
បើរាប់ គិតចាប់តាំងពីឆ្នាំ២០០០ មកដល់ត្រឹមខែកញ្ញាឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសសរុបជាង ៤,៦ ម៉ឺនគម្រោង ដែលគិតជាទឹកប្រាក់ជាង ៤៨ ពាន់លានដុល្លារ ដែលក្នុងនោះ មានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ ជាង១.៥០០អគារ និងគម្រោងអគារបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានលក្ខណៈបុរីមាន ២៦៨ គម្រោង។ នេះបើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់នេះ ត្រូវបានអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យសំណង់នៅកម្ពុជាភាគច្រើន បានបង្ហាញពីទំនុកចិត្តក្នុងការតាំងចិត្ពពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមជាបន្តបន្ទាប់ មិនថាការអភិវឌ្ឍបុរីលំនៅដ្ឋានប៉ុណ្ណោះទេ ការវិនិយោគលើសំណង់អគារខ្ពស់ៗ ក៏កំពុងតែប្រកាសគម្រោងសាងសង់ជាច្រើនផងដែរនៅក្នុងឆ្នាំនេះ និងឆ្នាំខាងមុខ។
ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន The Flora បានប្រកាសឲ្យដឹងថា នៅឆ្នាំ ២០២០ ខាងមុខនេះ ខ្លួននឹងបោះជំហានទៅមុខបន្តទៀត ជាមួយនឹងការវិនិយោគអគារពាណិជ្ជកម្ម និង អគារខុនដូ បន្ទាប់ពីទទួលបានជោគជ័យលើការអភិវឌ្ឍលំនៅដ្ឋានផ្ទះល្វែងប្រណិត នាពេលកន្លងមកនេះ។ តាមផែនការក្រុមហ៊ុននេះ នឹងបន្ថែមការវិនិយោគសាងសង់អគារពាណិជ្ជកម្ម ខុនដូលំដាប់ផ្កាយ៥ ស្ថិតនៅតំបន់បឹងកេងកងទី១ ដែលមានកម្ពស់រហូត ៣៨ជាន់ ស្មើនឹង១៩៨ យូនីត។
លោក សាំង សុភ័ក្រ្តរ៉ាឌី នាយកផ្នែកលក់ The Flora បានអះអាងថា ការសាងសង់ខុនដូផ្កាយប្រាំកម្ពស់ ៣៨ជាន់នេះ គឺដើម្បីផ្តល់ការរស់នៅបែបទាន់សម័យ ជូនអតិថិជន ដោយសារអគារខុនដូនេះ បានសាងសង់នៅចំកណ្តាលទីក្រុងភ្នំពេញ។

លោក សាំង សុភ័ក្រ្តរ៉ាឌី នាយកផ្នែកលក់ The Flora បានអះអាងថា ការសាងសង់ខុនដូផ្កាយប្រាំកម្ពស់ ៣៨ជាន់នេះ គឺដើម្បីផ្តល់ការរស់នៅបែបទាន់សម័យ ជូនអតិថិជន ដោយសារអគារខុនដូនេះ បានសាងសង់នៅចំកណ្តាលទីក្រុងភ្នំពេញ។
របាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលទ្រព្យក្រុមហ៊ុន វីត្រាស បង្ហាញថា ការសាងសង់ និងផ្គត់ផ្គង់អគារពាណិជ្ជកម្មសម្រាប់ប្រើប្រាស់ក្នុងវិស័យលក់ដុំ និងលក់រាយរក្សាបានកំណើនខ្ពស់នៅក្នុងឆ្នាំ២០១៩នេះ ស្របពេលការផ្គត់ផ្គង់អគារការិយាល័យនៅបន្តមានសន្ទុះខ្លាំង។ បន្ថែមលើនេះ ការសាងសង់ និងការផ្គត់ផ្គង់អគារលំនៅដ្ឋានដូចជា គម្រោងខុនដូ និង សំណង់ផ្ទះជាប់ដីក៏សុទ្ធសឹងមានសកម្មភាពសាងសង់មមាញឹកផងដែរនៅឆ្នាំ២០១៩នេះ។

របាយការណ៍ដដែលបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ ខុនដូចំនួន ៦ ៦០០ យូនីត ត្រូវបានប្រកាសដាក់លក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ហើយក្នុងនោះខុនដូចំនួន ៦ ២០០ យូនីត បានសាងសង់ចប់ និងរួចរាល់សម្រាប់ការចូលទៅស្នាក់នៅ។
ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយខែមុននេះថា វិស័យសំណង់នៅកម្ពុជានឹងនៅតែមានសកម្មភាពមមាញឹកដែលបង្ហាញថា វិស័យនេះនៅតែជាគោលដៅសំខាន់មួយក្នុងការទាក់ទាញការវិនិយោគ៕