គម្រោងនេះកំពុងជំរុញយ៉ាងសកម្មឱ្យសហគ្រាសកែច្នៃជលផលនៅកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ ឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅបង្វែរពីការហាលសម្ងួតបែបនៅទីវាលក្រោមពន្លឺព្រះអាទិត្យមកប្រើប្រាស់បច្ចេកវិទ្យាសម្ងួតថ្មីនេះវិញ។ ជាក់ស្ដែងបច្ចេកវិទ្យាហាលសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យ ឬទូសម្ងួតពន្លឺព្រះអាទិត្យ នេះនឹងផ្តល់លទ្ធភាពដល់សហគ្រាសកែច្នៃជលផល ក្នុងការហាលសម្ងួតត្រី និងបង្គាបានកាន់តែប្រសើរ នៅគ្រប់លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានស្អាតល្អ កាត់បន្ថយការបាត់បង់ក្រោយប្រមូលផល និងលើកកម្ពស់គុណភាពផលិតផលផងដែរ។
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture)ដែលទទួលបានការគាំទ្រផ្នែកថវិកាពីសហភាពអឺរ៉ុបលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសផលិត និងកែច្នៃផលផលិតផលជលផលខ្នាតតូច និងមធ្យមនៅកម្ពុជា ងាកមកប្រើប្រាស់បច្ចេកវិទ្យាសម្ងួត និងទូសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីបង្កើតទំនុកចិត្តរបស់អតិថិជន និងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ គម្រោងនេះ ក៏បានរៀបចំចងក្រង និងផ្សព្វផ្សាយជាសាធារណៈនូវសៀវភៅមគ្គទេសក៍ណែនាំបែបសាមញ្ញជាជំហានៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការហាលសម្ងួតត្រី និងបង្គាដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលព្រះអាទិត្យនេះផងដែរ។
លោកស្រី សុខ ឃីម ម្ចាស់សហគ្រាសផលិតត្រីងៀត ហេង ហ៊ត ស្ថិតនៅខេត្តសៀមរាប ដែលបានប្រើប្រាស់បច្ចេកវិទ្យាសម្ងួតនេះបានគូសបញ្ជាក់ថា សៀវភៅមគ្គទេសក៍សម្រាប់ប្រើប្រាស់បច្ចេកវិទ្យាសម្ងួតនេះងាយយល់ និងងាយអនុវត្តតាម ហើយលោកស្រីអាចប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួត ដោយថាមពលពន្លឺព្រះអាទិត្យបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពក្នុងការបង្កើនគុណភាពផលិតផលត្រីងៀត ដែលជួយបង្កើននូវទំនុកចិត្តរបស់អតិថិជន និងអាចបង្កើនការលក់ផងដែរ។ លើសពីនេះតាមរយៈកិច្ចសហការ និងភាពជាដៃគូជាមួយគម្រោង SWITCH to Solar គម្រោង CAPFISH-Capture រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនៅតាមបណ្តាខេត្តនានា ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ និងសហគ្រាសកែច្នៃជលផល កំពុងខិតខំជំរុញគំនិតផ្តួចផ្តើមនេះធ្វើយ៉ាងណាឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផល និងផលិតផលកសិកម្មផ្សេងៗទៀតនៅកម្ពុជាទទួលយក និងប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានកាន់តែទូលំទូលាយ ក្រោមរូបភាពនៃការបណ្តាក់ទុនរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មផងដែរ។
សូមបញ្ជាក់ថា បច្ចេកវិទ្យាទូសម្ងួតពន្លឺព្រះអាទិត្យជួយសម្រួលដល់សហគ្រាសកែច្នៃជលផល ដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាច្រើន ដូចជាការហាលស្ងួតពេក ឬស្រពាប់ពេក ហានិភ័យនៃការចម្លងរោគ លក្ខខណ្ឌអាកាសធាតុមិនអំណោយផល និងការប្រើប្រាស់កម្លាំងពលកម្មច្រើន។ តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម គម្រោងផ្តល់ការគាំទ្រដល់សហគ្រាសកែច្នៃជលផលចំនួន១០ ក្នុងខេត្តក្រុងចំនួន៦ ជាមួយនឹងទូសម្ងួតពន្លឺព្រះអាទិត្យ ដើម្បីប្រើប្រាស់ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល តាមរយៈការបង្កើនផលិតភាព កែលម្អការអនុវត្តអនាម័យល្អ ជួយឱ្យផលិតផលត្រីងៀត និងបង្គាក្រៀមមានគុណភាព និងសុវត្ថិភាពល្អ។
យ៉ាងណាមិញ ក្នុងគោលដៅចែករំលែក និងផ្សព្វផ្សាយចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ គម្រោងបានសហការជាមួយភាគីពាក់ព័ន្ធរៀបចំផលិតសៀវភៅមគ្គទេសក៍ណែនាំបែបសាមញ្ញជាជំហានៗ ក្នុងការហាលសម្ងួតត្រី និងបង្គា ដោយប្រើប្រាស់ទូសម្ងួតពន្លឺព្រះអាទិត្យ។ សៀវភៅមគ្គទេសន៍នេះត្រូវបានផ្តល់ជូន និងចែករំលែកជាមួយសហគ្រាសកែច្នៃជលផល និងតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ដើម្បីមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព និងទទួលបានផលិតផលដែលមាន គុណភាព និងប្រកបដោយអនាម័យខ្ពស់៕