
ការផ្តល់សេវាអប់រំ នៅតាមតំបន់ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិត ដោយសារតែ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅមិនទាន់បានគ្រប់គ្រាន់ ដែលបង្កការលំបាកដល់ការសិក្សារបស់ សិស្សានុសិស្ស តួយ៉ាងដូចជា សាលាបឋមសិក្សាលើហន់ ដែលធ្លាប់តែមាន អគារឈើចាស់ទ្រុឌទ្រោម មិនអាចផ្តល់អំណោយទានដល់ ការសិក្សារបស់សិស្សបាន នៅពេលនេះ ចាប់ផ្តើមផ្លាស់ប្តូរមុខមាត់ថ្មីហើយ ដោយអង្គការមូលនិធិអេស៊ីលីដា-ចារឌីន បានកសាងអគារសិក្សាថ្មីមួយខ្នងនៅទីនោះ។
លោក ភិតធឺ បេនិន (Peter Beynon) ស្ថាបនិកអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានមានប្រសាសន៍ថា គោលបំណងចម្បងគឺ ការផ្តល់ជូនកុមារកម្ពុជាទាំងអស់ ឲ្យមានឱកាសស្មើគ្នា ក្នុងការទទួលបាននូវ ការអប់រំជាមូលដ្ឋាន ហើយយុទ្ធសាស្ត្រជាជំហានដំបូង គឺការកសាង ហេដ្ឋារចនាសម្ព័ន្ធអគារសិក្សា ដែលទោះបីជា មានអាកាសធាតុបែបណាក៏ដោយ ក៏អ្នកគ្រូលោកគ្រូ នៅតែអាចបង្រៀនបាន ហើយសិស្សនៅតែមានឱកាសក្រេបយកចំណេះដឹង។
លោកបន្តថា សម្រាប់ការអប់រំ អង្គការមូលនិធិអេស៊ីលីដា-ចារឌីន នឹងឧបត្ថម្ភសាងសង់អគារសិក្សាថ្មី សម្រាប់សាលាបឋមសិក្សា ស្របតាមបទដ្ឋានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលអគារមួយខ្នងមាន ៥បន្ទប់ អាចទទួលសិស្សបានយ៉ាងតិច ១០០នាក់ សម្រាប់កសាង និងពង្រីកគុណភាពជីវិតរបស់កុមារកម្ពុជា ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។
លោកស្រី ញាណ ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានឲ្យដឹងដែរថា ការសាងសង់អគារសិក្សាថ្មីនេះ គឺពិតជាមានតម្លៃបំផុត សម្រាប់សិស្សានុសិស្ស ក្នុងស្រុកបរកែវ ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្ដុះចំណេះវិជ្ជាកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ខ្លួនដ៏ល្អប្រសើរនៅពេលអនាគត។

បើតាម លោក ណែម ចាន់ធូ នាយកគ្រប់គ្រងសាលាបឋមសិក្សាលើហន់ បានឲ្យដឹងថា កាលពីមុនសាលានេះ ខ្វះខាតខ្លាំងណាស់ មិនមានអគារសិក្សាត្រឹមត្រូវនោះទេ ហើយពេលខ្លះ អាកាសធាតុក្ដៅខ្លាំង ឬមាន ភ្លៀងខ្លាំង កូនសិស្ស មិនអាចសិក្សាបាននោះទេ តែលោករំពឹងថា នៅពេលដែលមានអគារសិក្សាថ្មីនេះ នឹងមានកំណើនសិស្ស ចូលរៀនកាន់តែច្រើន និងអាចពង្រឹងគុណភាពអប់រំ ថ្នាក់មូលដ្ឋានបានមួយកម្រិតទៀត។

តាមការលើកឡើងរបស់លោក រម៉ាស ណាញ់ ជាគ្រូបង្រៀន នៃសាលាបឋមសិក្សាលើហន់ បានឲ្យដឹងដែរថា មានបញ្ហាប្រឈមជាច្រើន ដែលធ្វើឲ្យការផ្តល់សេវាអប់រំដល់ សិស្ស ត្រូវលុបចោល ហើយលោកសង្ឃឹមថា នៅពេលមានអគារថ្មីនេះ សិស្សនឹងត្រលប់មករៀនវិញ មិនបោះបង់ចោលការសិក្សាទៀតនោះទេ។

ដោយឡែក សិស្សានុសិស្ស ក៏បានសម្តែងការត្រេកអរ ដោយបានទទួលអគារសិក្សាថ្មី និងបានប្តេជ្ញាបន្តការសិក្សាដោយយកចិត្តទុកដាក់ ហើយពួកគេ សង្ឃឹមដែរថា នឹងទទួលបានការជួយឧបត្ថម្ភបន្ថែមទៀតពី សំណាក់អង្គការ រដ្ឋាភិបាល និងសាធារណជន ទៅលើការសាងសង់របងសាលា បង្គន់ និងជាពិសេសគឺ សម្ភារសិក្សាតែម្តង។

គួរជម្រាបដែរថា មូលនិធិអេស៊ីលីដា-ចារឌីន ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ ២០១៧ មានគោលដៅចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស នៅតាមតំបន់ដាច់ស្រយាល ទូទាំងប្រទេសកម្ពុជា ហើយជាក់ស្ដែង គម្រោងទី ២ របស់មូលនិធិនេះ គឺបានប្រគល់អគារសិក្សាមួយខ្នង ជូនដល់សាលាបឋមសិក្សាលើហន់ ស្ថិតក្នុងភូមិលើហន់ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគីរី៕