វិស័យពាណិជ្ជកម្ម

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាអាចនៅតែបន្តជួបបញ្ហាប្រឈម ខណៈអ្នកជំនាញរំពឹងល្អប្រសើរនៅឆ្នាំក្រោយ


វិបត្តិសកលនានា ពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សានៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ពិភពលោក រួមទាំងកម្ពុជា បើទោះវិបត្តិកូវីដ-១៩ បានវិលមករកប្រក្រតីភាពឡើងវិញក៏ដោយ។
វិស័យពាណិជ្ជកម្ម
ដោយ

ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលបានជំរុញឱ្យតម្រូវការសកសមានការធ្លាក់ចុះ ហើយការនាំចេញរបស់ប្រទេសនីមួយៗលើពិភពលោកក៏មានការធ្លាក់ចុះដូចគ្នាដែរ​។ ជាក់ស្តែងនៅ១១ខែឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង៤២ពាន់លានដុល្លារថយចុះជាង២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ អ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជានឹងមានភាពល្អប្រសើរនៅឆ្នាំក្រោយ ក្រោយសង្ឃឹមបញ្ហាមួយចំនួនវិលមករកភាពល្អប្រសើរឡើងវិញ។

ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មិនទាន់បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឡើយទេ បើទោះបីស្ថានភាពសង្គម និងសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ហាក់វិលមករកល្អប្រសើរឡើងវិញយ៉ាងណាក៏ដោយ។ ជាក់ស្តែងបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅ១១ខែ ក្នុងឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិសម្រេចបានជាង៤២ពាន់លានដុល្លារ ថយចុះជាង២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំជាង២០ពាន់លានដុល្លារ កើនឡើងជាង១% ខណៈការនាំចូលពីអន្តរជាតិមកកម្ពុជាវិញមានទំហំទឹកប្រាក់ជាង២២ពាន់លានដុល្លារថយចុះជាង៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ទោះបីស្ថានភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅជិតពេញមួយឆ្នាំមិនទាន់មានភាពវិជ្ជមានខ្លាំង តែអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ស្ថានភាពពាណិជ្ជកម្មនឹងវិលមករកភាពល្អប្រសើរនៅឆ្នាំក្រោយ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពដឹកជញ្ជូននៅកម្ពុជានៅជិតពេញ១ឆ្នាំនេះ ហាក់មិនសូវមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ដ្បិតនៅក្នុងឆ្នាំ២០២៣ ស្ថានភាពនៃវិស័យដឹកជញ្ជូនកម្ពុជា ហាក់មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា នៅឆ្នាំ២០២៤ ខាងមុខ វិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជានឹងមានភាពល្អប្រសើរមួយកម្រិតទៀត។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយលោកកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ក្រុមវិនិយោគិនបរទេសជាច្រើនបានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា និងរំពឹងការនាំចេញកសិផលសំខាន់មួយចំនួនទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង។

​ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីនៅឆ្នាំ២០២៣ វិបត្តិកូវីដ-១៩ ហាក់លែងក្លាយជាបញ្ហាប្រឈម ប៉ុន្តែវិបត្តិសកលដែលកំពុងកើតឡើងថ្មីៗ ជាពិសេសជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសជាដើមនៅតែជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា។ ទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះជឿជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានឹងមានភាពល្អប្រសើរថែមមួយកម្រិតទៀតនៅឆ្នាំ២០២៤ ខាងមុខ ក្រោយរំពឹងធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់ ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ គឺអាម៉េរិក និងចិនមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា ចិននៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាជាង១១ពាន់លានដុល្លារ កើនឡើងជាង ៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ បន្ទាប់មក គឺអាម៉េរិក ដែលជាដៃគូពាណិជ្ជកម្មធំលំដាប់លេខ២របស់កម្ពុជា ដោយសម្រេចបានទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារ ថយចុះជាង១% ខណៈវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយសម្រេចបានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕

None



អត្ថបទបន្ទាប់


ឱកាសអាហារូបករណ៍រហូតដល់ ៥ឆ្នាំ ពីបុរី មេគង្គ លែន !

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បុរី មេគង្គ លែន បានរៀបចំក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស ដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២…

តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៣នេះ មានការប្រែប្រួលយ៉ាងណា?

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានវាយតម្លៃថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៣នេះ ហាក់មានភាពល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ