លោក សម វិទូ ប្រធានអង្គការសេដាកដែលមានបណ្តាញកសិកររាប់ម៉ឺនគ្រួសារ បានប្រាប់សារព័ត៌មានខេមបូណូមីស នៅកណ្តាលវាលស្រែក្នុងខេត្តតាកែវ ថា សេដាកបាន និង កំពុងប្រមែប្រមូលកសិករ ដែលជាបណ្តាញរបស់ខ្លួនទូទាំងប្រទេស ឲ្យងាកមកដាំដំណាំគ្រឿងទេស ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង កាត់បន្ថយការនាំចូលពីបរទេស ខណៈដែលដំណាំប្រភេទនេះ ងាយស្រួលដាំ និង អំណោយផលខ្លាំងសម្រាប់ប្រភេទដី និង អាកាសធាតុនៅកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន យើងមានក្រុមកសិករផ្នែកដំណាំស្រូវ បន្លែ ម្រេច ផាស់សិន…។ នៅខែធ្នូឆ្នាំនេះ យើងបានប្រមូលគ្នារើសតំណាងកសិករមកជុំគ្នា ដើម្បីឲ្យពួកគាត់ងាកមកដាំគ្រឿងទេស។ យើងរកតំបន់ណាដែលមានសក្តានុពលអី គឺឲ្យពួកគេដាំដំណាំនោះ ហើយយើងជួយបច្ចេកទេស និងរកទីផ្សារ។ ជាទូទៅពពួកដំណាំគ្រឿងទេស វាងាយស្រួលដាំ វាអាចដាំដំណាំហូបផ្លែនៅខាងលើ និង អាចដាំគ្រឿងទេសនៅខាងក្រោម ព្រោះ វាការពារស្មៅផង និង ស្រួលដុះលូតលាស់ដោយសារវាត្រូវការម្លប់»។
បើតាមលោក សម វិទូ បណ្តាញកសិកររបស់សេដាកនាពេលកន្លងមក បានដាំដំណាំប្រភេទគ្រឿងទេសខ្លះៗមកហើយ គ្រាន់តែនៅមានចំនួនតិចតួចនៅឡើយ។ លោកថា គម្រោងនេះ នឹងជំរុញបន្ថែមឲ្យពួកគាត់ងាកមកដាំដំណាំ ដូចជា៖ រំដេង ល្មៀត ខ្ជាយ ស្លឹកគ្រៃ និង ដំណាំគ្រឿងទេសផ្សេងទៀត ដើម្បីរួមគ្នាផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកពន្យល់ថា ទីផ្សារសំខាន់ជាងគេ គឺស្ថិតនៅតំបន់របស់កសិករផ្ទាល់តែម្តង។ ក្នុងករណីដែលទីផ្សារណាមួយខ្វះ សេដាកមានក្រុមកសិករនៅតំបន់ផ្សេង ដែលមានកសិផលលើស គឺអាចយកទៅចែកចាយជំនួស ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យមាននិរន្តរភាព។
លោកបន្តថា ដំណាំគ្រឿងទេស នឹងត្រូវដាំជាច្រើនខេត្ត ដូចជា៖ តាកែវ កំពង់ស្ពឺ កំពត កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង ប៉ៃលិន និង បាត់ដំបងជាដើម។ លោកបន្ថែមថា លោកមិនទាន់មានគម្រោងនាំចេញដំណាំគ្រឿងទេសនេះ ទៅក្រៅប្រទេសនោះទេ ពីព្រោះ ទីផ្សារនៅក្នុងស្រុកកំពុងខ្វះខាត និង មានតម្រូវការខ្ពស់។
លោកបន្ថែមថា៖ «ជាង៥០ភាគរយនៃគ្រឿងទេស គឺយើងនាំចូលពីគេ។ យើងមានដែរ ជាពិសេសនៅតំបន់ទំនាបកណ្តាលជួរមាត់ទន្លេ ប៉ុន្តែ នៅតែមានតិចតួច។ ក្នុងមួយថ្ងៃ យើងនាំចូលស្លឹកគ្រៃ៥០តោន និងក្រូចឆ្មា១០តោនពីប្រទេសជិតខាង។ ខ្ញុំរំពឹងថា ក្រោយពីកសិករខ្មែរងាកមកដាំគ្រឿងទេស កម្ពុជានឹងកាត់បន្ថយការនាំចូលពីគេ»៕