នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងការអនុម័តគម្រោងវិនិយោគចំនួន ៤ ដោយក្នុងនោះ ក៏មានគម្រោងមួយ ជារបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO.,LTD. ក្នុងការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។ ទោះយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា គម្រោងរោងចក្ររប់ខាងក្រុហ៊ុនខាងលើនេះ នឹងធ្វើការដំឡើងរថយន្ដម៉ាកអ្វីនៅឡើយទេ។
ក្រុមហ៊ុនមួយនេះ ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន HGB Group របស់ឧកញ៉ា ង៉ូវ លាងហួត ដែលជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅក្នុងវិស័យរថយន្ដនៅកម្ពុជា។
ក្រុមហ៊ុនរបស់ឧកញ៉ា ដែលមិនសូវចេញមុខរូបនេះ មាននាំចូលម៉ាករថយន្ដប្រមាណ ១០ម៉ាកផ្សេងៗគ្នាមកលក់នៅក្នុងទីផ្សារកម្ពុជា រាប់តាំងពីម៉ាករថយន្ដលំដាប់ប្រណីតៗដូចជាRolls Royce, Lamborghini , Benley និង Mclarenជាដើម។ល។
គួរបញ្ជាក់ថា ថ្មីៗនេះដែរ ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ RMA Cambodia ក៏បានលាតត្រដាងពីផែនការ នឹងបោះទុនវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដើម្បីសាង់សង់រោងចក្រផ្គុំ និងតម្លើងរថយន្ត នៅក្នុងខេត្តពោធិ៍សាត់ផងដែរ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ គម្រោងវិនិយោគនេះ នឹងអាចស្រូបយកកម្លាំងពលកម្ម ប្រមាណ ៥០០នាក់ សម្រាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងតម្រូវការទីផ្សារក្នុងស្រុក៕