
លោក សុន សីហាក់ ម្ចាស់សិប្បកម្មមរតកសេរ៉ាមិច ស្ថិតនៅក្នុងខេត្តសៀមរាប បានគូសបញ្ជាក់ថា លោកចេះជំនាញធ្វើកុលាលភាជន៍នេះ តាំងពីឆ្នាំ២០០៣ មកម្លេះ ប៉ុន្តែរហូតដល់ឆ្នាំ២០១៥ ទើបលោកបានចាប់ផ្តើមបង្កើតសិប្បកម្មឡើង។ លោកបន្ថែមថា ដំបូងឡើយការបង្កើតអាជីវកម្មនេះ ទីផ្សារគោលដៅរបស់លោក គឺទីផ្សារខាងក្រៅ ដោយភាគច្រើនផលិតផលសេរ៉ាមិចនេះ មានការគាំទ្រច្រើនពីភ្ញៀវទេសចរបរទេស ពីព្រោះថា ពួកគេឱ្យតម្លៃលើសេរ៉ាមិចធ្វើដោយដៃរបស់ខ្មែរ ដោយសារតែគុណភាពល្អ និងមានរចនាបទស្អាតប្លែកផងដែរ។
លោក សុន សីហាក់ អះអាងដែរថា កុលាលភាជន៍ គឺជាផ្នែកមួយនៃសម្បត្តិវប្បធម៌ខ្មែរ ប៉ុន្តែមិនសូវទទួលបានការអភិរក្ស និងឲ្យតម្លៃច្រើននោះទេ ដូចនេះហើយលោកចង់រក្សាឱ្យបាននូវសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យនេះ ទៅដល់កូនចៅជំនាន់ក្រោយផងដែរ ទើបលោកខិតខំវិវត្តន៍អាជីវកម្មតាំងពីលក្ខណៈគ្រួសារ រហូតបង្កើតទៅជាក្រុមហ៊ុនបែបនេះ។

ម្ចាស់សិប្បកម្មផលិតផលសេរ៉ាមិចរូបនេះ បានលើកឡើងថា បច្ចុប្បន្ន លោកបានងាកមកធ្វើទីផ្សារផ្សព្វផ្សាយលក់ផលិតផលនេះ នៅតាមប្រព័ន្ធអនឡាញ ក៏ដូចជាផ្លាស់ប្តូនូវការផលិតជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ទៅជាវត្ថុតាំងលម្អរ និងរូបសំណាក់គោរពបូជាវិញ ហើយវាក៏បានធ្វើឲ្យអតិថិជនខ្មែរចាប់ផ្តើមចាប់អារម្មណ៍ ស្គាល់ និងធ្វើការបញ្ជាទិញកាន់តែច្រើនជាងមុនដែរ។ ក្រៅតែពីលក់នៅតាមផ្សារទំនើប ផលិតផលសេរ៉ាមិកទាំងនេះ ក៏មានការបញ្ជាទិញច្រើនពីខាងម្ចាស់សណ្ឋាគារ រីសត និងហាងធំៗជាច្រើន ដោយពួកគេបានយកផលិតផលទាំងនេះ ទៅដាក់តាំងលម្អរ និងប្រើប្រាស់ជាដើម។ ចំពោះតម្លៃផលិតផលសេរ៉ាមិច គឺមានតម្លៃចាប់ពី ១ដុល្លារ រហូតទៅដល់ ៤រយដុល្លារឯណោះ ទៅតាមទំហំ និងម៉ូតនីមួយៗរបស់ផលិតផល។

យ៉ាងណាមិញ តាមរយៈការតាំងបង្ហាញពីសិល្បៈសហសម័យសេរ៉ាមិច នៅក្នុងកម្មវិធី Nomadic Culture at The Peak នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុន សីហាក់ បានអះអាងដែរថា នេះគឺជាចំណុចមួយដែលកុលាលភាជន៍របស់ខ្មែរឈានជើងចូលទៅបង្ហាញខ្លួននៅលើពិភពលោក ដោយលោកជឿជាក់ថាពិភពលោកនឹងស្គាល់តម្លៃរបស់កុលាលភាជន៍ខ្មែរកាន់តែច្រើនឡើង៕