សេដ្ឋកិច្ចកម្ពុជា

តើនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើនបានកម្រិតណា ខណៈកូវីដ-១៩ ប្រភេទ ឌែលតា កំពុងរាតត្បាតកាន់តែខ្លាំង?


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថ្មីចុងក្រោយនេះថា សេដ្ឋកិច្ចរបស់កម្ពុជានឹងរក្សាបានកំណើនក្នុងរង្វង់ ២,៤%នៅឆ្នាំ២០២១នេះ ពោលគឺទាបជាងការព្យាករកាលពីដើមឆ្នាំដែលធ្លាប់រំពឹងមានកំណើន៤% ខណៈដែលនៅឆ្នាំ២០២២ខាងមុខឯណោះវិញ រំពឹងថានឹងកើនដល់៤,៨%។ ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅពេលនេះ គឺធ្វើឡើងក្រោយក្រសួងសេដ្ឋកិច្ចបានមើលឃើញថា ការឆ្លងរីករាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបង្កប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១ឆ្នាំកន្លះកន្លងមកនេះ។
ទិដ្ឋភាពទីក្រុងភ្នំពេញ រូបភាព៖​ អេង ថារិទ្ធ

អ្នកជំនាញ​ក្នុង​វិស័យសេដ្ឋកិច្ច គាំទ្រ​ចំពោះ​ការ​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច​។​ប៉ុន្តែ​ទោះបីជា កម្ពុជា​មានការ​រំខាន​ពី​កូ​វី​ដ​-១៩ តែ​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​គម្រោង​ថ្មី​ៗ​នៅ​តែ​បន្ត​មាន​ជា​ហូរហែ ខណៈ​ចំណូល​ពន្ធ​ផ្សេង​ៗ នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​។ ទន្ទឹម​នឹង​នេះ ក្រសួង​សេដ្ឋកិច្ច​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​សម្រេច​បាន​ល្អ​ជាង​ឆ្នាំ​នេះ​ដល់​ទៅ ៤,៨% នៅ​ឆ្នាំ​២០២២ ខាង​មុខ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​អះអាង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ទម្លាក់​មក​នៅ​ត្រឹមតែ ២,៤% ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២១ ខណៈ​ការ​ព្យាករ​កាលពី​ដើមឆ្នាំ សេដ្ឋកិច្ច​កម្ពុជា​រំពឹង​មាន​កំណើន​រហូត​ដល់​៤%​ឯណោះ​។ ការ​វាយតម្លៃ​ទម្លាក់​កំណើនសេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​កម្ពុជា​មានការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សកម្មភាព និង ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ​។

អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​កត់សម្គាល់​ឃើញ​ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​គំរាមកំហែង​យ៉ាង​ខ្លាំងក្លា​ដល់​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា ជា​ពិសេស​បាន​និង​កំពុង​បន្ទច់បង្អាក់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្ម ដែល​បាន​ទាញ​ទម្លាក់​យ៉ាង​គំហុក​ដល់​វិស័យ​ទេសចរណ៍​, អចលនទ្រព្យ​, សំណង់ និង វិស័យ​លក់ដុំ​លក់រាយ ដែល​ជា​សកម្មភាព​ប្រើប្រាស់​ក្នុងស្រុក​។ ខ​រណៈ​បច្ចុប្បន្ន​ការ​ឆ្លង​រីក​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី​ដែល​តា នៅ​តែ​បន្ត​វាយលុក​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់​ទុក​ការ​ព្យាករណ៍​ទម្លាក់​កំណើនសេដ្ឋកិច្ច​កម្ពុជា​មក​ត្រឹម​២,៤% នៅ​ឆ្នាំ​២០២១ មិនមែន​ជា​តួលេខ​អាក្រក់​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​សេដ្ឋកិច្ច​កម្ពុជា​មានការ​ធ្លាក់​ចុះ​រហូត​ដល់​-៣,១% ។ ប៉ុន្តែ ឯកឧត្តម​បណ្ឌិត​វ​ង្សី វិស្សុត បាន​វាយតម្លៃ​ថា ស្ថានភាព​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ វា​មានការ​លំបាក​ជាង​ឆ្នាំ​២០២០​។ វា​លំបាក​ពីព្រោះ​តែ​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ​២០២១ មាន​រយៈពេល​វែង​ជាង​ឆ្នាំ​២០២០ ដែល​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ និង រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កាច​សាហាវ​មួយ​នេះ​។ 

ពាក់ព័ន្ធ​នឹង​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​នេះ​ដែរ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​មើលឃើញ​ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បង្ហាញ​ភាពល្អ​ប្រសើរ មិន​មានការ​ប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ទោះបី​មានការ​អុកឡុក​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ក៏​ដោយ​។ ជាក់ស្តែង បណ្ឌិត ហុង វណ្ណៈ បាន​សង្កេត​ឃើញ​ថា ការ​នាំ​ចេញ​ផលិត​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ នៅ​ក្នុង វិស័យ​មួយ​ចំនួន​នៅ​តែ​រក្សា​បាន​កំណើន ហើយ​បើ​ធ្លាក់​ចុះ ក៏​ធ្លាក់​ចុះ​តិចតួច​ដែរ​។ មួយវិញទៀត ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ពី​សំណាក់​វិនិយោគិន​បរទេស​នៅ​តែ​មាន​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​លោក​ជឿជាក់​ថា កម្ពុជា​នឹង​អាច​សម្រេច​បាន​កំណើន​ដូច​ការ​ព្យាករណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថិ​នៅ​ឆ្នាំ​នេះ​។

ជុំវិញ​ទៅ​នឹង​ស្ថានភាព​កូ​វី​ដ​១៩​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ ត្រូវ​បាន ឯកឧត្តម​បណ្ឌិត វ​ង្សី វិស្សុត កត់សម្គាល់​ឃើញ​ថា កម្ពុជា ក៏​ដូច​ជា​លើ​ពិភពលោក​ទាំងមូល​នៅ​មិន​ទាន់​បាន​បង្ហាញ​ពី​សញ្ញា​ថមថយ​នៅឡើយ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ច្បាស់​ថា ជំងឺ​រាតត្បាត​ជាស​កល​មួយ​នេះ​នឹង​ផុតរលត់​ពី​ភព​ផែនដី​នៅ​ពេល​ណា​នោះ​ដែរ​។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ប្រៀប​បាន​ដូច​ជា​ទូក កំពុង​តែ​ស្ថិត​នៅ​កណ្តាល​សមុទ្រ ឬ​ទន្លេ ដែល​ពុំ​ទាន់​មាន​ត្រើយ​សម្រាប់​ចុះ​ចត​នោះ​ឡើយ​។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ សង្កេត​ឃើញ​ថា នៅ​ឆ្នាំ​២០២០ ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប៉ែក​អឺរ៉ុប​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​នៅ​តំបន់​អាស៊ី​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២១ នេះ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តំបន់​អឺរ៉ុប​ហាក់​ធូរស្បើយ​ជាង​តំបន់​អាស៊ី​វិញ ដោយសារ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​ភាគច្រើន​ជា​ប្រទេស​អ្នកមាន ពួក​គេ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ពួក​គេ​។ ឯកឧត្តម​បណ្ឌិត វ​ង្សី វិស្សុត ចាត់​ទុក​វិបត្តិ​កូ​វី​ដ​-១៩ ជា​សម័យ​ដែល​ប្រទេស​អ្នកមាន​កាន់តែ​មាន ប្រទេស​អ្នកក្រ​កាន់តែ​ដុនដាប​ថែម​ទៀត​។

គួរ​រំលឹក​ថា កាលពីដើម​ឆ្នាំ​២០២១ ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កំណើន​ក្នុង​៤% ក្នុង​ករណី​មិន​មានការ​រំខាន​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ខ្លាំងក្លា​។ ប៉ុន្ដែ ក្រោយ​ផ្ទុះ​ឆ្លង​កូ​វី​ដ​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្រសួង​សេដ្ឋកិច្ច​វាយតម្លៃ​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ថា អាច​ធ្លាក់​មក​នៅ​ត្រឹម​២,៤% នៅ​ឆ្នាំ​២០២១​។ ជាមួយ​គ្នា​នេះ​ក្រសួង​សេដ្ឋកិច្ច​បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​សម្រេច​បាន​ក្នុង​អត្រា​៤,៨%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជានឹងផ្ដោតលើផែនការយុទ្ធសាស្ត្រធំៗអ្វីខ្លះ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ ២០២១-២០២៣?

ព័ត៌មាន
វិបត្តិសេដ្ឋកិច្ច និងរោគរាតត្បាតទូទាំងសកលលោកដោយសារការឆ្លងរាតត្បាតជំងឺ កូវីដ-១៩ បានបង្កការគំរាមកំហែងខ្លាំងមែនទែនមកលើសេដ្ឋកិច្ចកម្ពុជា រួ…

តើកម្ពុជានឹងចំណាយប៉ុន្មាននៅឆ្នាំ២០២១ ដើម្បីប្រយុទ្ធទប់ទល់នឹងកូវិដ-១៩ ហើយឆ្នាំក្រោយត្រៀមប៉ុន្មានបន្ថែមទៀត?

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅក្នុងឆ្នាំ២០២១នេះ ទំហំនៃថវិកាចំណាយអន្តរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ