លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជាបានគូសបញ្ជាក់ថា តម្លៃដែក ដែលក្រុមហ៊ុនលោកទិញចូលបច្ចុប្បន្នមានការធ្លាក់ចុះក្នុងរង្វង់១០០ដុល្លារ ឬស្មើនឹងជាង១០% ក្នុង១តោន ពោលគឺបច្ចុប្បន្នដែក១តោនក្រុមហ៊ុនលោកទិញចូលក្នុងតម្លៃជាង៧រយដុល្លារ ខណៈកាលពីមុនជាង៨រយដុល្លារក្នុង១តោន។ លោកកត់សម្គាល់ឃើញថា ទំនោរនៃការធ្លាក់ចុះតម្លៃដែកនេះបានកើតឡើងក្នុងរយៈពេលពី១ទៅ២ខែចុងក្រោយនេះ។ ពាក់ព័ន្ធមូលហេតុនៃការធ្លាក់ចុះតម្លៃដែកនៅកម្ពុជានេះ ត្រូវបានលោកវាយតម្លៃថា អាចបណ្តាលមកពីការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅប្រទេសចិន ដែលធ្វើឲ្យតម្រូវការដែកមានធ្លាក់ចុះ។ ម្យ៉ាងទៀត ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅមួយចុងក្រោយ ក៏ជាមូលហេតុមួយផងដែរ។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការរូបនេះអះអាងថា ការធ្លាក់ចុះតម្លៃដែកនៅមួយរយៈចុងក្រោយនេះកំពុងផ្ដល់នូវក្តីសង្ឃឹមឡើងវិញដល់ក្រុមហ៊ុនម៉ៅការសំណង់ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់អគារលំនៅឋាន និងអគារផ្សេងៗ តាមរយៈការជួយកាត់បន្ថយថ្លៃដើមនៃការចំណាយ ជំរុញឲ្យមានប្រាក់ចំណេញកើនឡើងវិញ។ ប៉ុន្តែការឡើងចុះនៃតម្លៃដែកនេះ ក៏បានបង្កការលំបាកដល់ក្រុមហ៊ុនម៉ៅការសាងសង់ក្នុងការវាយតម្លៃគម្រោងជូនអតិថិជនផងដែរ។
ពាក់ព័ន្ធបញ្ហាតម្លៃទីផ្សារដែកនេះដែរ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ ហ៊ួត ជា បានគូសបញ្ជាក់ថា តម្លៃដែកនៅក្រុមហ៊ុនរបស់លោកនៅមួយរយៈចុងក្រោយមានការធ្លាក់ចុះជាង៥% ពោលគឺបច្ចុប្បន្នដែកមួយតោនលក់ចេញក្នុងតម្លៃចន្លោះពី៧៧០ ទៅ៧៨០ដុល្លារទៅតាមប្រភេទដែក ខណៈកាលពីមុនលក់ចេញជាង៨រយដុល្លារក្នុងតោន។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ដែកមានត្រឹមតែ២០%ប៉ុណ្ណោះនៃគ្រឿងសំណង់ ដែលបានដាក់លក់នៅក្នុងក្រុមហ៊ុនរបស់លោកឧកញ៉ា ហើយដែកទាំងនោះ គឺជាផលិតផលក្នុងស្រុក។ ទោះបីយ៉ាងនេះក្តី ឧកញ៉ា អះអាងថា ការលក់ដែក និងគ្រឿងសំណង់ផ្សេងៗនៅក្រុមហ៊ុនរបស់លោកបច្ចុប្បន្ននៅតែបង្ហាញទំនោរធ្លាក់ចុះក្នុងរង្វង់៣០% បើធៀបនឹងការលក់កាលពីមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីខែកក្កដា កន្លងទៅ កម្ពុជាបាននាំចូលដែក និងដែកថែបពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុកមានតម្លៃជិត៣០លានដុល្លារ កើនឡើងជិត២១% បើធៀបនឹងខែកក្កដា កាលពីឆ្នាំ២០២១ ដែលមានជាង២៤លានដុល្លារ។ ដោយឡែកនៅក្នុងរយៈ៧ខែឆ្នាំ២០២២ កម្ពុជាបានចូលដែក និងដែកថែមមានតម្លៃសរុបជា២១៥លានដុល្លារ មានការកើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត១៨០លានដុល្លារ៕