អង្ករកម្ពុជាមានទីផ្សារល្អឆ្នាំនេះ

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករ៖ អង្ករកម្ពុជាមានទីផ្សារល្អឆ្នាំនេះ ប៉ុន្ដែបារម្ភពីការធ្លាក់ចុះទិន្នផលស្រូវ


ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា ទីផ្សារអង្ករកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅដើមឆ្នាំ២០២២នេះ ក្រោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ លើពិភពលោកមានភាពធូរស្បើយ គួបផ្សំកម្ពុជាទទួលបានការអនុគ្រោះពន្ធឡើងវិញលើការនាំចេញអង្ករគ្រប់ប្រភេទនៅកាន់ទីផ្សារអឺរ៉ុប។ ជាក់ស្តែង នៅក្នុងរយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅទីផ្សារអឺរ៉ុបកើនឡើងប្រមាណ៣០% ខណៈការនាំចេញទៅទីផ្សារចិន ក៏មានការកើនឡើងផងដែរ បើទោះបីមានការរឹតបន្តឹងវិធានការកូវីដ-១៩ក៏ដោយ។
ការនាំចេញអង្ករកម្ពុជា រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
ដោយ

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែនមិនបានជះឥទ្ធិពលលើការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនោះទេ។ ផ្ទុយទៅវិញ វិបត្តសង្គ្រាមនេះជាឱកាសសម្រាប់កម្ពុជា ដែលជាប្រទេសនាំចេញអង្ករប្រណីតដ៏ធំមួយនៅតំបន់អាស៊ាន ក្នុងការបង្កើនបរិមាណនាំចេញអង្ករ និងចាប់យកឱកាសទីផ្សារថ្មីៗបន្ថែមទៅវិញទេ។ ព្រោះការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែននេះបានជំរុញឲ្យប្រទេសមួយចំនួនកាត់បន្ថយ ឬផ្អាកការនាំចេញផលិតចាំបាច់មួយចំនួន ដើម្បីរក្សាសន្តិសុខស្បៀង ដែលកត្តានេះកំពុងបង្កឲ្យមានវិបត្តិស្បៀងអាហារ ដែលអាចធ្វើឲ្យអង្ករកម្ពុជាមានតម្រូវការកាន់តែខ្ពស់។

ពាក់ព័ន្ធស្ថានភាពទីផ្សារអង្ករ ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា អង្ករកម្ពុជាឆ្នាំនេះមានទីផ្សារល្អជាងឆ្នាំមុន ពោលគឺការបញ្ជាទិញអង្ករកម្ពុជាពីសំណាក់ប្រទេសនានាមានការកើនឡើងគួរកត់សម្គាល់នៅឆ្នាំនេះ។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ លោកឧកញ៉ា គឺខ្លាចបញ្ហាអាកាសធាតុ និងការកើនឡើងតម្លៃជី និងថ្នាំកសិកម្មធ្វើឲ្យប៉ះពាល់ដល់ការដាំដុះដំណាំស្រូវរបស់កសិករ ដែលអាចធ្វើឲ្យមានការធ្លាក់ចុះនូវទិន្នផលនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ លោកឧកញ៉ា សុង សារ៉ន លើកទឹកចិត្តឲ្យកសិករបន្តជម្នះបញ្ហាក្នុងការប្រកបរបរដាំដុះដាំស្រូវរបស់ខ្លួន ដ្បិតលោកជឿជាក់ថា តម្លៃស្រូវឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុន។

ឧកញ៉ា សុង សារ៉ន កត់សម្គាល់ឃើញថា ក្រោយកម្ពុជាទទួលបានសិទ្ធិអនុគ្រោះពន្ធលើការនាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអឺរ៉ុបពីសហភាពអឺរ៉ុបឡើងវិញ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងរយៈពេល៥ខែឆ្នាំ២០២២ អង្ករកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានការកើនឡើងជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាសញ្ញាល្អមួយ ដែលបង្ហាញពីការងើបឡើងវិញនៃទីផ្សារអង្ករកម្ពុជានៅអឺរ៉ុបបន្ទាប់ពីមានការធ្លាក់ចុះមួយរយៈ ដោយសារទណ្ឌកម្ម និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

មិនមែនមានតែទីផ្សារអឺរ៉ុបនោះទេដែលមានការកើនឡើង សូម្បីទីផ្សារចិន ក៏អង្ករកម្ពុជាមានការកើនឡើងផងដែរ បើទោះបីប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីពីរលើពិភពលោកមួយនេះ មានការរឹតបន្តឹងវិធានការកូវីដ-១៩ តឹងរ៉ឹង និងមានការបិទខ្ទប់តំបន់មួយចំនួន ដែលមានផ្ទុះករណីឆ្លងកូវីដ ក៏ដោយ។ នេះបើតាមការលើកឡើងរបស់ឧកញ៉ា សុង សារ៉ន។

សូមបញ្ជាក់ថា ប្រទេសថៃថ្មីៗនេះ បានបង្ហាញពីគោលបំណងក្នុងការសហការគ្នាជាមួយវៀតណាម ដើម្បីបង្កើនតម្លៃអង្ករពិភពលោកផងដែរ ដើម្បីបង្កើនប្រាក់ចំណូលដល់កសិកររបស់ពួកគេ ដ្បិតថា ទោះបច្ចុប្បន្នតម្រូវការស្បៀងកំពុងមានការកើនឡើងក្ដី ប៉ុន្ដែការចំណាយលើការផលិត ដូចជាជី ថ្នាំកសិកម្ម និងប្រេងសាំងឥន្ធនៈកំពុងកើនឡើងខ្ពស់ដែរ ដែលវាកំពុងប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករយ៉ាងខ្លាំង៕

None



អត្ថបទបន្ទាប់


របៀបដែលអាចធ្វើឲ្យក្រុមហ៊ុននៅកម្ពុជាការពារម៉ាកយីហោរបស់ខ្លួនពីការខូចខាត ដែលបណ្ដាលមកពីការបង្កើត គណនីក្លែងក្លាយ និងព័ត៌មានមិនច្បាស់លាស់លើអ៊ីនធឺណិត

នៅពេលដែលក្រុមហ៊ុននៅកម្ពុជាជាច្រើនបានចាប់ផ្តើមធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេលើអ៊ីនធឺណិត ក្រុមហ៊ុន Httpool ដែលជាអ្នកតំ…

កម្ពុជារំពឹងពីកំណើនទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយវៀតណាម និងថៃ

កម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្រោយពីមានការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ