ពាណិជ្ជកម្មកម្ពុជា-អាស៊ាន

តើពាណិជ្ជកម្មរវាងកម្ពុជាជាមួយអាស៊ាននៅត្រីមាសទី១ឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាខ្លះ?


ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសសមាជិកអាស៊ាន មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មផ្ដល់ឲ្យសារព័ត៌មានខេមបូណូមីស។ ការថយចុះ នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងដៃគូ ពិសេសការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ នៅត្រីមាសទី១ឆ្នាំនេះ ត្រូវបានអ្នកជំនាញអះអាងថា ដោយសារតែតម្រូវការបញ្ជាទិញពីក្រៅប្រទេសមានការធ្លាក់ចុះ ក្រោយរងសម្ពោធពីវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
តើពាណិជ្ជកម្មរវាងកម្ពុជាជាមួយអាស៊ាននៅត្រីមាសទី១ឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាខ្លះ?

ផ្អែកតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយតំបន់អាស៊ាន នៅត្រីមាសទី១ឆ្នាំ២០២៣នេះ មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារអាមេរិក ថយចុះ១៦%។ ក្នុងនោះ ប្រទេសវៀតណាម និងថៃ គឺជាទីផ្សារឈានមុខគេរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅត្រីមាសទី១ឆ្នាំ២០២៣ មានទឹកប្រាក់សរុបជាង ១ពាន់៨រយលានដុល្លារ កើនឡើងជាង ៨%។ រីឯ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ វិញមានទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារ ថយចុះ ៩%។ ដោយឡែក ប្រទេសឥណ្ឌូនេស៊ី បានស្ថិតក្នុងលំដាប់លេខ៣ ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ៣០០លានដុល្លារ កើនឡើង ៤៣%។

ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់។ ចំណែកឯ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចូលពីបណ្ដាប្រទេសអាស៊ាន រួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងយន្តកសិកម្ម និងយានយន្ត ជាដើម។

ក្រុមអ្នកជំនាញធ្លាប់បានអះអាងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បន្តធ្លាក់ចុះ នៅត្រីមាសទី១ឆ្នាំ២០២៣នេះ ព្រោះតែឥទ្ធិពលនៃវិបត្តិភពលោកនៅតែបន្តអូសបន្លាយ ដែលធ្វើឲ្យការបញ្ជាទិញរបស់កម្ពុជាពីទីផ្សារគោលដៅត្រូវថយចុះ ជាពិសេសទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក តែម្ដង ដែលជាទីផ្សារគោលដៅដ៏ធំរបស់កម្ពុជា។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ បានថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ និងទំនិញដែលកម្ពុជាបាននាំចូលពីអន្តរជាតិវិញ មានទំហំទឹកប្រាក់សរុបជាង ៥,៨ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


នៅចំពោះមុខការចាប់ផ្ដើមនៃសករាជ្យរថយន្តអគ្គីសនីចិន តើរថយន្តប្រើប្រេងឥន្ធនៈជិតអស់ផ្លូវហើយ ឬយ៉ាងណា?

ព័ត៌មាន
គេរំពឹងថា រថយន្តអគ្គីសនីចិននឹងជំនួសរថយន្តប្រើប្រេងឥន្ធនៈនាពេលខាងមុខ ស្របពេលដែលការប្រើប្រាស់រថយន្តអគ្គិសនីមានកំណើនខ្លាំង ជាពិសេសនៅក្នុងប្រទ…

របាយការណ៍ស្រាវជ្រាវបង្ហាញថា ឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍កើនឡើង ខណៈឥទ្ធិពលរបស់អាមេរិកធ្លាក់ចុះ

ព័ត៌មាន
របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន ឡូវី (Lowy) បាននិយាយថា ភាពខ្លាំងរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺស្ថិតនៅក្នុងទំនាក់ទំនងការទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ