ឱនភាពពាណិជ្ជកម្មកម្ពុជា

ឱនភាពពាណិជ្ជកម្មកម្ពុជាកើនខ្ពស់ ខណៈការនាំចូលមាសកើនដល់ជាង ៤ពាន់លានដុល្លារ


បើទោះបីជាការនាំចេញទំនិញផ្នែកកម្មន្ដសាល និងការនាំចេញផលិតផលកសិកម្មកម្ពុជានៅមួយរយៈកន្លងមកនេះ មានកើនឡើងខ្លាំងក៏ដោយ ប៉ុន្ដែ ឱនភាពពាណិជ្ជកម្ម ឬហៅថា ការនាំចូលមានលើសការនាំចេញនោះ គឺនៅតែមានការហក់ឡើងខ្ពស់ដដែល។ នេះបើតាមរបាយការណ៍ពីធនាគារពិភពលោក។ តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យឱនភាពពាណិជ្ជកម្មកម្ពុជាកើនឡើងខ្លាំងយ៉ាងដូច្នេះ?
រូបតំណាង៖ ពាណិជ្ជកម្មកម្ពុជា

បើតាមធនាគារពិភពលោក កត្តាដែលបណ្ដាលឲ្យឱនភាពពាណិជ្ជកម្មកម្ពុជាកើនខ្លាំង គឺដោយសារតែ កំណើននៃការនាំចូលរបស់របរសំខាន់ៗមួយចំនួន ជាពិសេសគឺមាសតែម្ដង ដែលគេប្រើជាទ្រព្យសម្បត្តិសន្សំ។ តួយ៉ាង ការនាំចូលមាសនៅ៩ខែដំបូងឆ្នាំ២០២១ មានការកើនឡើងយ៉ាងគំហុកដល់ទៅ ជាង៤ពាន់លានដុល្លារអាមេរិកឯណោះ ដែលវាបានឆ្លុះបង្ហាញឲ្យឃើញពីការការពារប្រឆាំងនឹងការប្រែប្រួលតម្លៃ និងអតិថរណា ដែលកំពុងកើនឡើង។

របាយការណ៍ថ្មីចុងក្រោយ​មួយរបស់​ធនាគារពិភពលោក បាន​ឲ្យដឹងថា នៅ៩ខែដំបូង​​ឆ្នាំ២០២១ការនាំចេញ​ទំនិញ​របស់​កម្ពុជា​សម្រេចបាន​ត្រឹមតែប្រមាណ ១២ពាន់៧រយលាន​ដុល្លារអាមេរិក មានការធ្លាក់ចុះ​ប្រមាណ ៣,៥% បើធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ស្របពេលដែលការនាំចូលវិញសម្រេចបាន​ដល់ទៅ ជាង​ ២០ពាន់លាន​ដុល្លារ កើនដល់ទៅជាង ​៥៣%ឯណោះ។ កំណើនការនាំចូល​គំហុក ប៉ុន្ដែ​ការនាំចេញធ្លាក់ចុះនេះ បាន​ធ្វើឲ្យ​កម្ពុជា​មានឱនភាព​ពាណិជ្ជកម្ម​ដល់ទៅ ៧ពាន់លាន​ដុល្លារឯណោះ។ ហេតុអ្វីក៏​ការនាំចូល​កើនខ្លាំងយ៉ាងដូច្នេះ? នោះក៏ដោយសារតែ កម្ពុជា​បាន​បង្កើន​ការនាំចូល​នូវផលិតផល​សំខាន់ៗ​មួយចំនួន ពិសេស​គឺការនាំចូលមាសតែម្ដង ដោយ​គ្រាន់តែការនាំចូលមាសមួយមុខប៉ុណ្ណោះ មានតម្លៃដល់ទៅជាង​ ៤ពាន់លានដុល្លារអាមេរិក​ គិតត្រឹម៩ខែ​ដំបូង​ឆ្នាំ២០២១នេះ ពោលគឺកើនឡើង​ដល់ទៅ​ជាង​១០ដង បើធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ការនាំចូលមាស​កើនឡើង​យ៉ាងខ្លាំងនេះ បានឆ្លុះបញ្ចាំងពី​ការការពារ​ប្រឆាំង​នឹង​ការប្រែប្រួល​តម្លៃ និងអតិផរណា​​នៅកម្ពុជា​​ដែលកំពុងកើនឡើងផងដែរ។

ហេតុអ្វី​ក៏កម្ពុជា​ចាំបាច់​ត្រូវការនាំចូលមាស​ច្រើនយ៉ាងដូច្នេះ? បើតាម​លោក លី សូដេត សេដ្ឋវិទូ​ប្រចាំធនាគារពិភពលោក​បាន​អះអាងថា ហេតុផល គឺដោយសារតែតម្លៃមាស​​នៅតែ​​មានភាពល្អប្រសើរ ដូច្នេះ អ្នកវិនិយោគ​លើមាស ឈ្មួញជួញដូរមាស នៅតែមើលឃើញពីឱកាស​នាំចូលមាស។ មិនតែប៉ុណ្ណោះ មាសគឺជា​​វត្ថុមានតម្លៃមួយប្រភេទ ដែលអាច​ការពារ​ហានិភ័យ ប្រឆាំង​នឹង​អតិផរណា ដែលកំពុង​មានការកើនឡើង។ ម្យ៉ាងវិញទៀត តម្លៃមាស ត្រូវបានគេមើលឃើញ គឺនៅតែមានភាពល្អប្រសើរ គិតតាំងពីឆមាសទី២​ឆ្នាំ២០២០មកម្ល៉េះ។

ក្រៅពីមាស កម្ពុជា​ក៏មានការនាំចូល​ក្រណាត់​សម្រាប់​ផលិតកម្ម​រោងចក្រ​កាត់ដេរ និងការនាំចេញកើនឡើងផងដែរ ដោយ​នៅ៩ខែដំបូងឆ្នាំនេះ ការនាំចូលក្រណាត់​មានតម្លៃដល់ទៅជាង ៣ពាន់​៥រយលានដុល្លារ កើនឡើងជាង​២៥%។

ជាមួយគ្នានេះដែរ បើមើលទៅលើ​ទុនបម្រុងអន្តរជាតិ​សរុប របស់​កម្ពុជា ក៏មានការធ្លាក់ចុះតិចតួចដែរមកនៅត្រឹមជាង​១៩ពាន់លានដុល្លារគិតត្រឹមខែ​កញ្ញា​ឆ្នាំ២០២១ ដែលអាចរាប់រង​ការនាំចូលបាន​រយៈពេល​១០ខែ ធ្លាក់ចុះពីប្រមាណ ជាង២១ពាន់លាន​ដុល្លារ​កាលពីចុងឆ្នាំ២០២០។ ​ដោយឡែក ចំពោះ​អតិផរណាវិញ ក៏មានការកើនឡើងដល់ ៣,៤%ផងដែរ គិតក្នុងខែសីហាឆ្នាំ២០២១ ដោយសារតែ​ការងើបឡើងខ្លាំងនៃតម្លៃប្រេង ហើយបើធៀបនឹង​ឆ្នាំ២០១៩ អតិផរណាមាន​ក្នុង​អត្រា ៣,១%ប៉ុណ្ណោះ។ រីឯ អត្រា​ប្ដូរប្រាក់វិញ​នៅមានស្ថិរភាព​ជារួម​ប្រមាណ ៤.១០០រៀល​ក្នុងមួយដុល្លារអាមេរិក។

យ៉ាងណាក៏ដោយចុះ នៅឆ្នាំ២០២១នេះ ធនាគារពិភពលោក​នៅតែរក្សាការព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងអត្រាកំណើន ២,២%​ ដដែល ខណៈដែលឆ្នាំ២០២២​ព្យាករថា នឹងកើនឡើង​៤,៥%៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលជាមួយសិង្ហបុរី

ព័ត៌មាន
ប្រទេសសិង្ហបុរី ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលត្រូវបាន ប្រទេសអង់គ្លេស យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល ដែលជាកិច្ចព្រ…

ក្រសួងប្រៃសណីយ៍ រកឃើញករណីចែកចាយសេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់នៅតាមតំបន់ក្បែរព្រំដែន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ក្រសួងបានរកឃើញ មានករណីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ