ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍នៅកម្ពុជានូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨។ ឯកឧត្ដម បានបន្តថា តំណាងជ័យលាភីកម្ពុជាដែលបានឡើងទទួលពានរង្វាន់នោះ រួមមាន តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។
ជាមួយគ្នានេះ ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់ដែរថា ជ័យលាភីនិងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន ទី១. រង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ ដែលមានទីតាំងក្នុងខេត្តកោះកុង ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត និងផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ ទី២. រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ គឺ សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍អន្លង់ធំ ក្នុងខេត្តសៀមរាប។ ទី៣. រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងទី៤. រង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤ ផងដែរ។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តទៀតថា តាមរយៈការទទួលជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣នេះ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធជាច្រើន និងការរៀបចំព្រឹត្តិការណ៍ធំៗប្រកបដោយជោគជ័យខ្ពស់កន្លងមកនៅកម្ពុជា បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា កម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញច្រើនសម្រាប់ទៅលេងកម្សាន្តប្រកបដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង។ ស្របពេលជាមួយដែលកម្ពុជាកំពុងផ្សព្វផ្សាយពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ និងកំពុងត្រៀមខ្លួនឆ្ពោះទៅការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំនៅកម្ពុជា ខណៈចលនាទេសចរណ៍ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាណមួយផ្តល់នូវទំនុកចិត្ត និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ។
សូមបញ្ជាក់ថា អាស៊ានបានផ្តល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដា ផ្ទះស្នាក់ស្តង់ដាអាស៊ានចំនួន៤៣, សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានចំនួន២៩, បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានចំនួន៤៨ និងសេវាស្ប៉ាស្តង់ដាអាស៊ានចំនួន៣៨ ផងដែរ៕