លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាបានលើកឡើងថា ស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិធ្ងន់ធ្ងរនេះ សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា នៅតែទទូច ស្នើសុំ ការអន្តរាគមន៍ ពីរាជរដ្ឋាភិបាល ក្នុងការពិចារណា លើកលែងបំណុលពន្ធចាស់ៗ ដែលប្រតិបត្តិករ ឯកជនក្នុងវិស័យទេចរណ៍បានខកខានមិនបានបង់នាឆ្នាំកន្លងមក ខណៈអាជីវកម្មរបស់ពួកគាត់កំពុងតែប្រឈមខ្លាំងដោយសារជំងឺកូវីដ-១៩។
លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបានលើកលែងរួចមកហើយនូវការបង់ពន្ធប្រចាំខែសម្រាប់ឆ្នាំ២០២០នេះ ប៉ុន្តែ បញ្ហាចម្បងធំមួយទៀតនោះគឺបំណុលពន្ធចាស់ៗ ខណៈពួកគាត់កំពុងស្ថិតនៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ។ លោកស្រីបន្ថែមថា ត្បិតតែនេះវាគ្រាន់តែជាបំណុលពន្ធចាស់ក៏ពិតមែន តែវាជាបន្ទុកចំណាយ ខណៈដែលពួកគាត់រកបានក្នុង១ឆ្នាំនេះ គឺមិនអាចឆ្លើយតបរាល់ការចំណាយបានឡើយ ដោយអ្នកខ្លះក៏បានប្រកាសលក់ទ្រព្យសម្បត្តិរបស់ខ្លួនខ្លះដើម្បីយកមកបន្តដង្ហើមអាជីវកម្ម។
លោកស្រីបានគូសបញ្ជាក់ទៀតថា វិស័យទេសចរណ៍កំពុងជួបផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមានអាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងជាពិសេសគឺក្រុមហ៊ុនទេសចរណ៍បានបិទអាជីវកម្មស្ទើរតែទាំងស្រុង បើទោះបីជា មិនមានតួលេខជាក់លាក់អំពីការស្នើសុំការព្យួរការងារនៅក្រសួងការងារក៏ដោយ ប៉ុន្តែអាជីវកម្មទាំងអស់នោះគឺ បានបិទទ្វារដោយខ្លួនឯងអស់ទៅហើយព្រោះគ្មានភ្ញៀវ។
លោកស្រីបន្តថា ក្នុងនាមជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីចង់ឃើញពួកគាត់នៅអាចបន្តអាជីវកម្មតទៅទៀតបានដោយមិនការផ្លាស់ប្តូរអាជីពនោះទេ ព្រោះកាលណាពួកគាត់ផ្លាស់ប្តូរអាជីព នៅពេលដែលស្ថានភាពវិលត្រឡប់មកប្រសើរឡើងវិញធនធានមនុស្សនៅក្នុងវិស័យនេះនឹងអាចខ្វះខាតវិញ ដូច្នេះសូមឲ្យរាជរដ្ឋាភិបាលពិចារណាលើកលែងដោយលុបបំណុលពន្ធចាស់ៗចោល ដើម្បីជួយដល់វិស័យនេះផង។
យ៉ាងណាក៏ដោយចុះ បើទោះបីមិនទាន់មានការឆ្លើយតបភ្លាមៗពីរាជរដ្ឋាភិបាលក្នុងការពិចារណាសម្រេចលុបបំណុលពន្ធចាស់ៗក៏ដោយចុះ ក៏កន្លងមករាជរដ្ឋាភិបាល បានប្រកាសលើកលែងពន្ធប្រចាំខែរួចហើយនៅឆ្នាំ២០២០នេះ សម្រាប់ប្រតិបត្តិករទេសចរណ៍ ហើយថ្មីៗនេះផងដែរ ជាការបញ្ជាក់ជូនឡើងវិញរបស់ក្រសួងទេសចរណ៍ទៅសាលារាជធានីភ្នំពេញស្តីពីការអនុវត្តវិធានការ រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១។
ទន្ទឹមគ្នានេះ ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក៏បានចាត់ទុកថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ថា ជាចំណែកតួចមួយក្នុងការជួយធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាអាចបន្តនិរន្តរភាពរបស់ខ្លួនតទៅមុនទៀត ខណៈការរីករាលដាលរបស់ជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យមួយនេះធ្លាក់ចុះយ៉ាងគំហុក៕