លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ទោះបីវិបត្តិសកលបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាមានភាពមិនច្បាស់លាស់ដ៏ដោយ តែវិស័យសំខាន់ៗ៣ រួមមាន វិស័យកាត់ដេរ វិស័យធនាគារ និងវិស័យផលិតកម្មរបស់កម្ពុជា នៅមានតែមានភាពធន់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះកត់សម្គាល់ឃើញថា ការបង្វែរយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមកផ្តោតលើវិស័យផលិតកម្មដោយយកមូលធនមនុស្សជាគោល ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ បានលេចចេញជារូបរាងបណ្តើរៗហើយ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនឱ្យបាន១លាន៥សែនាក់នៅក្នុងរយៈពេល៥ឆ្នាំ។ ហើយតាមរយៈគោលនយោបាយនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជឿជាក់ថា កម្ពុជាអាចនឹងឈានដល់ការចាប់យកឧស្សាហកម្មអេឡិចត្រូនិក និងឧស្សាហកម្មរថយន្តនាពេលខាងមុខ។
ជុំវិញគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនឱ្យបាន១លាន៥សែននាក់នេះ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យយុវជន និងយុវនារីខ្មែរ ចុះឈ្មោះចូលរៀនលើមុខជំនាញចំនួន៣៨មុខ នៅក្នុងវិស័យសំខាន់ៗចំនួន១០ រួមមាន វិស័យសំណង់ អគ្គិសនីនិងថាមពល អេឡិកត្រូនិក កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារត្រជាក់ និងកម្ដៅ ទេសចរណ៍ កសិកម្ម និងកសិឧស្សាហកម្ម។ រដ្ឋាភិបាលជឿជាក់ថា តាមរយៈផែនការនេះយុវជននឹងមានឱកាសទទួលបានការងារ និងចំណូលសមរម្យសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងទ្រទ្រង់ដល់សេដ្ឋកិច្ច។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងបន្តនិន្នាការកើនឡើងជាមួយក្តីរំពឹងអាចសម្រេចបានកំណើនក្នុងរង្វង់៦,៦% ដែលជួយជំរុញឱ្យផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានតម្លៃ១៤ម៉ឺន ប៊ីលានរៀល ឬជាង៣៥ពាន់លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះផលិតផលក្នុងសរុបសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងកើនឡើងដល់២ពាន់៧១ដុល្លារអាម៉េរិក មានការកើនឡើងជាង១៥០ដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណ១ពាន់៩១៧ដុល្លារអាម៉េរិក៕