ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ នេះ ទំហំជួយដូរភាគហ៊ុននៅកម្ពុជា បានធ្លាក់ចុះពីទំហំជួញដូរជាមធ្យមជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមរង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីអ្នកវិនិយោគមានការព្រួយបារម្ភចំពោះបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ដែលមិនទាន់មានសញ្ញាល្អ ដែលធ្វើឱ្យវិនិយោគិនមិនចង់យកលុយទៅបណ្តាក់ទុនវិនិយោគ ខណៈអ្នកវិនិយោគមួយចំនួនទៀតកំពុងជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ដែលតម្រូវឱ្យពួកគេលក់ភាគហ៊ុនចេញនៅក្នុងតម្លៃទាបជាដើម។
ទន្ទឹមនេះ សម្រាប់បញ្ហាប្រឈមរបស់វិស័យមូលមត្រកម្ពុជាបច្ចុប្បន្ន អ្នកជំនាញរូបនេះអះអាងថា គឺអ្នកវិនិយោគមួយចំនួននៅមិនទាន់ចេះវិភាគឱ្យបានស៊ីជម្រៅទៅលើការវិនិយោគក្នុងវិស័យនេះ ដូច្នេះហើយជាទូទៅនៅពេលដែលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ពួកគេសន្មតថា ទីផ្សារហ៊ុនក៏នឹងធ្លាក់ចុះដូចគ្នាដែរ ដែលនាំឱ្យពួកគេនាំគ្នាសម្រុកលក់ភាគហ៊ុនចេញក្នុងតម្លៃទាប។
ឯកឧត្តម ហុង សុហួរ ទទួលស្គាល់ថា កាលពីឆ្នាំ២០២៣ កន្លងទៅ អាជីវកម្មរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន ឬសញ្ញាបណ្ណនៅផ្សារមូលបត្រកម្ពុជាមួយចំនួនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែក៏មានអាជីវកម្មរបស់ក្រុមហ៊ុនមួយចំនួនទទួលបានកំណើនខ្ពស់ផងដែរ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ រំពឹងថា ទំហំនៃការជួញដូរភាគហ៊ុននៅកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញនាពេលខាងមុខ ក្រោយរំពឹងសេដ្ឋកិច្ចជាតិ មានការរីកចម្រើន ដែលជំរុញដោយការកើនឡើងនៃវិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។
សូមជម្រាបថា គិតមកទល់ខែមីនា ឆ្នាំ២០២៤នេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៣ ក្នុងនោះមានក្រុមហ៊ុនចំនួន១១ បានផ្សាយលក់ភាគហ៊ុន ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៣៧៩លានដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្ម៕