ការកើនឡើងទំហំចំណាយនេះ ក៏ដោយសារតែមានករណីឆ្លងរាលដាលកូវីដ-១៩កើនឡើង ពិសេសមេរោគបំប្លែងថ្មីឌែលតា ខណៈដែលនៅឆ្នាំ២០២២ រាជរដ្ឋាភិបាលត្រៀមនឹងចំណាយជិត ១ពាន់លានដុល្លារបន្ថែមទៀតផងដែរ។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីការឈ្វេងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសារធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា សម្ទុះនៃការកើនឡើងនូវចំនួនករណីនាំចូលមេរោគកូវីដ១៩ ពិសេស ប្រភេទមេរោគបំប្លែងថ្មីឌែលតា(Delta) នឹងធ្វើឲ្យទំហំថវិកាចំណាយទៅលើការអន្តរាគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាក្នុងឆ្នាំ២០២១នេះអាចនឹងឈានទៅដល់ប្រមាណ១.៤៥៤លានដុល្លាអាមេរិក។
នៅក្នុងនោះ មានការចំណាយលើកម្មវិធីទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ អាចឡើងដល់ប្រមាណ ៧៤០លានដុល្លារអាមេរិក បើធៀបនឹងគម្រោងកាលពីដើមឆ្នាំ មានត្រឹមតែ ៣០ លានដុល្លារអាមេរិក (នេះមិនទាន់គិតការទិញវ៉ាក់សាំង) ដែលនៅពេលនោះ កម្ពុជាយើងគ្រប់គ្រងសភាពការណ៍បានល្អ និង បានរំពឹងទុកថា ការចាប់ផ្ដើមចាក់វ៉ាកសាំងនៅដើមខែកុម្ភៈ ឆ្នាំ២០២១ នឹងជួយឲ្យការឆ្លងជំងឺកូវីដ១៩ កាន់តែធូរស្បើយជាងមុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន បានបន្ថែមទៀតថា ការកើនឡើងយ៉ាងគំហុកនៃបន្ទុកចំណាយលើផ្នែកសុខាភិបាល និង សង្គម នឹងធ្វើឲ្យឱនភាពថវិកាឆ្នាំ២០២១ រីកធំរហូតដល់ ជាង១១% នៃផលិតផលក្នុងស្រុកសរុប ខ្ពស់ជាងការគ្រោងទុកក្នុងច្បាប់ថវិកាប្រមាណជិត២ភាគរយ។
ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងដែរថា ចំពោះថវិកាដែលបាននិងកំពុងចំណាយនាពេលកន្លងមកនេះ មិនត្រឹមតែប្រើប្រាស់លើការទប់ទល់ការឆ្លងរីករាលដាលកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បានប្រើប្រាស់ក្នុងការជួយជំរុញនិងសង្គ្រោះជីវភាពពលរដ្ឋងាយរងគ្រោះប៉ះពាល់ដោយសារតែកូវីដ-១៩ប្រមាណ ៣លាននាក់ផងដែរ។
គួរបញ្ជាក់ផងដែលថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្ដល់ថវិកាទៅលើការចំណាយ
ចាំបាច់នានា សម្រាប់ការទប់ទល់ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ដោយក្នុង សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានត្រៀមនូវការដាក់ចេញនូវកញ្ចប់ថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណជិត ១.០០០ លានដុល្លាអាមេរិកទៀត សំដៅទៅលើការបន្តប្រយុទ្ធប្រឆាំងការពារអាយុជីវិតប្រជាជនកម្ពុជា ព្រមទាំងបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅជំរុញឡើងវិញជាបណ្ដើរៗ នូវក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដែលមានស្រាប់ និងដែលជាសក្ដានុពលថ្មីៗស្របទៅតាមបរិបទ( គន្លងប្រក្រតីភាពថ្មី)៕
អត្ថបទ៖ ហួន ស្រីនីត