ទីផ្សារជ័រកៅស៊ូ

អ្នកជំនាញមិនលើកទឹកចិត្តឱ្យកសិករកាប់​ដំណាំចាស់ចោល ហើយងាកមកដាំកៅស៊ូនោះទេ ទោះទីផ្សារជ័រកៅស៊ូមានស្ថិរភាពល្អ


ទីផ្សារជ័រកៅស៊ូ ឬមាសសនៅកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមាន និងមានស្ថិរភាពយ៉ាងរឹងមាំ ដោយសារកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុក និងការបញ្ជាទិញពីទីផ្សារអន្តរជាតិហក់ឡើងជាបន្តបន្ទាប់។ កត្តានេះបានស្តារទំនុកចិត្ត និងទាញអារម្មណ៍អ្នកវិនិយោគក្នុងវិស័យកសិកម្មឱ្យចាប់ផ្តើមសម្លឹងមើលការងាកមកដាំដុះកៅស៊ូឡើងវិញ ដែលអាចរុញច្រានឱ្យផ្ទៃដីដាំដុះកៅស៊ូនានានៅកម្ពុជា មានការរីកធំធាត់ជាថ្មី។
ទីផ្សារជ័រកៅស៊ូ
ដោយ

យ៉ាងណាមិញ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា មិនលើកទឹកចិត្តឱ្យកសិករកាប់ដំណាំចាស់ៗ ដែលកំពុងប្រមូលផលចោល ដើម្បីមកដាំកៅស៊ូតាមចរន្តនោះទេ ដោយសារដំណាំកសិកម្មត្រូវទាមទារការគណនាផលចំណេញ និងពេលវេលាវែងឆ្ងាយ។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា តម្រូវការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ការផលិតសំបកកង់រថយន្តក្នុងស្រុក និងពីក្រៅប្រទេសបានធ្វើឱ្យជ័រកៅស៊ូរបស់កម្ពុជា មានទីផ្សារល្អប្រសើរជាងមុន។ ជាក់ស្ដែងនៅក្នុងត្រីមាសទី២ ឆ្នាំនេះ តម្លៃជ័រកៅស៊ូមានការកើនឡើងជាមធ្យមប្រមាណ១០០ដុល្លារក្នុង១តោន បើធៀបនឹងត្រីមាសទី១ឆ្នាំនេះ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើតម្លៃកៅស៊ូនៅតែបន្តកើនឡើង ឬមានស្ថិរភាពនោះនឹងធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនពីអ្នកស្រលាញ់វិស័យកសិកម្ម ហើយអាចធ្វើឱ្យមានការផ្លាស់ប្ដូរនូវមុខដំណាំមួយចំនួនដោយងាកមកដាំកៅស៊ូជំនួសវិញ ដែលនឹងធ្វើឱ្យផ្ទៃដីដៃកៅស៊ូនៅកម្ពុជា មានការកើនឡើងបន្ថែមទៀត។ ទោះជាយ៉ាងណាប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា មិនលើកទឹកចិត្តឱ្យកសិករកាប់ដំណាំដែលកំពុងអាស្រ័យផលចោលហើយងាកមកដាំកៅស៊ូជំនួសនោះទេ តែត្រូវចេះពិចារណាក្នុងការទទួលបានទិន្នផល និងប្រាក់ចំណេញ។

ដោយឡែកឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា តម្រូវការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកៅស៊ូប្លាស្ទីកចំនួន១៩៩កន្លែង និងមានរោងចក្រផលិតសំបកកង់រថយន្តចំនួន១១រោងចក្រ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ នៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជា នាំចេញជ័រកៅស៊ូទៅទីផ្សារអន្តរជាតិ សម្រេចបានប្រមាណ១ពាន់លានដុល្លារកើនឡើង៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតមកទល់ពេលនេះ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័របានមានប្រមាណ៧៧% និងផ្ទៃដីថែទាំមាន២៣%។ ជាមួយគ្នានេះផ្ទៃដីកៅស៊ូវិនិយោគមានចំនួន៤ម៉ឺន៦ពាន់ហិកតា ស្មើនឹង១០% ផ្ទៃដីកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានចំនួនជាង១៧ម៉ឺនហិកតាស្មើនឹង៤០% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២២ម៉ឺនហិកតាស្មើនឹង៥០%៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


យន្តការលើកលែងពន្ធនាំចូលបានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី តែជះផលប៉ះពាល់ដល់ក្រុមហ៊ុនផ្គុំ និងដំឡើងក្នុងស្រុក

និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងស្ទុះហក់ឡើងយ៉ាងគំហុកមិនធ្លាប់មាន។ កត្តានេះកើតឡើងដោយសារសម្ពាធ នៃការឡើងថ្លៃប្រេ…

ឧស្សាហកម្មនាំចេញសំខាន់ៗ៨ តម្លៃជាង៥០ពាន់លានដុល្លាររបស់ថៃ ប្រឈមនឹងការត្រួតពិនិត្យពីគយអាម៉េរិក លើករណីបន្លំប្រភពដើមទំនិញ

ឧស្សាហកម្មនាំចេញដ៏មានសក្តានុពលចំនួន៨របស់ថៃ ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៥២ពាន់លានដុល្លារ កំពុងប្រឈមនឹងសម្ពាធ និងការរឹតបន្តឹងលើការត្រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ