
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មាន ខេមបូណូមីស ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានអះអាងថា មកទល់ពេលនេះ គោលនយោបាយដំឡើងពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើប្រទេសមួយចំនួនពុំទាន់មានផលប៉ះពាល់ដល់វិស័យដឹកជញ្ជូនគួរឱ្យកត់សម្គាល់នៅឡើយទេ។ ប៉ុន្តែការឡើងថ្លៃលើការដឹកជញ្ជូនខ្លះបានកើតឡើងដោយសារកត្តារួមផ្សំ ដូចជាការឡើងថ្លៃប្រេងឥន្ធនៈ និងការកាត់បន្ថយជើងកប៉ាល់ជាដើម។ យ៉ាងណាមិញអ្នកជំនាញរូបនេះ វាយតម្លៃថា វិស័យដឹកជញ្ជូនពិភពលោកទំនងមិនមានបញ្ហាប្រឈមធ្ងន់ធ្ងរនោះទេ ដោយសារមានក្រុមហ៊ុនកប៉ាល់ធំៗមួយចំនួនបានងាកមកវិនិយោគជាមួយសហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា វិស័យដឹកជញ្ជូនរបស់កម្ពុជា ក៏ទំនងមិនមានអ្វីប្រឈមខ្លាំងនោះដែរ ខណៈវិស័យនេះ មានភាពមមាញឹកស្របពេលសេដ្ឋកិច្ចកំពុងតែងើបឡើងវិញ។
បើតាមការយល់ឃើញរបស់ឧកញ៉ា ស៊ិន ចន្ធី ការដំឡើងពន្ធដាក់គ្នារវាងប្រទេសមហាអំណាចធំៗ ក៏អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរបស់រដ្ឋាភិបាល ដូចជាកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ជាដើម គឺបានបង្ហាញពីការត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួនលើថ្លៃដឹកជញ្ជូន និងឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចនាពេលខាងមុខ។
យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ វាយតម្លៃថា វិស័យដឹកជញ្ជូនរបស់កម្ពុជា នៅឆ្នាំ២០២៥ នេះនឹងបន្តមានការកើនឡើង។ ការវាយតម្លៃបែបនេះ ក៏ដោយសារមានកត្តារួមផ្សំមួយចំនួនដូចជាការបញ្ជាទិញ និងការចុះបញ្ជីក្រុមហ៊ុនវិនិយោគបរទេសមានការកើនឡើង ខណៈទំហំពាណិជ្ជកម្មក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក៏មានការកើនឡើងដែរ៕
អត្ថបទ៖ បូ ដូឡា