វិស័យពាណិជ្ជកម្ម

សហភាពអឺរ៉ុប និងកាណាដា រួមគ្នាដាក់សម្ពាធពន្ធថ្មី ដើម្បីវាយបកនឹងវិធានការពន្ធរបស់លោក ដូណាល់ ត្រាំ


សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងកាណាដា កាន់តែរីករាលដាលហើយ ដោយមិនបង្អង់យូរនោះទេ ប្រទេសកាណាដា និងសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាម៉េរិក បានដាក់សម្ពាធពន្ធយ៉ាងតឹងរ៉ឹងលើផលិតផលរបស់អាម៉េរិករាប់ចាប់តាំងពីផលិតផលវាយនភណ្ឌរហូតសាច់គោ និងស្រា ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធលើផលិតផលដែក និងអាលុយមីញ៉ូម របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ការឆ្លើយតបនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យសង្គ្រាមពន្ធ និងពាណិជ្ជកម្មរវាងប្រទេស និងតំបន់ទាំងពីរជាមួយសហរដ្ឋអាម៉េរិកកាន់តែឡើងកម្តៅ។
វិស័យពាណិជ្ជកម្ម
ដោយ

កាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូម ដ៏ធំបំផុតទៅកាន់ អាម៉េរិកប្រកាសដំឡើងពន្ធ២៥% លើផលិតផលរបស់អាម៉េរិក ដូចជាផលិតផលលោហៈ កុំព្យូទ័រ សម្ភារកីឡា និងផលិតផលមួយចំនួនទៀត។ ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានដំឡើងពន្ធលើម៉ូតូ សាច់គោ បសុបក្សី ផលិតផលស្រា និងខោខូវប៊យរបស់អាម៉េរិក ផងដែរ។ ការដំឡើងពន្ធរបស់កាណាដា និងសហភាពអឺរ៉ុបនេះ ធ្វើឡើងក្រោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានអនុវត្តការយកពន្ធលើដែកថែប និងអាលុយមីញ៉ូម កាលពីពេលថ្មីៗនេះ។

មកទល់ពេលនេះ មិនទាន់មានការវាយតម្លៃពីទំហំផលប៉ះពាល់ ដែលបណ្តាលមកពីការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកនេះនៅឡើយទេ ហើយអ្វីដែលគេអាចដឹងនៅពេលនេះត្រឹមថា ការកំណត់ពន្ធថ្មីនេះនឹងធ្វើឱ្យក្រុមហ៊ុនជាច្រើនប្រឈមមុខនឹងការខាតបង់ប្រាក់រាប់ពាន់លានដុល្លារ និងបង្កើតឱ្យមានភាពមិនច្បាស់លាស់បន្ថែមទៀតនៅក្នុងភាពជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ពិភពលោក។ នៅពេលនេះទាំងនៅសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងកាណាដា ក្រុមហ៊ុនមួយចំនួនបានស្ម័គ្រចិត្ត ទទួលយកការខាតបង់ និងខ្លះទៀតសុខចិត្តទទួលយកប្រាក់ចំណេញតិចជាងមុន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុនឌ័រ ឡេយេន (Ursula von der Leyen) ជឿជាក់ថា តម្លៃទំនិញនានានឹងថ្លៃខ្ពស់នៅតំបន់អឺរ៉ុប និងសហរដ្ឋអាម៉េរិក។ យ៉ាងណាមិញលោកស្រីបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះវិធានការដាក់ពន្ធនេះ ហើយលោកស្រីយល់ថា ប្រទេសនីមួយៗមិនគួរយកបញ្ហាពន្ធមកពាក់ព័ន្ធនឹងអាជីវកម្ម ក៏ដូចជាមិនគួរធ្វើឱ្យអ្នកប្រើប្រាស់ទទួលផលអាក្រក់ពីសេដ្ឋកិច្ចបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនឹងនៅតែ​បើកចំហជានិច្ចសម្រាប់ការចរចា។

លោក ម៉ាក ខានី (Mark Carney) ដែលនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដាថ្មី ​បាននិយាយកាលពីថ្ងៃពុធ ​សប្តាហ៍នេះថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបជជែកជាមួយ​លោក ដូណាល់ ត្រាំ ប្រសិនបើលោកបង្ហាញការគោរពចំពោះអធិបតេយ្យភាពកាណាដា និងមានឆន្ទៈក្នុងការទទួលយកវិធីសាស្រ្តរួម ដែលជាវិធីសាស្រ្តដ៏ទូលំទូលាយសម្រាប់ពាណិជ្ជកម្ម។

សភាពាណិជ្ជកម្មអាម៉េរិកប្រចាំសហភាពអឺរ៉ុប បានអះអាងថា ការកំណត់ពន្ធគយរបស់សហរដ្ឋអាម៉េរិក និងវិធានការតបតរបស់សហភាពអឺរ៉ុប នឹងធ្វើឱ្យប៉ះពាល់ដល់ការងារ វិបុលភាព និងសន្តិសុខរបស់ភាគីទាំងអស់ដែលពាក់ព័ន្ធ។

ការយក២៥% លើដែកថែប និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចូលរហូតដល់១៥០ពាន់លានដុល្លារ ខណៈសហភាពអឺរ៉ុបនឹងអនុវត្តពន្ធ ដែលបានផ្អាកកាលសម័យលោក ចូ បៃដិន ឡើងវិញ នៅថ្ងៃទី១ ខែមេសា ហើយពន្ធថ្មីដែលមានតម្លៃជិត២០ពាន់លានដុល្លារនឹងអនុវត្តនៅថ្ងៃទី១៣ ខែមេសា។ ដោយឡែក កាណាដានឹងដាក់ពន្ធថ្មីលើទំនិញអាម៉េរិក ដែលមានតម្លៃ២១ពាន់លានដុល្លារ បន្ថែមលើពន្ធដែលមានតម្លៃ២០,៨ពាន់លានដុល្លារ ដែលបានចូលជាធរមានកាលពីថ្ងៃទី៤ ខែមីនា៕​

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពផុយស្រួយ ខណៈកំណើនសេដ្ឋកិច្ចជារួមនឹងធ្លាក់ចុះនៅឆ្នាំ២០២៥ នេះ

សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៤% នៅឆ្នាំ២០២៥ និង២០២៦ មានការធ្លាក់ចុះ០,៣% បើធៀបនឹងឆ្នាំ២០២៤។ កត្តាដែលធ្វើឱ្យសេដ្ឋកិច្ចសកល…

លោក ពូទីន យល់ព្រមលើសំណើបទឈប់បាញ់ជាមួយអ៊ុយក្រែន តែដាក់លក្ខខណ្ឌច្រើន

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បុរសខ្លាំង ដែលត្រូវបានគេប្រសិទ្ធនាមថា ជាខ្លាឃ្មុំទឹកកកនៅស៊ីបេរី មិនបានច្រានចោលសំណើបទឈប់បាញ់រយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ