វិស័យការពារជាតិ

តើថៃ អាចប្រើច្បាប់ព្រៃជម្លៀសពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់ នៅថ្ងៃឱសានវាទមកដល់ទេ?


បញ្ហាជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ដែលភាគីថៃ អះអាងទាមទារដោយឥតអៀនខ្មាស់រង្វេងប្រវត្តិសាស្ត្រថាគឺស្ថិតនៅលើទឹកដីរបស់ខ្លួន ដោយសម្អាងលើផែនទីដែលគូរដោយឯកតោភាគី បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។
វិស័យការពារជាតិ
ដោយ

ដោយសារបញ្ហានេះហើយ បានធ្វើឱ្យគម្រោងការរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះចន្លោះពីថ្ងៃ ១០-១២ ខែតុលា នៅទីក្រុងប៉ោយប៉ែត កំពុងជាប់គាំងក្រោយកម្ពុជា មិនអាចធ្វើតាមការស្នើសុំរបស់ថៃ ដែលទាមទារឱ្យជម្លៀសពលរដ្ឋចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ក្នុងរបៀបវារៈនៃកិច្ចពិភាក្សា។ នៅពេលដែលកិច្ចប្រជុំនេះជាប់គាំង តើកងទ័ពថៃ អាចប្រើច្បាប់ព្រៃជម្លៀសពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់នៅថ្ងៃឱសានវាទមកដល់ឬយ៉ាងណា?

មេយោធភូមិភាគទី៥របស់កម្ពុជា បានប្រាប់ភាគីថៃ យ៉ាងច្បាស់ពីជំហរពាក់ព័ន្ធនឹងសំណើរបស់យោធភូមិភាគទី១របស់ថៃថា កម្ពុជា មិនអាចធ្វើតាមសំណើរបស់ភាគីថៃ ដែលទាមទារឲ្យរៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់បានជាដាច់ខាត។ មេយោធភូមិភាគទី៥របស់កម្ពុជា បានសង្កត់ធ្ងន់ថា នៅក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្របសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធីតែប៉ុណ្ណោះ មិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះឡើយ។

មេយោធភូមិភាគទី៥របស់កម្ពុជា ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសតាមរយៈការបញ្ជៀសរាល់សកម្មភាពទាំងឡាយ ដែលអាចនាំឲ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោកនៃប្រទេសទាំងពីរ។

ក្រោយកម្ពុជាបញ្ជូនចម្លើយតាមរយៈសារព័ត៌មាន the Nation ភាគីថៃបានឆ្លើយតបមកវិញ ដោយបញ្ជាក់ពីការត្រៀមខ្លួនចូលរួមកិច្ចប្រជុំដែលគ្រោងធ្វើនៅទីក្រុងប៉ោយប៉ែតចន្លោះពីថ្ងៃទី១០-១២ ខែតុលា ប៉ុន្តែនៅតែបញ្ជាក់ដដែលថា ការចូលរួមរបស់ភាគីថៃនឹងដំណើរការទៅបាន លុះត្រាតែកម្ពុជារៀបចំ និងដាក់ផែនការជម្លៀសពលរដ្ឋខ្មែរដែលរស់នៅតំបន់ជម្លោះខាងលើ។

តើកិច្ចប្រជុំវិសាមញ្ញលើកទី២នៃគណកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ អាចរៀបចំឡើងបានដែរឬទេ? ហើយថាតើមេយោធភូមិភាគទី១របស់ថៃ នឹងអនុវត្តការជម្លៀសពលរដ្ឋកម្ពុជាចេញពីតំបន់ជម្លោះនៅថ្ងៃទី១០ ខែតុលា ដែលជាថ្ងៃថៃដាក់ឱសានវាទឬយ៉ាងណា?

វាពិតជាពិបាកប៉ាន់ស្មានណាស់ ពីការសម្រេចចិត្តរបស់មេយោគធភូមិភាគទី១របស់ថៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា ថៃទំនងជាមិនប្រញាប់អនុវត្តឡើយ ពីព្រោះអន្តរជាតិ ក៏កំពុងតាមដានមើលសកម្មភាពរបស់យោធាថៃយ៉ាងយកចិត្តទុកដាក់ផងដែរ។ តំបន់ភូមិសាស្រ្តនៅភូមិព្រៃចាន់ និងភូមិជោគជ័យនោះ គឺមានស្មុគស្មាញ ហើយមិនទាន់កំណត់ព្រំដែនច្បាស់លាស់ ហើយអ្វីដែលថៃលើកឡើង គឺប្រើប្រាស់នូវឯកសារ និងផែនទីដែលគូរដោយឯកតោភាគីតែប៉ុណ្ណោះ ដូច្នេះមុននឹងថៃសម្រេចចិត្តធ្វើ ថៃត្រូវហ៊ានប្រឈមនឹងការចោទប្រកាន់ថា ជាកងកម្លាំងដែលមិនចេះច្បាប់អន្តរជាតិ។

ក្នុងករណីកងកម្លាំងយោធភូមិភាគទី១របស់ថៃនៅតែទទឹងរឹងរូសអនុវត្តច្បាប់ព្រៃបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ទាំងពីរនេះ នោះថៃអាចនឹងរងការចោទប្រកាន់ពីបទរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ កិច្ចព្រមព្រៀងអន្តរជាតិអំពីសិទ្ធិស៊ីវិល និង នយោបាយ ច្បាប់ ក៏ដូចជាឯកសារគតិយុត្តិពាក់ព័ន្ធនឹងព្រំដែន និងទំនាក់ទំនងរវាងប្រទេសជិតខាង កិច្ចព្រមព្រៀងអាស៊ានស្តីពីមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអគ្នេយ៍ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺគោលការណ៍មនុស្សធម៌ និងការប្រើប្រាស់កម្លាំងមិនសមហេតុផលលើជនស៊ីវិល ឬជនដែលគ្មានអាវុធជាដើម។

ផ្អែកទៅតាមទឡ្ហីករណ៍ទាំងអស់នេះ យើងសង្ឃឹមថា រដ្ឋាភិបាល និងក្រុមអ្នកច្បាប់ថៃ នឹងផ្តល់ការប្រឹក្សាដល់យោធាថៃ។ យ៉ាងណាមិញ ទោះបីយោធាថៃមានការសម្រេចចិត្តយ៉ាងណាក៏ដោយ សម្រាប់ភាគីកម្ពុជា គឺត្រូវតែត្រៀមយន្តការ និងវិធានការឲ្យបានរួចរាល់ ដើម្បីឆ្លើយតបតាមគ្រប់យន្តការដែលភាគីថៃដាក់ចេញ សំដៅធ្វើយ៉ាងណាឆ្លើយតបដោយភាពវិជ្ជមាន ត្រឹមត្រូវក្នុងនាមជារដ្ឋអធិបតេយ្យមួយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក ជិតមួយសប្ដាហ៍មកនេះ បានបង្កផលប៉ះពាល់អ្វីខ្លះចំពោះសេដ្ឋកិច្ចអាម៉េរិក និងសកលលោក?

ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក បានឈានចូលដល់ថ្ងៃទី៦ហើយ គិតត្រឹមថ្ងៃទី៦ ខែតុលានេះ បន្ទាប់ពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ