វិស័យដឹកជញ្ជូន

អ្នកជំនាញជឿជាក់ថា វិស័យដឹកជញ្ជូនរបស់កម្ពុជានឹងរងផលប៉ះពាល់ ប្រសិនបើមិនអាចចរចាបញ្ចុះពន្ធបដិការបានបន្ថែមទៀត


ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជា បានវាយតម្លៃថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ វិស័យដឹកជញ្ជូនរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន បើទោះបីជាកម្ពុជា បានជួបបញ្ហប្រឈមមួយចំនួនពាក់ព័ន្ធនឹងបញ្ហាបិទច្រកព្រំដែន និងសម្ពាធពន្ធបដិការពីអាម៉េរិក យ៉ាងណាក្តី។ តែយ៉ាងណា ក្រុមអ្នកជំនាញអះអាងថា វិស័យដឹកជញ្ជូនកម្ពុជា អាចនឹងរងផលប៉ះពាល់មួយចំនួន ប្រសិនបើរាជរដ្ឋាភិបាលមិនអាចចរចាបញ្ចុះពន្ធបដិការពីអត្រា៣៦% បានបន្ថែមទៀតទេនោះ។
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានគូសបញ្ជាក់ថា ទោះបីវិស័យដឹកជញ្ជូនរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានជាបន្តបន្ទាប់មកទល់ពេលនេះ ប៉ុន្តែវិស័យនេះ បានប្រឈមមុខនូវបញ្ហាមួយចំនួនដែលបានកើតមានឡើងនាពេលថ្មីៗនេះ ដូចជាបញ្ហាបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ និងបញ្ហាសម្ពាធពន្ធបដិការរបស់អាម៉េរិក ជាដើម។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ បច្ចុប្បន្នវិនិយោគិនកំពុងសម្រុកនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក ឱ្យបានមុនថ្ងៃទី១ ខែសីហា ដែលអត្រាពន្ធបដិការរបស់អាម៉េរិក ដាក់មកលើកម្ពុជា ចំនួន៣៦% នឹងចូលជាធរមាន ហើយចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក។ សម្រាប់អ្នកជំនាញរូបនេះ អត្រាពន្ធបដិការចំនួន៣៦%នេះ ជាកម្រិតមួយដែលអាចជះផលលំបាកមួយចំនួនសម្រាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងអាចចរចាបញ្ចុះអត្រាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត ដ្បិតថាទាំងវិស័យឯកជន និងរាជរដ្ឋាភិបាលបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយលើបញ្ហានេះ។

​ស្រដៀងគ្នានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ វិស័យដឹកជញ្ជូន​កម្ពុជា ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថា វិស័យដឹកជញ្ជូនរបស់កម្ពុជានឹងរងផលប៉ះពាល់មួយចំនួន ក្រោយអាម៉េរិក ដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា អនុវត្តការយកពន្ធបដិការ ហើយរាជរដ្ឋាភិបាលកម្ពុជា មិនអាចចរចាបញ្ចុះពន្ធឱ្យទាបជាងអត្រា៣៦% ទេនោះ។ យ៉ាងណាក៏ដោយ លោករំពឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងមានលទ្ធភាពខ្ពស់ក្នុងការចរចាបញ្ចុះពន្ធជាមួយអាម៉េរិក បន្ថែមទៀត។

​សូមជម្រាបថា នៅក្នុងរយៈពេល៦ខែ​ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៣០ពាន់លានដុល្លារ កើនឡើងជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង១៤ពាន់លានដុល្លារកើនឡើងជាង១៦% ខណៈកម្ពុជា នាំចូលមកវិញមានទំហំជាង១៦ពាន់លានដុល្លារកើនឡើងជាង១៨%។

សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា នៅរយៈពេល៦ខែកន្លងមកនេះ ជាមួយទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ កើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងគម្រោងសម្បទានដីសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងគម្រោងសម្បទានដីសេដ្ឋកិ…

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា អត្រាអតិផរណានៅអាម៉េរិកនឹងហក់ឡើងខ្ពស់ ក្រោយពន្ធរបស់លោក ត្រាំ ចាប់ផ្តើមអនុវត្តនៅខែក្រោយ

ក្រោយមើលឃើញពីអត្រាកំណើនអតិផរណាតិចតួចអស់រយៈពេលជាច្រើនខែ សហរដ្ឋអាម៉េរិក បានជួបបញ្ហាការកើនឡើងតម្លៃទំនិញ និងសេវាកម្មប្រមាណ០,៣% កាលពីខែមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ