អ្វីដែលអាចមើលឃើញជាទូទៅ គឺគ្រប់ភាគីគណបក្សនយោបាយ ទាំងមានអំណាច អត់អំណាច មិនដែលស្រុះស្រួលគ្នា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឲ្យរីកចម្រើន ដូចបណ្តាប្រទេសជិតខាង ឬក្នុងតំបន់ឡើយ នេះកុំធៀបទៅដល់អារ្យប្រទេសដទៃទៀត។
បើសង្កេតជាទូទៅ ចាប់ពីបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ហៅ អ៊ុនតាក់ បើទោះជាកាលនោះមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ថា មានភាពយុត្តិធម៌ ត្រឹមត្រូវក៏ដោយ ក៏ភាគីចាញ់ឆ្នោតគណបក្សប្រជាជនកម្ពុជា ហៅ CPP បានប្រឹងប្រែងរកទឡ្ហីករណ៍ មកបដិសេធលទ្ធផលបោះឆ្នោតនោះ ដូចជាថា រកឃើញសន្លឹកឆ្នោតទាំងដុំៗក្នុងហឹប ធ្លាយធុងឆ្នោតរាប់រយ ដឹកសន្លឹកឆ្នោតទៅលាក់ទុកឆ្ងាយពីកន្លែងបោះឆ្នោត ឬអ្នកសង្កេតការណ៍ខ្លួនពុំមានសិទ្ធិគ្រប់គ្រាន់ និយាយរួមទៅ គឺចោទ អ៊ុនតាក់ ថាបន្លំសន្លឹកឆ្នោត។
វិវាទទាំងនេះ ក៏បង្កជាវិបត្តិនយោបាយ មានការប៉ុនប៉ងបង្កើតតំបន់អបគមន៍ និងការបញ្ចេញកម្លាំងទ័ពកំញើញគ្នា ជាដើម។ តែទីបំផុត អតីតព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលទ្រង់នៅគង់ជាម្លប់ លោកក៏បានសម្របសម្រួលឲ្យមានរដ្ឋាភិបាលក្បាលពីរឡើង គឺរដ្ឋាភិបាលដឹកនាំដោយសហនាយករដ្ឋមន្ត្រី (សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ ភាគីឈ្នះឆ្នោតពីគណបក្សហ៊្វុនស៊ិនប៉ិច និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ភាគីចាញ់ឆ្នោតពីគណបក្សប្រជាជនកម្ពុជា) ហើយនិងមានសហរដ្ឋមន្ត្រី នៅតាមក្រសួងធំៗ ដើម្បីដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់ដំបូងមួយ បន្ទាប់ពីមានការព្រមព្រៀងគ្នាបញ្ចប់សង្រ្គាមស៊ីវិលរាប់ទសវត្សរ៍មកនោះ។
ប៉ុន្តែ ទោះជាយ៉ាងណា ភាគីខ្មែរក្រហម នៅមិនបានចូលរួមក្នុងការបោះឆ្នោតដំបូងនេះទេ និងនៅតែធ្វើខ្លួនជាឧទ្ទាមបំបែកខ្លួនដដែល ។
នេះជាឈុតដំបូងនៃវិវាទក្នុងអាណត្តិទី១ ដែលប្រជាពលរដ្ឋបានមើលឃើញថា ព្រះរាជាណាចក្រទី២ នៅមានវិបត្តិច្រើននៅឡើយ ហើយវិវាទធំៗនោះ គឺការចោទប្រកាន់ពីការបន្លំសន្លឹកឆ្នោត ដែលភាគីចាញ់ឆ្នោត តែងនាំគ្នាចំអកថា «កម្មវិធីនេះរៀបចំឡើងដោយអ៊ុនតាក់» ។
លុះមកដល់សម័យបោះឆ្នោតអាណត្តិទី២ ឆ្នាំ១៩៩៨ វិបត្តិក្រោយបោះឆ្នោត បានកើតឡើងជាថ្មី ពីរឿងមិនព្រមទទួលយកលទ្ធផលបោះឆ្នោត រឿងគ.ជ.ប លម្អៀងមិនឯករាជ្យ រឿងមិនព្រមចូលប្រជុំសភា បង្កើតសភានិងរដ្ឋាភិបាលគ្រប់ទឹក... ដែលចំណុចស្នូលនៃជម្លោះ គឺចោទពីការបន្លំសន្លឹកឆ្នោត បញ្ជីឈ្មោះអ្នកបោះឆ្នោតមិនត្រឹមត្រូវ ជនបរទេស (សំដៅជនជាតិយួន) មកជួយបោះឆ្នោតឲ្យបក្សកាន់អំណាច មានការគាបសង្កត់និងបរិយាកាសនយោបាយមិនល្អ ។ល។ និង។ល។
យុទ្ធនាការតវ៉ាបោះជំរំរបស់ភាគីចាញ់ឆ្នោត បានចាប់ផ្តើមដំបូងនៅកម្ពុជា គឺបោះនៅមុខរដ្ឋសភា រាប់ខែ រហូតបង្កភាពអនាធិបតេយ្យ អត់សណ្តាប់ធ្នាប់ ខ្វះអនាម័យ ពិបាកគ្រប់គ្រង និងមានការបង្ក្រាប។
ទីបំផុត នៅពេលមានការបែងចែកអំណាច ជិតពាក់កណ្តាលឲ្យទៅគណបក្សហ៊្វុនស៊ិនប៉ិច ដែលឈ្នះអាសនៈលំដាប់ទី២ វិវាទក៏បញ្ចប់ក្រោមការសម្រុះសម្រួលពីអតីតព្រះមហាវីរក្សត្រ ដែលពេលនោះគណបក្ស សម រង្ស៊ី ជាដៃគូតវ៉ាដ៏ស្រួចស្រាល់ ត្រូវបានហ៊្វុនស៊ិនប៉ិចដោះដៃចោល ព្រោះតែតំណែង ឋានៈ តួនាទី ដែលផ្តល់ឲ្យដោយ CPP ។
វិវាទ ក្នុងអាណត្តិទី២ ក៏ចោទពីការបន្លំសន្លឹកឆ្នោត បញ្ជីឈ្មោះ និងអ្នកបោះឆ្នោតមិនត្រឹមត្រូវ យួនមានសិទ្ធិបោះឆ្នោតរាប់សែននាក់ ការបែងចែកអាសនៈមិនស្មើភាព គ.ជ.ប លម្អៀងមិនឯករាជ្យ គឺនៅតែជាអត្ថិភាពនៃវិវាទដដែល។
បន្តបន្ទាប់មកអាណត្តិក្រោយៗ សម័យបោះឆ្នោតឆ្នាំ២០០៣, ២០០៨ វិវាទ គឺកើតឡើងដដែលៗ ចោទតែរឿង គ.ជ.ប មិនឯករាជ្យលម្អៀង បញ្ជីឈ្មោះ រឿងបន្លំសន្លឹកឆ្នោត រឿងយួនមានសិទ្ធិបោះឆ្នោតរាប់សែននាក់ រឿងគំរាមកំហែង បញ្ហាបរិយាកាសនយោបាយមិនល្អ ...។
ប៉ុន្តែដល់ទីចុងបំផុត ក្រោយពេលពួកគេចរចាចែកអំណាចត្រូវរ៉ូវគ្នា បញ្ហាក៏ត្រូវបានបញ្ចប់ ហើយអ្វីៗក៏ទៅជាស្របច្បាប់វិញជាធម្មតា ។
ចូលដល់យុគនៃយុវជនជំនាន់ក្រោយ ឆ្នាំ២០១៣ បក្សប្រឆាំង ពិតជាមានមោទនភាពណាស់ ដោយឈ្នះបានអាសនៈដល់ទៅ ៥៥ លើ ១២៣ អាសនៈក្នុងសភា តែជោគជ័យនេះ នៅតែមិនស្កប់ស្កល់ ហើយវិវាទរឿងមិនទទួលយកលទ្ធផលប្រកាសដោយ គ.ជ.ប ក៏កើតឡើងជាថ្មីទៀត និងមានការប៉ាវគងប៉ាវឃ្មោះ ប្រមូលអ្នកគាំទ្ររាប់សែននាក់ មកដេកតវ៉ានៅភ្នំពេញ ដើម្បីទាមទារឲ្យភាគីឈ្នះឆ្នោតចុះចេញ ហើយប្រគល់អំណាចឲ្យខ្លួនកាន់អំណាចតែម្តង ។
ភាពតានតឹងនយោបាយអូសបន្លាយជិត១ឆ្នាំ ទីបំផុតក្រោមកិច្ចចរចារកដំណោះស្រាយនយោបាយ រវាងគណបក្សឈ្នះឆ្នោតទាំងពីរ (CPP និង CNRP) ក្រោមអធិបតីលោក សម រង្ស៊ី លោក កឹម សុខា និង សម្តេច ហ៊ុន សែន នាថ្ងៃទី២២ កក្កដា ២០១៤ អ្វីៗក៏ប្រែប្រួល ពីការមិនទទួលស្គាល់សភាឯកបក្ស និងរដ្ឋាភិបាលមិនគ្រប់ទឹក ...ទៅជាសភានិងរដ្ឋាភិបាលស្របច្បាប់ គ្រប់ទឹកទាំងអស់ទៅវិញ ដែលផ្ទុយស្រឡះ ពីការស្រែកទាមទារក្តែងៗជិត១ឆ្នាំ នៅទីលានប្រជាធិបតេយ្យ។
រំឭកប៉ុណ្ណឹងទៅចុះ ! ឆ្លងតាមសាវតារនេះ ពីមួយអាណត្តិទៅមួយអាណត្តិ ក្រុមអ្នកនយោបាយខ្មែរបង្កបញ្ហាក្នុងលេសដដែលៗ ហើយដំណោះស្រាយ តាមផ្លូវតែមួយ គឺបើមានការបែងចែកអំណាចអាចទទួលយកបាន នោះអ្វីៗនឹងអត់បញ្ហា ហើយក៏គ្មានសភា ឬ រដ្ឋាភិបាលមិនគ្រប់ទឹក ឬទាមទាររាប់សន្លឹកឆ្នោតឡើងវិញដែរ។
តើបោះឆ្នោតជាតិអាណត្តិក្រោយ នឹងកើតមានរឿងអ្វីទៀត ?
ឥឡូវ ចាំមើលអាណត្តិបោះឆ្នោត ឆ្នាំ២០១៨ វិញម្តង គ្រប់គណបក្សនយោបាយ តើនឹងផ្លាស់ប្តូរឥរិយាបថដដែលៗ រឿងមិនទទួលយកលទ្ធផល ពេលចាញ់ឆ្នោតទៀតទេ ?
តាមមេរៀននេះ គ្រប់បក្សនយោបាយគួរតែគិតគូរ និងប្រឈ្លោះគ្នាពីឥឡូវទៅ នៅលើគ្រប់បញ្ហាដែលខ្លួនមន្ទិល ដើម្បីបញ្ចប់វប្បធម៌ជាប់គាំងនយោបាយ ក្រោយប្រកាសលទ្ធផលបោះឆ្នោត និងតាំងខ្លួនជាកីឡាករចិត្តសឿង ដូចលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលចាញ់ឆ្នោតលោក ដូណាល់ ត្រាំ នៅអាមេរិក គឺហ៊ានទទួលយកអ្វីដែលជាយន្តការ ដែលខ្លួនឯងបានព្រមព្រៀងទទួលយក តាំងពីដើមរហូតមក ទាំងសមាសភាព គ.ជ.ប ទាំងច្បាប់ នីតិវិធីបោះឆ្នោត និងទាំងលទ្ធផលចុងក្រោយ ព្រោះថា បើព្រមចូលប្រកួត ហើយគួរកុំបដិសេធ ការសម្រេចរបស់អាជ្ញាកណ្តាលទៀត ។
ហើយបើដឹងថា អ្វីៗវាមិនត្រឹមត្រូវ ឬនៅជាមន្ទិល សូមកុំចូលសង្វៀនប្រកួត ហើយជម្នះតស៊ូមតិនៅខាងក្រៅវិញទៅ ទើបគេហៅថា ឆ្លាត។
សមាសភាព គ.ជ.ប ថ្មី មាន៨រូប មកពីបក្សនយោបាយឈ្នះឆ្នោតទាំងពីរ និង ១រូប ឯករាជ្យ ច្បាប់បោះឆ្នោតកែសម្រួលថ្មី បញ្ជីឈ្មោះបោះឆ្នោតថ្មី គ្រប់ភាគីសុទ្ធតែមានអ្នកជំនាញរៀងៗខ្លួន ពិនិត្យផ្ទៀងផ្ទាត់មើលយ៉ាងផ្ចិតផ្ចង់គ្រប់យ៉ាង ពីការខាតចំណេញដល់ប្រយោជន៍ក្រុមបក្សខ្លួន បើទោះជាគ្រប់គ្នាចូលចិត្តធ្វើប្រជាភិថុតថា ធ្វើដើម្បីប្រយោជន៍ជាតិ ឬដើម្បីម្ចាស់ឆ្នោតនោះ។
ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨ តើនឹងមានបញ្ហាចោទថា យួនជួយបោះឆ្នោត មានបន្លំបញ្ជីឈ្មោះ មានការបែងចែកអាសនៈ ឬ គជប មានភាពលម្អៀងលើនីតិវិធីដោះស្រាយវិវាទ រួមនិងបញ្ហាផ្សេងៗទៀត ដូចអាណត្តិមុនៗទៀតទេ ? ជាក់ស្តែង តាមរយៈបញ្ជីឈ្មោះថ្មី បក្សប្រឆាំងសង្ស័យថា មានឈ្មោះជនបរទេសបន្លំ តែប្រមាណជា ៤ពាន់ករណី ដែលខ្លួនថា នឹងតវ៉ា។ ខណៈខាងបក្សកាន់អំណាចចំអកថា ម៉េចក៏តិចម៉េះ! ព្រោះអីកន្លងមក ក្រែងធ្លាប់ចោទថា មានឈ្មោះយួន ដល់រាប់សែនលាននាក់នោះអី។
តាមរយៈនីតិវិធីចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី គ្រប់បក្សនិងអ្នកឃ្លាំមើល សុទ្ធតែបានសរសើរថា ត្រឹមត្រូវសុក្រឹត ឯបញ្ហាច្បាប់នីតិវិធី ការកែសម្រួលអាសនៈ សុទ្ធតែព្រមព្រៀងធ្វើវិសោធនកម្ម ក្នុងនោះ សមាសភាពអាជ្ញាកណ្តាល គ.ជ.ប ក៏មានការទទួលស្គាល់និងធ្វើការជាមួយគ្នាយ៉ាងរលូនថែមទៀត។
ដូច្នេះ បើសរុបទៅ វិវាទនយោបាយក្រោយបោះឆ្នោតទំនងជាមិនមានទៀតទេ ហើយបើភាគីណាមួយមិនសុខចិត្ត លើបញ្ហាអីទៀតនោះ សូមទទួលស្គាល់ទៅថា ខ្លួនឯងពិតជាមេបក្សអន់ ចេះល្បិចមិនដល់គេមែន ហើយល្មមទុកឱកាសឲ្យអ្នកជំនាន់ក្រោយគេធ្វើម្តង ហ្នឹងទើបហៅថា «អ្នកនយោបាយចិត្តសឿង» ទៅបាន! ៕