វិស័យការពារជាតិ

តើសង្គ្រាមនៅអ៊ីរ៉ង់ ដែលកំពុងឆាបឆេះពេញមជ្ឈិមបូព៌ាពិតជាអាចបញ្ចប់ក្នុងរយៈពេល៦សប្តាហ៍មែនឬ?


ស្របពេលដែលការព្យាករដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីអាយុកាល នៃសង្គ្រាមនៅអ៊ីរ៉ង់ ហាក់មានការប្រែប្រួល ឥឡូវនេះ ក្រុមជំនួយការជាន់ខ្ពស់របស់លោកបានចេញមកអះអាងសាជាថ្មីថា សង្គ្រាមនេះនឹងមិនអូសបន្លាយយូរឡើយ។ ជំនួយការលោក ត្រាំ បានបញ្ជាក់ថា សង្គ្រាមដែលបានឈានចូលសប្តាហ៍ទី៣នេះ នឹងត្រូវបញ្ចប់ក្នុងរង្វង់៤ ទៅ៦សប្តាហ៍ ហើយអ៊ីរ៉ង់នឹងមិនមានសមត្ថភាពរុញច្រានតម្លៃប្រេងឱ្យហក់ឡើងដល់២០០ដុល្លារក្នុងមួយបារ៉ែល ដូចការគំរាមកំហែងឡើយ។
វិស័យការពារជាតិ
ដោយ

លោក ខេវិន ហេសេត (Kevin Hassett) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៃសេតវិមានបានបង្ហើបថា បើតាមការប៉ាន់ប្រមាណយុទ្ធសាស្ត្រពីមន្ទីរបញ្ចកោណ សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពេញតំបន់មជ្ឈិមបូព៌ានឹងបញ្ចប់នៅក្នុងរយៈពេលចន្លោះពី៤ ទៅ៦សប្តាហ៍ទៀត។ ទោះជាយ៉ាងណាក៏ដោយលោក ហេសេត បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយលើជោគវាសនា នៃសង្គ្រាមនេះ គឺស្ថិតនៅលើកណ្តាប់ដៃរបស់លោក ត្រាំ។ ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវឱ្យពលរដ្ឋអាម៉េរិក មានការអត់ធ្មត់ចំពោះការឡើងថ្លៃប្រេងនាពេលនេះ ហើយបានសង្កត់ធ្ងន់ថា ការលុបបំបាត់របបដឹកនាំនៅអ៊ីរ៉ង់ ដែលជាប្រភព នៃមហិច្ឆតាគំរាមកំហែងសន្តិសុខមជ្ឈិមបូព៌ា គឺជាលទ្ធផលដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន។

ជាមួយគ្នានេះ លោក គ្រីស្ទ រ៉ាយ (Chris Wright) រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក ទទួលស្គាល់ថា តម្លៃប្រេងឥន្ធនៈនៅពេលនេះពិតជាបានហក់ឡើងថ្លៃខ្ពស់មែន ប៉ុន្តែវានឹងមិនអាចឡើងដល់២០០ដុល្លារក្នុង១បារ៉ែល ដូចអ្វីដែលអ៊ីរ៉ង់ បានគំរាមនោះឡើយ។ លោកបានអះអាងថា សង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ទំនងជានឹងបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយនៅពេលនោះតម្លៃប្រេងនឹងធ្លាក់ចុះមកវិញ។

ទោះបីជាមន្ត្រីអាម៉េរិក បានបង្ហាញទស្សនសុទិដ្ឋិនិយមយ៉ាងណាក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅតែមានភាពប្រឈមខ្ពស់។ មកទល់ពេលនេះ អាម៉េរិកនៅមិនទាន់អាចគ្រប់គ្រង និងធានាសុវត្ថិភាពពេញលេញនៅច្រកសមុទ្រហ័រម៉ូសបាននៅឡើយទេ ខណៈដែលកងកម្លាំងអ៊ីរ៉ង់ នៅតែបន្តរឹតបន្តឹងការត្រួតពិនិត្យ និងគ្រប់គ្រងច្រកទឹកដ៏សំខាន់នេះយ៉ាងតឹងរ៉ឹងបំផុត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងការបញ្ជាទិញទំនិញពីអាម៉េរិក និងអឺរ៉ុប

លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា ហាក់មានការបារម្ភចំពោះបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងការធ្វើឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ