តាដែលធ្វើឲ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាមានថ្លៃខ្ពស់ជាងប្រទេសជិតខាងដោយសារកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យដឹកជញ្ជូន ព្រោះកន្លងមកការនាំចេញទំនិញរបស់កម្ពុជាតាមផ្លូវទឹកត្រូវលើកផ្ទេរនៅកំពង់ផែតាមប្រទេសមួយចំនួន មុនដឹកបន្តទៅប្រទេសគោលដៅ។ មួយវិញទៀត ការប្រើប្រាស់រថយន្តចាស់ៗ កង្វះធនធានមនុស្ស បច្ចេកវិទ្យា និងការគ្រប់គ្រងមិនបានល្អក្នុងការដឹកជញ្ជូនក្នុងស្រុក ក៏ជាកត្តារួមចំណែកផងដែរ។
ពាក់ព័ន្ធបញ្ហាតម្លៃដឹកជញ្ជូននេះដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាទទួលស្គាល់ថា តម្លៃដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសពិតមានតម្លៃថ្លៃជាងប្រទេសជិតខាងពិតប្រាកដមែន ដោយសារកម្ពុជាពុំមានកំពង់ទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ធំៗចូលចតបានដូចប្រទេសជិតខាងមួយចំនួន។ កត្តានេះតម្រូវឲ្យទំនិញដែលនាំចេញពីកម្ពុជាទៅកាន់គោលដៅទីផ្សារឆ្ងាយៗ ត្រូវលើកដាក់ផ្ទេរនៅតាមប្រទេសមួយចំនួនមុនដល់គោលដៅ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនមានការកើនឡើងមួយកម្រិតទៀត។ តែយ៉ាងណាអ្នកជំនាញរូបនេះ អះអាងថា ការដឹកជញ្ជូនទំនិញក្នុងស្រុកមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃដឹកជញ្ជូនរបស់ប្រជិតខាងដែរ តែមានការដឹកជញ្ជូនខ្លះអាចថ្លៃជាង។
យ៉ាងណាក៏ដោយចុះ ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា វិស័យឡូជីស្ទីក ដែលមានការដឹកជញ្ចូនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសហាក់មានភាពល្អប្រសើរឡើងវិញបន្តិចហើយនៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីស្ថានភាពការឆ្លងរាលនៃជំងឺកូវីដ-១៩ នៅកម្ពុជានិងប្រទេសមួយចំនួនលើពិភពលោកមានភាពធូរស្បើយ គួបផ្សំការប្រកាសបើកប្រទេសឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវអាកាសមិនទាន់មានការរីកចម្រើនខ្លាំងនៅឡើយទេ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក។
បើតាមអ្នកជំនាញ ក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីក បានវាយតម្លៃថា វិស័យដឹកជញ្ជូនរបស់កម្ពុជានៅក្នុងឆ្នាំ២០២១ នៅតែរក្សាបាននូវកំណើនក្នុងកម្រិតតិចតួច ទោះបីជួបបញ្ហាកង្វះទូរកុងតឺន័រ តម្លៃដឹកជញ្ជូនឡើងថ្លៃ និងមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ បន្ថែមពីនេះ អ្នកជំនាញសង្ឃឹមថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុពីកំពង់ផែទឹករាក់ មកកំពង់ទឹកជ្រៅរួចរាល់ ព្រមជាមួយមានការបើកជើងហោះហើរទូលំទូលាយឡើងវិញផងនោះ វានឹងជួយស្តារ និងជំរុញកំណើននៃការដឹកជញ្ជូន និងនាំចេញទំនិញឲ្យកានតែល្អប្រសើរថែមទៀត៕