បើតាមរបាយការណ៍ ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ដំណើរការនៃការចុះបញ្ជីគម្រោងវិនិយោគថ្មីៗ នៅកម្ពុជា ហាក់មិនសូវមានភាពខុសគ្នាខ្លាំង ប៉ុន្មាននោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ពោលគឺនៅរយៈពេល៤ខែដំបូងក្នុងឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៦០គម្រោង មានទំហំទឹកប្រាក់វិនិយោគសរុបជាង ២ពាន់៦រយលានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថា ចំនួនគម្រោងវិនិយោគមានការកើនឡើងចំនួន៣គម្រោង និងចំនួនទុនវិនិយោគមានការកើនឡើងជាង៣០លានដុល្លារអាមេរិក។
អ្នកជំនាញមើលឃើញថា នៅឆ្នាំ២០២២នេះ ស្ថានភាពនៃលំហូវិនិយោគនៅកម្ពុជា ហាក់កំពុងមានសកម្មភាពល្អប្រសើរឡើងវិញ ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកចំហរនូវសង្គម និងសេដ្ឋកិច្ច ពេញលេញឡើងវិញ ពិសេសតាមរយៈច្បាប់វិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP ជាដើម។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងបានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះ សកម្មភាពនៃការវិនិយោគនៅកម្ពុជា ស្ទើរគ្រប់វិស័យកាន់តែមមាញឹក ហើយកម្ពុជា ក៏មិនមែនពឹងផ្អែកតែលើវិស័យកាត់ដេរតែមួយមុខទៀតនោះដែរ ពោលគឺបច្ចុប្បន្ន កម្ពុជាមានអនុវិស័យសំខាន់ៗជាច្រើនកំពុងរីកដុះដាលខ្លាំង ដួចជា ការផលិតសំបកកង់រថយន្ត,ការតម្លើងរថយន្ត,ឧស្សាហកម្មរ៉ែមាស និងវិស័យកសិកម្ម ជាដើម សុទ្ធតែមានសញ្ញាណវិជ្ជមាន។
តាមរយៈសន្ទុះនៃគម្រោងវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា ឧកញ៉ា លឹម ហេង នៅតែបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់ ថានឹងនៅតែបន្តមានកំណើន ដោយសារការចូលរួមនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការនានា ពិសេសគម្រោងវិនិយោគថ្មីៗ។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២១កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបជាង១៦០គម្រោង ដោយគិតជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក៕