នាយករដ្ឋមន្ត្រីបន្ទាប់របស់អង់គ្លេស

តើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី បន្ទាប់ពីការចាកចេញរបស់លោក គែរ ស្តាមម័រ?


កៅអីនាយករដ្ឋមន្រ្តីអង់គ្លេសមិនដែលផ្តល់នូវភាពស្រណុកសុខស្រួល ឬភាពកក់ក្តៅយូរអង្វែងសោះឡើយសម្រាប់បុគ្គល ដែលឡើងមកក្តោបក្តាប់អំណាចដឹកនាំប្រទេសមួយនេះ។ នៅក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅទីក្រុងឡុងដ៍ បានប្រែប្រួលយ៉ាងគំហុក ពេលខ្លះក្តៅ ពេលខ្លះត្រជាក់ ហើយអ្នកដែលឡើងមកអង្គុយលើកៅអីកំពូលនេះ កម្រនឹងអាចកាន់តំណែងបានជាប់លើសពី២ឆ្នាំណាស់។
នាយករដ្ឋមន្ត្រីបន្ទាប់របស់អង់គ្លេស
ដោយ

លោក គែរ ស្តាម័រ (Keir Starmer) នាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន ក៏មានជោគវាសនាបែបនេះដែរ ដោយលោកបានសម្រេចចិត្តចាកចេញពីតំណែងទាំងដែលគ្រងកៅអីមិនទាន់បាន២ឆ្នាំពេញស្រួលបួលផង។ នៅចំពោះមុខនៃការផ្លាស់ប្តូរដ៏រសើបនេះ តើបេក្ខភាពរូបណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបន្ទាប់?
សារព័ត៌មាន CBS News បានរាយការណ៍ថា ពិភពលោក និងប្រជាជាតិអង់គ្លេសទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក គែរ ស្តាម័រ បានប្រកាសជាផ្លូវការនៅដើមសប្តាហ៍នេះថា លោកនឹងដើរចេញពីតំណែង។ ការប្រកាសលាលែងនេះបានធ្វើឡើងក្នុងរយៈពេលមិនដល់ពីរឆ្នាំផង បន្ទាប់ពីលោកបានដឹកនាំគណបក្សពលករ ដែលមាននិន្នាការកណ្តាលឆ្វេងនិយមឱ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកន្លងទៅ។ ទោះជាយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍ចាកចេញ លោក ស្តាម័រ បានសន្យាថា នឹងធានាឱ្យមានការផ្ទេរអំណាចមួយដ៏មានរបៀបរៀបរយបំផុត ដោយចក្រភពអង់គ្លេសរំពឹងថា នឹងអាចទទួលនាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងជាផ្លូវការនៅក្នុងរង្វង់ខែកញ្ញា ខាងមុខ។

អ្នកវិភាគបានគូសបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោក ស្តាម័រ ធ្លាក់ចុះរហូតដល់ថ្នាក់រង្គោះរង្គើ និងជួបផ្លូវទាល់ច្រកបែបនេះ គឺដោយសារតែសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលមិនទាន់មានដំណោះស្រាយជាក់លាក់ រួមផ្សំនឹងអសមត្ថភាពក្នុងការស្វែងរកវឌ្ឍនភាព ឬដំណោះស្រាយយូរអង្វែងលើបញ្ហាវិបត្តិអន្តោប្រវេសន៍ខុសច្បាប់ ដែលជាចំណុចរសើបបំផុតសម្រាប់អ្នកបោះឆ្នោតអង់គ្លេស។ ភ្លាមៗក្រោយការប្រកាសលាលែងពីតំណែងដ៏រង្គោះរង្គើនេះ ទាំងសហគមន៍អ្នកវិភាគនយោបាយ និងមហាជនទូទៅបានងាកទៅផ្តោតការយកចិត្តទុកដាក់ស្ទើរទាំងស្រុងទៅលើបុគ្គលតែម្នាក់គត់ ដែលត្រូវបានគេមើលឃើញថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្រោចស្រង់ស្ថានការណ៍ ពោលគឺលោក អេនឌី បឺនហាម (Andy Burnham)។

លោក បឺនហាម មិនមែនជាមុខមាត់ថ្មីនៅក្នុងឆាកនយោបាយអង់គ្លេសនោះទេ លោកគឺជាអ្នកនយោបាយដ៏លេចធ្លោ និងមានឥទ្ធិពលម្នាក់នៅក្នុងជួរគណបក្សពលករ ហើយរហូតមកដល់ពេលនេះ លោកកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សមាជិកសភា និងអ្នកនយោបាយអង់គ្លេសជាច្រើនរូប។
ក្រោយគណបក្សពលករបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋាន ក៏ដូចជាការដាំក្បាលចុះ នៃប្រជាប្រិយភាពរបស់លោក គែរ ស្តាមម័រ នៅមួយរយៈចុងក្រោយនេះសមាជិកសំខាន់ៗជាច្រើននៅក្នុងបក្សបានបង្ហាញជំនឿចិត្តរួមគ្នាថា មានតែលោក អេនឌី បឺនហាម ប៉ុណ្ណោះ ដែលអាចក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការស្តារ និងនាំយកប្រជាប្រិយភាពរបស់គណបក្សពលករឱ្យងើបឡើងវិញ។ មិនតែប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់ និងក្រុមអ្នកគាំទ្រគណបក្សពលករជាច្រើនមើលឃើញថា លោក បឺនហាម គឺជាក្តីសង្ឃឹមដ៏ល្អបំផុត និងជាខែលការពារដ៏រឹងមាំ ក្នុងការទប់ទល់នឹងការហក់ឡើងនៃប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ នៃគណបក្សកំណែទម្រង់អង់គ្លេស ដែលកំពុងដឹកនាំដោយអ្នកនយោបាយស្តាំនិយម លោក នីជេល ហ្វារ៉ាហ្គ (Nigel Farage) ដែលជាបុគ្គលមានទំនោរនយោបាយទៅរកប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ។ ជម្រើសដើរឆ្ពោះទៅរកលោក អេនឌី បឺនហាម នៅពេលនេះ មិនត្រឹមតែជាការស្វែងរកអ្នកដឹកនាំរដ្ឋាភិបាលថ្មីនោះទេ ប៉ុន្តែគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីរៀបចំជោគ​វាសនានយោបាយ និងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសឱ្យរួចផុតពីវិបត្តិនយោបាយដ៏រ៉ាំរ៉ៃផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ លែងស្ថិតក្នុងក្រសែភ្នែករបស់ក្រុមមហាសេដ្ឋី?

និន្នាការនៃការប្តូរទីលំនៅរបស់ក្រុមកំពូលមហាសេដ្ឋីពិភពលោកកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ផ្អែកតាមរបាយការណ៍ស៊ើបអង្កេតថ្មីមួយពីក្រុមហ៊…

អ៊ីរ៉ង់នៅតែទាមទារគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស ទោះអាម៉េរិកព្រមដោះលែងលុយបង្កក ១២ពាន់លានដុល្លារ

សញ្ញាវិជ្ជមានជាប្រវត្តិសាស្ត្រក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា បានលេចរូបរាងឡើងហើយ បន្ទាប់ពីកិច្ចចរចាដ៏ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ