មន្ត្រីជាន់ខ្ពស់អ្នកសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបបាននិយាយថា ក្នុងសេណារីយោប្រសិនបើទីក្រុងម៉ូស្គូកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មហ៊ុមព័ទ្ធប្រេងរបស់ប្លុកនេះមែននោះ វាអាចនឹងជំរុញឱ្យសហភាពអឺរ៉ុបធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
លោក Paolo Gentiloni ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលនាដើមសប្ដាហ៍នេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបង្កឱ្យមានការអស្ថិរភាពសេដ្ឋកិច្ចជាខ្លាំងនៅលើទីផ្សារសកល ពិសេសក៏កំពុងប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបផងដែរ ខណៈកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះទាប ហើយតម្លៃអតិផរណាបន្ដកើនឡើងខ្ពស់ជាងការព្យាករ។
គណៈកម្មការអឺរ៉ុបបានទម្លាក់ការព្យាករណ៍របស់ខ្លួនកាលពីថ្ងៃទី ១៦ ឧសភាសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងប្លុកនេះមកនៅត្រឹម ២,៧% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ ខណៈការព្យាករណ៍កាលពីមុនមាន ៤%។
ដោយឡែក នៅឆ្នាំ២០២៣វិញ កំណើនសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបត្រូវបានបន្ទាបការព្យាករមកនៅត្រឹម ២,៣% ខណៈកាលពីមុនធ្លាប់ព្យាករថានឹងមាន២,៨%។ ក្នុងនោះ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះផងដែរ ហើយអាជីរកម្មផ្សេងៗ និង ការចំណាយក្នុងគ្រួសារនឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយការឡើងថ្លៃថាមពល។
គួរកត់សម្គាល់ថា គណៈកម្មការអឺរ៉ុបក៏បានព្យាករណ៍ថា បណ្តាប្រទេសនៅក្នុងតំបន់ដែលចាយប្រាក់អឺរ៉ូ ហើយពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី និង មានទីតាំងភូមិសាស្ត្រនៅជិតសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែន នឹងអាចមានការកើនឡើងតម្លៃទំនិញប្រើប្រាស់ក្នុងអត្រាជាមធ្យម ៦,១% ក្នុងឆ្នាំ ២០២២ ខណៈការព្យាករណ៍កាលពីមុនមានត្រឹម ៣,៥% ប៉ុណ្ណោះ។
យ៉ាងណាមិញ គណៈកម្មាការសហភាពអឺរ៉ុប នៅតែបន្តស្នើឲ្យមានការដាក់ទណ្ឌកម្មទី ៦ លើការកាត់ផ្តាច់ប្រេងរុស្ស៊ីទាំងស្រុងពីរុស្ស៊ី ដោយតាមផែនការគេគ្រោងនឹងកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីឲ្យបានក្នុងរយៈពេល ៦ ខែ។ ក៏ប៉ុន្តែ កញ្ចប់ទណ្ឌកម្មទី ៦នេះ ត្រូវបានជាប់គាំង ដោយសារប្រទេសហុងគ្រី ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុបបានបដិសេធចំពោះចំណាត់ការនេះ ខណៈប្រទេសនេះមានការពឹងថាមពលខ្លាំងទៅលើទីក្រុមម៉ូស្គូ៕