ឥណ្ឌា-ចិន-លោកខាងលិច

តើឥណ្ឌាអាចនឹងជំនួសតំណែងចិន សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកលបានដែរឬទេ?


ប្រទេសលោកខាងលិចរួមទាំងអាមេរិក កំពុងបង្កើនសកម្មភាព កាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើប្រទេសចិនក្នុងវិស័យនានា។ ការណ៍នេះធ្វើឱ្យប្រទេសមួយចំនួន មានឱកាសអាចទៅជំនួសដំណែងរបស់ចិនបាន ដូចមាន ឥណ្ឌាជាដើម។ យ៉ាងណាមិញ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ចានិត យេនឡេន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ទៅកាន់ប្រទេសឥណ្ឌា មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះ ចាត់ទុកក្រុងញូដេលី ជាដៃគូដែលមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់។ មិនមែនមានតែអាមេរិកមួយទេ សូម្បីតែភាគីអូស្ត្រាលីក៏បានលើកឡើងស្រដៀងគ្នានេះដែរ។
លោកខាងលិចបន្ថយការពឹងផ្អែកលើចិនបែរមករកឥណ្ឌា!

តើឥណ្ឌាពិតជាមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនួសតំណែងខ្សែចង្វាក់ផ្គត់ផ្គង់ ដូចលោកខាងលិចមើលឃើញ មែនឬយ៉ាងណា?

ស្របពេលដែលស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ទម្លាក់សេដ្ឋកិច្ចចិន​មកត្រឹម ៤,៤%នៅឆ្នាំក្រោយ ស្ថាប័នដដែលនេះព្យាករណ៍​សេដ្ឋកិច្ចឥណ្ឌាថា នឹងមានកំណើនដល់ទៅ ៦,១%។ IMF ក៏បានទាយទុកមកផងដែរថា ឥណ្ឌានឹងឡើងមក​អង្គុយកៅអីសេដ្ឋកិច្ច​ធំបំផុត​របស់ពិភពលោកលំដាប់ទី៣ នៅត្រឹមឆ្នាំ២០២៧។

ក្រៅពីកត្តាសេដ្ឋកិច្ច កត្តាអំណោយផលមួយទៀតគឺកត្តា ភូមិសាស្ត្រនយោបាយ។ ឥណ្ឌាជាសមាជិករបស់សម្ព័ន្ធចតុភាគី Quad ដែលមានជប៉ុន​ អាមេរិក និងអូស្ត្រាលីជាសមាជិកដែរ ជាហេតុធ្វើឱ្យរដ្ឋាភិបាលក្រុងញូដេលី ងាយស្រួលធ្វើការជាមួយប្រទេសលោកខាងលិច។

នៅប៉ុន្មានឆ្នាំចុងក្រោយ ឥណ្ឌាមើលឃើញពីកំណើន​គួរកត់សម្គាល់មួយ ក្នុងវិស័យវិនិយោគ​ផ្ទាល់​ពីបរទេស។ ជាក់ស្តែង ការវិនិយោគផ្ទាល់ពីបរទេស​អំឡុង​ឆ្នាំ២០២០ និង២០២១ មានតម្លៃជាង ៨០ពាន់លានដុល្លារអាមរិក។ ខណៈនៅជិត១១ខែឆ្នាំ២០២២នេះ ការវិនិយោគមាន​តម្លៃជិត ៤០ពាន់លានដុល្លារ ច្រើនជាងពីរដងអត្រាខ្ពស់បំផុតដែលបានកត់ត្រាកាលពីឆ្នាំ២០១៧។

ស្របពេលដែល លោកខាងលិចមួយចំនួនផ្តើមលែងទុកចិត្តប្រទេសចិន កំណែទម្រង់របស់រដ្ឋាភិបាលក្រុងញូដេលី ក៏បានធ្វើបានធ្វើ​ឱ្យប្រទេសនេះ កាន់តែទាក់ទាញ​សម្រាប់ដៃគូ។ ជាក់ស្តែង នាយករដ្ឋមន្ត្រីណារីនដ្រា ម៉ូឌី បានដាក់ចេញនូវកំណែ​ទម្រង់ទីផ្សារ និងការបង់ពន្ធ ពង្រឹងបច្ចេកវិទ្យា​​ឌីជីថល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេសជាច្រើន។

ស្ថាប័ន Morgan Stanley ដែលជាក្រុមហ៊ុនគ្រប់គ្រង​ការវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុ​របស់អាមេរិក បានប៉ាន់ស្មានថា ការផលិតដែលតំណាងឱ្យ​មួយផ្នែកធំនៃ GDP ឥណ្ឌា អាចកើន​ឡើង​ពី រង្វង់ជាង១៥%ក្នុងពេលបច្ចុប្បន្ន ដល់២១%នៅឆ្នាំ២០៣១។ ចំនួននេះជាកំណើនទ្វេដង ធ្វើឱ្យឥណ្ឌាជា​ប្រទេសមានចំណែកទីផ្សារ​ធំលំដាប់ទី៥ នៃការនាំចេញសរុបរបស់ពិភពលោក។

ក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើនបានកត់សម្គាល់ពីតួលេខនាំចេញ​ដ៏លេចធ្លោមួយនេះ។ ជាក់ស្តែង ក្រុនហ៊ុនអ្នកផ្គត់ផ្គង់របស់​ Apple គឺ Foxconn បានបង្កើនការផលិតរបស់ខ្លួនក្នុងរោងចក្រដែលមានស្រាប់ នៅទីក្រុងឆេនណៃ (Chennai) ប្រទេសឥណ្ឌា ក្រោយពីកូវីដ១៩នៅចិនបង្អាក់សកម្មភាពផលិតក្នុងរោងចក្រខ្លួននៅប្រទេសចិន។

ក្រៅពី Foxconn សូម្បីតែក្រុមហ៊ុនតៃវ៉ាន់ដែលជាអ្នកផ្គត់ផ្គង់មួយទៀតរបស់ Apple គឺ Pegatron ក៏បានចាប់ផ្តើមដំណើរការដំឡើងទូរសព្ទ iPhone 14 ដែលជាម៉ូឌែលចុងក្រោយ នៅក្នុងប្រទេសឥណ្ឌាផងដែរ។ ក្រៅតែពី Apple ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និង Samsung ក៏គ្រោងនឹងរើផលិតកម្មមួយចំនួនទៅកាន់ប្រទេសឥណ្ឌាផងដែរ ដោយមួយផ្នែកត្រូវបានទាក់ទាញដោយអត្ថប្រយោជន៍ពីគម្រោងផ្តល់ទុន​លើកទឹកចិត្ត​របស់រដ្ឋាភិបាលឥណ្ឌា ដែលនឹងឧបត្ថម្ភធន​លើការលក់ទំនិញក្នុង​វិស័យជាច្រើន ដែលកំពុងមានការប្រកួតប្រជែងខ្ពស់។

ទោះយ៉ាងណាសូមកុំភ្លេចថា នៅមាន​ប្រមាណ៧០%ទៀតនៃគ្រឿងបង្គុំរបស់ Apple សុទ្ធតែត្រូវផ្គត់ផ្គង់ចេញពីប្រទេសចិន។ ដូច្នេះហើយ ការឈប់ពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិន មិនថាតែក្រុមហ៊ុនរបស់អាមេរិកនោះទេ គឺទំនងជាមិនអាចធ្វើឡើងក្នុងពេលឆាប់ៗឡើយ។ បន្ថែមពីលើនេះទៀត បច្ចុប្បន្នចិនតំណាងឱ្យប្រមាណ ៨០%នៃផលិតកម្មបន្ទះសូឡារបស់​ពិភពលោក ហើយចិនក៏ជាអ្នកផលិតបន្ទះឈីប និងគ្រឿងបង្គុំផ្សេងទៀតធំបំផុតលំដាប់ទី៤ផងដែរ ដែលបានតំណាងឱ្យជាង ១៥%នៃផលិតកម្មសរុបរបស់សកលលោកក្នុងទិន្នន័យឆ្នាំ២០២០៕




អត្ថបទបន្ទាប់


តើចិននឹងបញ្ចប់វិធានការសូន្យកូវីដមុនការគ្រោងទុកឬយ៉ាងណា ខណៈបាតុកម្មតវ៉ាកំពុងរីករាលដាលកាន់តែខ្លាំង?

ស្ថាប័នធនាគារហិរញ្ញវត្ថុរបស់អាមេរិកដ៏ធំ Goldman Sachs បានប៉ាន់ស្មានថា ប្រទេសចិនទំនងជាបិទបញ្ចប់វិធានការកូវីដ១៩ស្មើសូន្យដ៏តឹងតែងរបស់ខ្ល…

តើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ប្រទេសណាខ្លះបានដាក់ស្នើសុំប៉ាតង់ច្រើនជាងគេ សម្រាប់ការផលិតឧបករណ៍បម្រើឱ្យបច្ចេកវិទ្យា Metaverse?

ស្របពេលដែលក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានចំណាយលុយរាប់ពាន់លានដុល្លារលើគម្រោងពិភពនិមិត្ត Metaverse ក្រុមហ៊ុនបច្ចេកវិទ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ