ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការឈានទៅក្លាយជាផលិតផល GI របស់គ្រាប់ស្វាយចន្ទីកំពង់ធំ បានឈានដល់ការសម្រេចបង្កើតសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ កាលពីពេលថ្មីៗនេះ ហើយរំពឹងថា ក្រោយគ្រាប់ស្វាយចន្ទីកំពង់ធំក្លាយជាផលិតផល GI វានឹងជួយពង្រីកទីផ្សារនាំចេញ និងជួយបង្កើនតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
លោក អួន ស៊ីឡុត ប្រធានសមគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កសិករដាំស្វាយចន្ទីក្នុងខេត្តកំពង់ធំ បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយ ដោយសម្រេចបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលមានឈ្មោះថា«សមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ» ដែលជាជំហានថ្មីឆ្ពោះទៅកាន់ការចុះបញ្ជីស្វាយចន្ទីកំពង់ធំ ទៅជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលឆាប់ៗខាងមុខ។ បើតាមប្រធានសមាគមរូបនេះ ការធ្វើពិពិធកម្មផលិតផលស្វាយចន្ទី និងការលើកកម្ពស់ការកសាងម៉ាកយីហោ GI នៃផលិតស្វាយចន្ទីកំពង់ធំនេះ គឺដើម្បីកំណត់យកទីតាំងខេត្តកំពង់ធំ ជាប្រភព នៃគ្រាប់ស្វាយចន្ទី ដែលមានគុណភាពលំដាប់ខ្ពស់។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលកសិករនឹងទទួលបាននៅពេលចូលរួមក្នុងសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)«ស្វាយចន្ទីកំពង់ធំ» គឺការការពារអត្តសញ្ញាណ និងឈ្មោះផលិតផលតាមផ្លូវច្បាប់, ការពង្រឹងបច្ចេកទេស និងគុណភាពផលិតផល, ការពង្រីកឱកាសទីផ្សារ និងការនាំចេញ, កិច្ចសហការ និងអំណាចនៃការចរចា និងការបង្កើនតម្លៃ និងប្រាក់ចំណូលបន្ថែម ដ្បិតផលិតផលដែលទទួលស្គាល់ជាម៉ាក GI តែងតែទទួលបានតម្លៃលក់ខ្ពស់ជាងផលិតផលទូទៅនៅលើទីផ្សារ ដោយសារមានការទទួលស្គាល់លើគុណភាព និងប្រភពច្បាស់លាស់។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជា បានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៨មុខរួមមានម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ, ទឹកត្រីកំពតកែប និងប្រហុកសៀមរាប។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែង និងតម្លៃបន្ថែមផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ផងដែរ៕