វិស័យការពារជាតិ

អូស្ត្រាលី និងកាណាដា ចាប់ដៃគ្នាសាងសង់ប្រព័ន្ធរ៉ាដា ដែលអាចឃ្លាំមើលគោលដៅរាប់ពាន់គីឡូម៉ែត្រ


ប្រទេសអូស្ត្រាលី និងកាណាដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់ប្រព័ន្ធរ៉ាដាទំនើបរយៈចម្ងាយឆ្ងាយដ៏មានអានុភាពមួយសម្រាប់ដាក់ពង្រាយនៅក្នុងប្រទេសកាណាដា។ នេះត្រូវបានកត់ត្រាទុកជាកិច្ចព្រមព្រៀងយុទ្ធោបករណ៍ការពារជាតិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អូស្ត្រាលី។
វិស័យការពារជាតិ
ដោយ

ប្រព័ន្ធរ៉ាដានេះមានសមត្ថភាពឃ្លាំមើល និងផ្តល់សញ្ញាព្រមានជាមុននៅទូទាំងភាគខាងជើងប្រទេសកាណាដា ធ្លាយចូលទៅដល់តំបន់ប៉ូលខាងជើង ឬតំបន់អាក់ទិកក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។

តាមរយៈកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ជិត២ពាន់លានដុល្លារនេះ ប្រព័ន្ធរ៉ាដាដ៏មានអានុភាពរបស់អូស្ត្រាលី នឹងត្រូវយកទៅដំឡើងដើម្បីការពារតំបន់អាក់ទិក ដែលកំពុងក្លាយជាសមរភូមិយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយយ៉ាងក្តៅគគុក។ រដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីលោក រីឆាត ម៉ាឡេស (Richard Marles) បានចាត់ទុកគម្រោងនេះថា ជាជំហានដ៏ធំមួយក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីលើវិស័យបច្ចេកវិទ្យាយោធាទំនើប។ ជាមួយគ្នានេះ ភាគីកាណាដា បានគូសបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងសន្តិសុខដ៏រឹងមាំរវាងប្រទេស​ទាំងពីរ ដែលសុទ្ធសឹងតែជាសមាជិកនៃសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់កំពូលទាំង៥ ឬហៅថា Five Eyes។

ចំណុចពិសេសអស្ចារ្យ នៃបច្ចេកវិទ្យានេះ គឺវាជាប្រភេទរ៉ាដា ដែលមានសមត្ថភាពស្វែងរក និងចាប់សញ្ញាយន្តហោះ នាវាចម្បាំង ឬវត្ថុហោះហើរផ្សេងៗនៅចម្ងាយឆ្ងាយ ដែលរ៉ាដាធម្មតាមិនអាចធ្វើទៅរួច។ វាដំណើរការដោយការបាញ់បញ្ជូនរលកវិទ្យុទៅប៉ះនឹងស្រទាប់អ៊ីយ៉ុង នៃបរិយាកាសផែនដី រួចឆ្លុះត្រឡប់មកវិញ ដើម្បីស្កែនរកគោលដៅយុទ្ធសាស្ត្រ។ បច្ចេកវិទ្យាដ៏កំពូលនេះ ត្រូវបានអូស្ត្រាលីលាក់ក្រចកអភិវឌ្ឍអស់រយៈពេលជាង៤០ឆ្នាំមកហើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសម្រេចចិត្តជ្រើសរើសទិញប្រព័ន្ធរ៉ាដារបស់អូស្ត្រាលីលើកនេះជំនួសឱ្យការទិញបច្ចេកវិទ្យាស្រដៀងគ្នារបស់អាម៉េរិក ដែលនេះបានបង្ហាញពីការកើនឡើង នៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងទីក្រុងអូតាវ៉ា និងទីក្រុងកង់បេរ៉ាលើផ្នែកបច្ចេកវិទ្យាការពារជាតិ បញ្ញាសិប្បនិម្មិត និងការគ្រប់គ្រងរ៉ែយុទ្ធសាស្ត្រ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ដាក់ក្រុមហ៊ុនអាម៉េរិក ចំនួន៥៦ ក្នុងបញ្ជីរឹតត្បិតការធ្វើពាណិជ្ជកម្ម ដើម្បីសងសឹក

សង្រ្គាមបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងមហាអំណាចផុតលេខទាំងពីរនៅលើពិភពលោកបានឈានដល់ចំណុចពុះកញ្ជ្រោលសាជាថ្មី។ ភ្លាមៗបន្ទាប់ពីរដ្ឋបាលលោកប្រធាន…

តើមានកត្តាអ្វីខ្លះធ្វើឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ លែងស្ថិតក្នុងក្រសែភ្នែករបស់ក្រុមមហាសេដ្ឋី?

និន្នាការនៃការប្តូរទីលំនៅរបស់ក្រុមកំពូលមហាសេដ្ឋីពិភពលោកកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ផ្អែកតាមរបាយការណ៍ស៊ើបអង្កេតថ្មីមួយពីក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ