កំណើននេះ សបញ្ជាក់ឲ្យឃើញថា ទីផ្សារអង្ករកម្ពុជានៅអឺរ៉ុបបានវិលមករកប្រក្រតីភាពដូចពេលមិនទាន់មានទណ្ឌកម្មពីសហភាពអឺរ៉ុបវិញហើយ។ ទោះយ៉ាងណា ប្រទេសចិននៅតែក្ដោបក្ដាប់ចំណែកទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជាដដែល។ ជាក់ស្តែងនៅ៥ខែឆ្នាំនេះចិនបានក្តោបចំណែកទីផ្សារអង្ករកម្ពុជាជាង៥០% ខណៈអឺរ៉ុបមានតែជាង៣០% ប៉ុណ្ណោះ។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបចំនួនជាង៨ម៉ឺនតោននៅ៥ខែឆ្នាំ២០២២ មានការកើនឡើង៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននាំចេញទៅកាន់ទីផ្សារអឺរ៉ុបនេះ គឺបន្ទាប់ពីកម្ពុជាទទួលបានការលើកលែងពន្ធលើការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុបឡើងវិញ កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២២។ សម្រាប់លោក លន់ យ៉េង កំណើននេះបានបង្ហាញពីការវិលមកភាពល្អប្រសើរឡើងវិញ នៃទីផ្សារអង្ករកម្ពុជានៅអឺរ៉ុប ដូចមុនពេលមិនទាន់មានទណ្ឌកម្មពីសហភាពអឺរ៉ុបកាលពីអំឡុងឆ្នាំ២០១៩ដែរ។
អគ្គលេខាធិការរូបនេះបានគូសបញ្ជាក់ថា ក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ការបញ្ជាទិញអង្ករកម្ពុជាពីប្រទេសបញ្ជាទិញជាពិសេសសហភាពអឺរ៉ុបមានល្បឿនលឿនជាងមុន។ ប៉ុន្តែ លោកកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះមានការបញ្ជាទិញអង្ករសច្រើនជាងអង្ករក្រអូប ព្រោះអង្ករសមានតម្លៃថោកជាងអង្ករក្រអូប។
បើក្រឡេកទៅមើលទីផ្សារចិនវិញ ទោះបីប្រទេសនេះ មានការរឹតបន្តឹងខ្លាំងលើវិធានការកូវីដ-១៩ ក្រោមវិធានការគ្មានកូវីដក៏ដោយ តែការនាំចេញអង្ករកម្ពុជាទៅចិននៅតែអាចរក្សាបាននូវកំណើនគួរឲ្យកត់សម្គាល់។ បើតាមការគូសបញ្ជាក់របស់លោក លន់ យ៉េង នៅ៥ខែឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារចិនសម្រេចបានជិត១៥ម៉ឺនតោន កើនឡើងជិត២៤% បើធៀបនឹង៥ខែកាលពីឆ្នាំមុន។ ចំនួននេះបានជួយឲ្យចិនក្លាយជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា ដោយបានក្តោបបានចំណែកទីផ្សារជិត៥៣% នៃការនាំចេញអង្ករសរុប ខណៈទីផ្សារអឺរ៉ុបឈរលំដាប់ទីពីរមានចំណែកទីផ្សារ៣១%។
បើតាមការអះអាងរបស់លោក លន់ យ៉េង ប្រទេសចិនបានក្តោបក្តាប់តំណែងក្នុងនាមប្រទេសបញ្ជាទិញអង្ករច្រើនជាងពីកម្ពុជាអស់រយៈពេលឆ្នាំមកហើយ ពោលគឺតាំងពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មដោយយកពន្ធមកអង្ករកម្ពុជាពេលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប កាលពីអំឡុងខែមករាឆ្នាំ២០១៩។ មុនរងទណ្ឌកម្មនេះ ទីផ្សារអឺរ៉ុបឈរលំដាប់ទី១ក្នុងនាមទីផ្សារនាំចូលអង្ករពីកម្ពុជាច្រើនជាងគេបំផុត។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជានៅ៥ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបជាង ២៨ម៉ឺន៣ពាន់តោន កើនឡើងជិត២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅពេញមួយខែឧសភា កម្ពុជានាំចេញអង្ករសម្រេចបានជិត ៦ម៉ឺន៣ពាន់តោនកើនឡើងជាង៥៤% បើធៀបនឹងខែឧសភា កាលពីឆ្នាំ២០២១។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា នៅឆ្នាំ២០២២ នេះ កម្ពុជានឹងអាចនាំចេញអង្ករសម្រេចបានចន្លោះពី៧៥ម៉ឺនទៅ៨០ម៉ឺនតោន៕