តាមរយៈលទ្ធផលនេះ បានជំរុញឱ្យមន្ត្រី និងអ្នកជំនាញជឿជាក់ថា ការនាំចេញផលិតផលនេះនៅក្នុងឆ្នាំ២០២៥ ខាងមុខនឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៤ បើទោះបីពិភពលោកកំពុងមានការព្រួយបារម្ភពីផែនការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ ក្នុងការធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនក៏ដោយ។
ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ស្ថានភាពនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២៤នេះ មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ ជាក់ស្តែងនៅ១០ខែកន្លងមកនេះ ការនាំចេញផលិតផលនេះ មានការកើនឡើងចំនួន២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញសម្លៀកបំពាក់ កើនឡើង២៤% ស្បែកជើងកើនឡើងជាង២២% និងផលិតផលធ្វើដំណើរ និងកាបូប កើនឡើងជាង២០%។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នការបញ្ជាទិញផលិតកាត់ដេរពីសហរដ្ឋអាម៉េរិក អង់គ្លេស សហភាពអឺរ៉ុប និងប្រទេសផ្សេងងៗក៏មានកំណើនខ្ពស់ផងដែរ ដែលជំរុញឱ្យឯកឧត្តមរំពឹងថា នៅឆ្នាំ២០២៥ ខាងមុខ រនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នឹងមានភាពល្អប្រសើរជាងឆ្នាំនេះ។
មិនខុសគ្នានោះទេ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ កត់សម្គាល់ឃើញថា ការនាំចេញ និងការបញ្ជាទិញ ក៏ដូចជាការវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជា ក្នុងឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។
ការកើនឡើងនេះ គឺដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយបានធ្វើឱ្យអ្នកបញ្ជាទិញមានទំនុកចិត្តមកលើកម្ពុជា ស្របពេលប្រទេសមួយចំនួនកំពុងជួបបញ្ហាចលាចល។ ភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងបំពេញការងាររបស់កម្មករកម្មការិនី ក៏ជាកត្តាជួយទាក់ទាញការវិនិយោគ និងជំរុញការនាំចេញផលិតផលនេះផងដែរ។
តាមរយៈលទ្ធផលនេះ គួបផ្សំការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរបស់សហរដ្ឋអាម៉េរិក ដែលធ្វើជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លោកជឿជាក់ថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំក្រោយ នឹងមានភាពល្អប្រសើរបន្ថែមទៀតបើធៀបនឹងឆ្នាំនេះ។
ទោះបីជាវិស័យកាត់ដេររបស់កម្ពុជា បច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងណាក្តី ប៉ុន្តែលោក ហ្វា សាលី អះអាងថា វិស័យនេះក៏កំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាបញ្ហាកង្វះកម្លាំងពលកម្ម ថ្លៃអគ្គិសនី និងការដឹកជញ្ជូនស្ថិតក្នុងកម្រិតមួយខ្ពស់ជាដើម។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ ការនាំចេញសម្លៀកបំពាក់ និងផលិតផលបន្ទាប់បន្សំដែលធ្វើពីក្រណាត់ សម្រេចបានទឹកប្រាក់ជាង៥ពាន់លានដុល្លារ កើនឡើងជាង២០% ខណៈការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល សម្រេចបានទឹកប្រាក់ជាង១ពាន់លានដុល្លារ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕