បច្ចុប្បន្នភាព EBA គិតត្រឹម​ថ្ងៃទី២០ មីនា ២០១៩!

ប្រតិភូ​អឺរ៉ុប​ចាប់​ផ្តើម​ពិភាក្សា​បញ្ហា EBA ជាមួយ​កម្ពុជា ខណៈ​នាយករដ្ឋមន្រ្តី​ប្រាប់​កម្មករ​កុំ​ឲ្យ​ខ្វល់!


គណៈប្រតិភូ​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ ដោយ​មាន​ជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ដ្រី​ការបរទេស និង​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ជជែក​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កេត សោផាន់ បាន​និយាយ​ថា មន្ដ្រី​សហភាព​អឺរ៉ុប​ទាំងនោះ​នឹង​ជួប​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅព្រឹក​ថ្ងៃ​ពុធ ខណៈ​ដែល​នឹង​មាន​ជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស លោក ប្រាក់ សុខុន និង​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ នាពេល​រសៀល​ថ្ងៃ​ដដែល។

លោក កេត សោផាន់  បាន​និយាយ​ដូច្នេះ​ថា «ខ្ញុំ​មិន​អាច​វិនិច្ឆ័យ​មុន​អំពី​លទ្ធផល​បាន​ទេ។ សូម​មក​ចូលរួម​កិច្ច​ប្រជុំ។ ខ្ញុំ​នឹង​ធ្វើ​សន្និសីទ​មួយ​ខ្លី​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ការបរទេស​នៅ​រសៀល​នេះ។»

បន្ទាប់​ពី​លើក​ឡើង​ពី​ការព្រួយបារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែកុម្ភៈ ថា ខ្លួន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​អនុគ្រោះពន្ធ EBA។

EBA គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​ឲ្យ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​បាច់​បង់ពន្ធ ហើយ​កម្មវិធី​អនុគ្រោះ​ពន្ធ​​នេះ​អាច​ត្រូវ​បាន​ដក​ចេញ​វិញ ក្នុង​ករណី​មាន​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ យោងតាម​តួលេខ​ផ្លូវការ ទំនិញ​ដល់​ទៅ ៤០​ភាគរយ​នៃ​ទំនិញ​ទាំងអស់ ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

អង្គការ សមាគម សហជីព សហគមន៍ធុរកិច្ច នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពីពេល​ថ្មីៗ​កន្លង​ទៅ បាន​សម្ដែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​នីតិ​វិធី​របស់​សហភាព​អឺរ៉ុប​ដើម្បី​ដក EBA ពី​កម្ពុជា។ សេចក្តីថ្លែងការណ៍​ដែល​មាន​ចុះហត្ថលេខា​ពី​អង្គការ សមាគម សហជីព និង​សហគមន៍ ចំនួន​៦៨ បាន​និយាយ​ថា ៖ «យើង​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដែល​នឹង​ជះ​ផល​អវិជ្ជមាន​ដោយ​ផ្ទាល់​និង​ប្រយោល​ដល់​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ទាំងមូល។»

អង្គការ សមាគម សហជីព សហគមន៍ ទាំងនេះ បាន​សម្ដែង​ការ​ជឿជាក់​ថា ស្ថានភាព​អាក្រក់​នេះ​អាច​បញ្ជៀស​បាន បើសិន​ជា​រដ្ឋាភិបាល​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​ពោធិ៍សាត់ នាព្រឹក​ថ្ងៃ​ពុធ​នេះ បាន​មាន​ប្រសាសន៍​ថា សម្ដេច​ស្វាគមន៍​ការ​មក​ដល់​របស់​គណ:ប្រតិភូ​អឺរ៉ុប ហើយ​ប្រាប់​កម្មករ​​កុំ​ឲ្យ​ព្រួយ​បារម្ភ។

សម្តេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា «ឮសូរ​ថា គេ​បញ្ជូន​នរណា​មក​ដោះស្រាយ​រឿង EBA អើ! មក​ដោះ​ទៅ ហ៊ុន សែន ដើរ​ជួប​កម្មករ នៅតែ​ដើរ​ជួប​កម្មករ កសិករ​នៅ​តែ​កសិករ អ្នកណា​ធើ​អី​ធើ​ហ្នុង រឿង​អ្នក​ឯង ចូលទៅ​ជំនុំ​ជាមួយ​នរណា រឿង​អ្នក​ហ្នុង​ទៅ តែ​រឿង​សម្រេច​ចុង​ក្រោយ នាយករដ្ឋមន្រ្តី ហ៊ុន សែន តែ​ម្តង អាហ្នឹង​រឿង​វា​អ៊ីចឹង។»

សម្ដេច ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ហើយ​ពូ​មក​ជួប​ថ្ងៃ​នេះ ពូ​បាន​ផ្តាំ​ជាមួយ​ក្មួយៗ​នៅ​កោះកុង និង​ក្មួយៗ​នៅ​កន្លែង​ដទៃ​ទៀត បើ​ក្មួយ​នៅតែ​មាន​ការងារ​ធ្វើ មាន​ប្រាក់​ចំណូល ក្មួយៗ​កុំ​ខ្វល់​អាណា​និយាយ​ពី​អី»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ចិន​ជួយ​​ជាង ១លានដុល្លារ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​អនឡាញ​​នៅ​កម្ពុជា​

ព័ត៌មាន
ក្រុមហ៊ុន​លំដាប់​កំពូល​ដែល​ជោគជ័យ​ខ្លាំង​លើ​ជំនួញ​ដឹកទំនិញ​ដែល​អ្នក​ទិញ​បញ្ជា​ទិញ​តាម​អនឡាញ ឈ្មោះ​ក្រុមហ៊ុន Shenzhen 4PX Express …

កម្ពុជា​ថា ការ​សន្ទនា​អំពី EBA មិន​មាន​ប្រទូស្តរ៉ាយ ហើយ​កម្ពុជា​​ដឹង​គុណ​ចំពោះ​ជំនួយ​អឺរ៉ុប

ព័ត៌មាន
នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​អឺរ៉ុប​ដែល​មក​បំពេញ​ទស្សនកិច្ច​ជុំវិញ​បញ្ហា​ EBA រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ