បើតាមការគូសបញ្ជាក់របស់ក្រសួងការងារ ក្នុងចំណោម ប្រជាជនមានការងារធ្វើ ១០លាននាក់នោះ មានជាង ១លាន ៥សែននាក់ ធ្វើការក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ, និងមាន ២លាន ២សែននាក់ ធ្វើការក្នុង ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រីឯអ្នកធ្វើការក្នុងវិស័យកសិកម្មវិញ មានប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈមាន៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានប្រមាណជិត ១លាន ៣សែននាក់ សរុបទៅ គឺមានប្រជាជនកម្ពុជាប្រមាណ ១០លាននាក់មានការធ្វើ ផ្អែកលើកត្តានេះ ក្រសួងការងារអះអាងថា គឺបានធ្វើឲ្យប្រជាពលរដ្ឋជាង ៩៩,៣% មានការងារធ្វើ។
ជាមួយគ្នានេះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលមានចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួនប្រមាណ ១ម៉ឺន៤ពាន់ សហគ្រាស និងគ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១លាន ៥សែននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ៣ពាន់ ៧រយ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយបើគិតបូកប្រាក់បញ្ញើ ដែលពលករពីក្រៅប្រទេស បានផ្ញើមកជូនក្រុមគ្រួសារ ក្នុងឆ្នាំជាង ២ពាន់ ៨រយលានដុល្លារទៀតនោះ គឺសរុបទៅគឺប្រាក់ឈ្នួលដែលបានមកពីការងាររបស់ពលរដ្ឋកម្ពុជាទាំងអស់ គឺមានជាង ៦ពាន់ ៥រយលានដុល្លារក្នុងមួយឆ្នាំ។
ទោះយ៉ាងណា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ ក៏បានលើកឡផងដែរ ពីបញ្ហាប្រឈមនានា ដែលមានឥទ្ធិពលមកពីខាងក្រៅ ចំពោះវិស័យការងារនៅកម្ពុជា រួមមានដូចជា បញ្ហាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស ហៅកូវីត១៩ ករណីការដកភាពអនុគ្រោះពន្ធ EBA ផ្នែកខ្លះ និង បញ្ហាសង្គ្រាមពាណិជ្ជកម្ម ជាដើម។
ឯកឧត្តម
អ៊ិត សំហេង បន្ថែមទៀតថា បញ្ហា ដែលកំពុងកើតមានឡើងទាំងអស់នេះ គឺជាទឡ្ហីករណ៍ទាមទារ
ឲ្យមន្ត្រីបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ
ក្នុងបរិបទដែលវិស័យឯកជន កាន់តែប្រឈមកាន់តែខ្លាំងទៅនឹង
លទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា។
ទោះជាយ៉ាងនេះក្ដី ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការងារ
បានធ្វើការយ៉ាង ជិតស្និតជាមួយគ្នាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា
វិស័យឯកជន នៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង
អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព៕