ព័ត៌មានលម្អិតសូមតាមដានរសេចក្តីរាយការណ៍ពីក្រុមការងារខេមបូណូមីសរបស់យើងដូចតទៅ។
របាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមដែលបានចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា ស្ថានភាពវិនិយោគនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរឡើនៅឡើយទេ ជាក់ស្ដែងនៅ៥ខែដំបូងនៅឆ្នាំ២០២១គម្រោងវិនិយោគឯនជនសរុបមានចំនួនត្រឹមតែ ៤៥គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៤៧គម្រោង ខណៈទុនវិនិយោគមានត្រឹមតែជាង៨២០លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៥៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពាក់ព័ន្ធនឹងស្ថានភាពវិនិយោគនេះដែរ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យលោក ឃាង ពុទ្ធី បានលើកឡើងថា មកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហញថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២១ អាចមានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ ទោះបីបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ក៏ដោយ។ លោកវាយតម្លៃជារួមថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅឆ្នាំ២០២១ និងមានស្ថានភាពប្រហាក់ប្រហែលនឹងឆ្នាំ២០២០។ ជាមួយគ្នានេះលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងស្រដៀងគ្នាថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេល៦ខែកន្លងមកនេះ ភាគច្រើនជាគម្រោងវិនិយោគក្នុងស្រុក ខណៈលំហូរវិនិយោគពីបរទេសមានចំនួនតិចតួចប៉ុណ្ណោះ។ លោកវាយតម្លៃថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានភាពល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើន ហើយស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ មានទស្សនវិស័យលើការវិនិយោគនៅកម្ពុជាថា ពុំទាន់មានសញ្ញាមួយណាមួយអាចបង្ហាញថា ចរន្តវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២១ មានភាពល្អប្រសើរជាងឆ្នាំ២០២០ នៅឡើយ ដ្បិតថា មកទល់ពេលនេះវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់មានស្ថានភាពល្អប្រសើរនៅឡើយទេ។
យ៉ាងណាក៏ដោយចុះ បើតាមក្រុមអ្នកជំនាញអចលនទ្រព្យ នៅតែមានសុទ្ធិដ្ឋិនិយមថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងមានភាពល្អប្រសើរឡើងវិញបន្ដិចវិញនៅអំឡុងខែកញ្ញា ឬខែតុលាខាងមុខនេះ ដ្បិតថា នៅរយៈពេលពីរខែខាងមុខនេះ នឹងមានពលរដ្ឋកាន់តែច្រើនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលវាអាចធ្វើឲ្យស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាលជាងមុន។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា នៅ៥ខែឆ្នាំ២០២១ កម្ពុជាបានអនុម័តលើគម្រោងសំណង់សរុបជាង ១ពាន់៨រយគម្រោងធ្លាក់ចុះ ជិត២៨០គម្រោង ដោយក្នុងនោះ ប្រភេទគម្រោងលំនៅដ្ឋានមានជាង១ពាន់៦រយគម្រោង ស្មើនឹងជិត៨៨% នៃគម្រោងស្នើសុំសាងសង់សរុប។ បើគិតពីតម្លៃទុនវិនិយោគរបស់គម្រោងសំណង់នៅ៥ខែដើមឆ្នាំនេះវិញ មានជាង២ពាន់៣រយលានដុល្លារធ្លាក់ចុះជិត ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕