ការរាំងស្ទះដល់ដំណើរការដឹកជញ្ជូនដោយសារវិបត្តិកូវីដ-១៩ ក៏ជាកត្តារួមចំណែកធ្វើឲ្យតម្លៃដែកឡើងថ្លៃផងដែរ ហើយវាកំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវករលក់ដែក និងពិសេសក្រុមហ៊ុនម៉ៅការសាងសង់តែម្ដង។ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះដូចតទៅ។
ក្រោយពីមានផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានបង្កឲ្យមានការរង្គោះរង្គើទីផ្សារពិភពលោក និងទំនិញឡើងថ្លៃកាន់តែខ្ពស់ ពិសេស ប្រេងនិងឧស្ម័ន។ តួយ៉ាង ទំនិញដែក និងដែកថែបដែលជាតម្រូវការដ៏សំខាន់សម្រាប់ការសាងសង់ ក៏កំពុងកើនឡើងខ្ពស់ផងដែរ ដ្បិតថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងជាប់ដៃប្រយុទ្ធបង្ហូរឈាមនោះ គឺជាអ្នកផលិតនាំចេញដែកដ៏ធំសម្រាប់ពិភពលោកដែរ។
លោក ង៉ូវ ជីតុង ម្ចាស់ដេប៉ូលក់ដែក និងគ្រឿងសំណង់ តុង ធារី កត់សម្គាល់ឃើញថា តម្លៃដែកនៅមួយរយៈចុងក្រោយបានហក់ឡើងថ្លៃជាបន្តបន្ទាប់បន្ថែមទៀតចន្លោះពី ៥០ដុល្លារ ទៅ១០០ដុល្លារក្នុង១តោនតាមប្រភេទដែកនីមួយៗ។ បើតាមលោក ជីតុង បច្ចុប្បន្នដែកថ្នាំងអំពៅ១តោន តម្លៃជិត៨រយដុល្លារ ខណៈកាលពីមុនមានតែតម្លៃ៧៣០ដុល្លារក្នុង១តោន។ ទោះបីមិនបានដឹងពីមូលហេតុជាក់លាក់ តែលោកអះអាងថា កត្តាដែលជំរុញឲ្យតម្លៃដែកឡើងថ្លៃនេះ គឺអាចដោយសារការនាំចូលដែកត្រូវបានរាំងស្ទះនៅតាមព្រំដែនមួយចំនួន ក្រោយមានការរឹតបន្តឹងវិធានការកូវីដ-១៩។
ម្ចាស់ដេប៉ូ តុង ធារី រូបនេះអះអាងថា ការកើនឡើងតម្លៃដែកគ្រប់ប្រភេទយ៉ាងគំហុកនេះបានទាញទម្លាក់បរិមាណលក់នៅដេប៉ូរបស់លោកឲ្យមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក ជីតុង កត់សម្គាល់ឃើញថា មិនមែនមានតែដែកនោះទេ ដែលឡើងថ្លៃ សូម្បីតម្លៃគ្រឿងសំណង់ផ្សេងៗ ក៏មានការកើនឡើងផងដែរ។
ជុំវិញតម្លៃដែកឡើងថ្លៃនេះដែរ លោកស្រី ចាំង ចាន់ណា អ្នកគ្រប់គ្រងដេប៉ូលក់ដែក កាំង លាងហ៊ី បានបញ្ចាក់ប្រាប់ខេមបូណូមីសថា តម្លៃដែកនៅដេប៉ូ កាំង លាងហ៊ី ដែលទទួលលក់តែដែករបស់ក្រុមហ៊ុន ISI បានកើនឡើងបន្ថែមក្នុងរង្វង់១០០ដុល្លារអាមេរិកក្នុង១តោន។ លោកស្រីអះអាងថា បច្ចុប្បន្នដែកនៅដេប៉ូរបស់លោកស្រីលក់ចេញក្នុងតម្លៃជាង១ពាន់ដុល្លារអាមេរិកក្នុង១តោន ខណៈកាលពីមុនដែក១តោនលក់ចេញជាង៩រយដុល្លារអាមេរិក។ ការកើនឡើងតម្លៃដែកនេះបានធ្វើឲ្យការលក់ដែកនៅដេប៉ូខាងលើធ្លាក់ចុះចន្លោះពី៣០%ទៅ៤០%ផងដែរ។
ការកើនឡើងតម្លៃដែក និងគ្រឿងសំណង់យ៉ាងគំហុកនេះ ក៏កំពុងធ្វើឲ្យក្រុមហ៊ុនម៉ៅការសាងសង់ផ្ទះ និងសំណង់អគារផ្សេងៗឈឺក្បាលវិលមុខផងដែរ។ លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ពិស្ណុការបានអះអាងថា ការហក់ឡើងតម្លៃដែកយ៉ាងគំហុកនេះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យសំណង់ និងគម្រោងសាងសង់របស់ពិស្ណុ្កការ ដ្បិតរាល់គម្រោងទាំងអស់បានចុះកិច្ចសន្យាមុនតម្លៃដែក និងគ្រឿងសំណង់ឡើងថ្លៃ ដែលកត្តានេះអាចធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងបាត់បង់ប្រាក់ចំណូល។
អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ពិស្ណុកា រូបនេះ កត់សម្គាល់ឃើញថា ក្រោយរុស្ស៊ីបើកការវាយប្រហារចូលឈ្លានពានអ៊ុយក្រែនបានជំរុញឲ្យតម្លៃដែកនៅកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់។ ជាក់ស្តែងបច្ចុប្បន្នតម្លៃដែក ដែលក្រុមហ៊ុនលោកទិញចូលមានតម្លៃ៨៣០ដុល្លារក្នុង១តោន ខណៈមុនផ្ទុះសង្គ្រាមដែក១តោនមានតម្លៃត្រឹមតែ៧៣០ដុល្លារតែប៉ុណ្ណោះ។ លោក សុខ ឡៃ វាយតម្លៃថា កត្តាដែលជំរុញឲ្យតម្លៃដែកកើនឡើង គឺដោយសារការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន បន្ទាប់ពីប្រទេសមួយចំនួនបានហាមឃាង់ការនាំចូលប្រទេសរុស្ស៊ី។
មែនទែនទៅ វៀតណាម និងថៃ ក៏កំពុងជួបបញ្ហាដែកឡើងថ្លៃនេះដែរ ដោយថ្មីៗនេះ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍ថា តាំងពីសង្គ្រាមនៅអ៊ុយក្រែផ្ទុះឡើងដែកនៅក្នុងប្រទេសថៃបានហក់ឡើង១០%បន្ថែមទៀត។ មិនមែនមានតែដែកនោះទេដែលឡើងថ្លៃ សូម្បីប្រេងឥន្ធនៈ និងឧស្ម័ន រួមទាំងទំនិញសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើងផងដែរនាពេលបច្ចុប្បន្ននេះ ហើយវាបានប៉ះពាល់ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ពិសេសប្រទេសដែលពឹងផ្អែកលើការនាំចូលទំនិញ៕