ដំណាំស្វាយចន្ទី

តើគ្រាប់ស្វាយចន្ទីអាចរក្សាស្ថិរភាពទីផ្សារ និងតម្លៃល្អបានរហូតចប់ឆ្នាំ២០២៥ ដែរឬទេ?


តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅឆ្នាំនេះ ហាក់មានស្ថិរភាពល្អប្រសើរ ពោលគឺនៅតែបន្តរក្សាបានតម្លៃលើស៥,០០០រៀល ក្នុង១គីឡូក្រាម បើទោះបីគ្រាប់គ្រាប់ស្វាយចន្ទីចាប់ផ្ដើមធ្លាក់គុណភាព និងដល់ចុងរដូវប្រមូលផលក៏ដោយ។ ការទទួលបានស្ថិរភាពទីផ្សារនេះ ត្រូវបានក្រុមអ្នកជំនាញអះអាងថា គឺដោយសារមានកំណើនតម្រូវការពីបរទេស គួបផ្សំការបញ្ជាទិញនិងកែច្នៃក្នុងស្រុកមានសកម្មភាពច្រើន និងល្អជាងមុន។ តើអ្នកជំនាញមានការរំពឹងបែបណាចំពោះទីផ្សារគ្រាប់ស្វាយចន្ទី?
ដំណាំស្វាយចន្ទី
ដោយ

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ជឿជាក់ថា ប្រសិនបើមិនមានភ្លៀងធ្លាក់ខ្លាំងទេនោះគ្រាប់ស្វាយចន្ទីស្រស់នឹងនៅតែអាចរក្សាស្ថិរភាពតម្លៃទីផ្សារបានល្អប្រសើររហូតដល់ចប់រដូវកាលប្រមូលផល។ កត្តានេះ គួបផ្សំតម្រូវការគ្រាប់ស្វាយចន្ទីស្រស់ពីទីផ្សារអន្តរជាតិ សម្រាប់យកទៅកែច្នៃ ដើម្បីនាំចេញកំពុងមានការកើនឡើងផងនោះ លោករំពឹងថា ទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជានឹងអាចរក្សាភាពបានល្អប្រសើររហូតដល់ចប់ឆ្នាំ២០២៥។

​ដោយឡែក លោក ងួន គួយ កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា មកទល់ចុងរដូវប្រមូលផលនេះ គ្រាប់ស្វាយចន្ទីស្រស់នៅតែមានតម្លៃលើស៥ពាន់រៀលក្នុង១គីឡូក្រាម បើទោះបីបច្ចុប្បន្នគ្រាប់ស្វាយចន្ទីចាប់ផ្ដើមធ្លាក់គុណភាពដោយសារទឹកភ្លៀងក៏ដោយ​។ កសិករូបនេះអះអាងថា ទីផ្សារគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះហាក់មានស្ថិរភាពល្អប្រសើរជាងឆ្នាំមុន។

​បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កត្តាដែលធ្វើឱ្យទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីនៅនេះមានស្ថិរភាពជាងឆ្នាំមុន ដោយសារឆ្នាំនេះមានការប្រមូលទិញជាប្រព័ន្ធ ការទិញលក់ធ្វើឡើងតាមកិច្ចសន្យារ និងការហាលស្តុកទុករបស់កសិករជាដើម។ កត្តានេះ វានឹងផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ចកាន់តែខ្ពស់ និងធ្វើឱ្យថ្លៃគ្រាប់ស្វាយចន្ទីកាន់តែមានស្ថិរភាព។

​សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទី បានចំនួនជាង៨៥ម៉ឺនតោន ​មានការកើនឡើង២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណជាង៨១ម៉ឺនតោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាម ជាង៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់ជាង១ពាន់១រយលានដុល្លារ កើនឡើង៣១%។ គិតត្រឹមឆ្នាំ២០២៤ កម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


កម្ពុជា រំពឹងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ជួយស្រូបទាញការវិនិយោគ និងភ្ញៀវទេសចរពីចិនចូលកម្ពុជាកាន់តែច្រើន

សមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន West Sea Tourism Services បានសហការរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ក្រោមប្រធានបទ«គន្លឹះឆ្ព…

តើមានកត្តាអ្វីជំរុញឱ្យតម្លៃម្រេចនៅកម្ពុជា ហក់ឡើងដល់ជាង២ម៉ឺនរៀលក្នុង១គីឡូក្រាម?

នៅ២ឆ្នាំចុងក្រោយនេះ តម្លៃម្រេចធម្មតានៅកម្ពុជា ហាក់មានស្ថានភាពល្អ ក្រោយជួបវិបត្តិទីផ្សារកាលពីប៉ុន្មានឆ្នាំមុន។ បើតាមការអះអាងរបស់ក្រុមកសិករ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ