គម្រោងវិនិយោគចំនួន ១៣គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជិត ៩០លានដុល្លារ និងគម្រោងវិនិយោគចំនួន ៥២គម្រោង ស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជាង ៤៩៨លានដុល្លារ។ ដ្បិតថា នៅរយៈពេល ៤ខែឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគដែល CDC បានអនុម័តមានការកើនឡើងចំនួន ៥គម្រោង ក៏ពិតមែន ប៉ុន្ដែ បើក្រឡេកទៅមើលពីទំហំវិនិយោគសរុប បែរជាមានការធ្លាក់ចុះប្រមាណ២ពាន់លានដុល្លារណោះ បើធៀបនឹងទំហំវិនិយោគដែលធ្លាប់ទទួលបានប្រមាណ ២ ៦០០លានដុល្លារកាលពី៤ខែដំបូងឆ្នាំ២០២២។
ការកើនឡើងនៃចំនួនគម្រោង ប៉ុន្ដែទំហំទុនវិនិយោគថយចុះនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញថា គម្រោងវិនិយោគធំៗហាក់មានការថយចុះ ប៉ុន្ដែជំនួសមកវិញដោយគម្រោងវិនិយោគតូចៗជំនួសវិញ។ អ្នកជំនាញសេដ្ឋកិច្ចអះអាងថា កំណើននៃចំនួនគម្រោងវិនិយោគនៅ៤ខែនេះ នៅតែបង្ហាញពីសកម្មភាពវិនិយោគវិនិយោគរាំងមាំនៅកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅតែកត់សម្គាល់ឃើញពីភាពវិជ្ជមាន និងសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យវិនិយោគនៅកម្ពុជា នារយៈពេល ៤ខែឆ្នាំ២០២៣ ថា មានភាពល្អប្រសើរ។ ការអះអាងរបស់ឧកញ៉ា លឹម ហេង បែបនេះ ក៏ព្រោះតែលោកមើលឃើញថា ការចុះបញ្ជីវិនិយោគនៅតាមថ្នាលបច្ចេកវិទ្យានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាដើម សុទ្ធតែមានលក្ខណៈល្អប្រសើរ។ ម្យ៉ាងវិញទៀត លោកក៏បានកត់សម្គាល់ទៀតថា វិស័យដទៃក្រៅពីវិស័យកាត់ដេរ ក៏កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន ជាពិសេសអនុវិស័យឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ ក៏មានសន្ទុះគួរឲ្យកត់សម្គាល់ ផងដែរ។
សូមបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនៅ ៤ខែ ឆ្នាំ២០២៣នេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ៥៨គម្រោង។ រីឯ វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៤គម្រោង។ ដោយឡែក វិស័យទេសចរណ៍ មាន ៣គម្រោង។ ក្នុងនោះ វិនិយោគិនមកពីប្រទេសចិន បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានក្ដោបក្ដាប់រហូតជិត ៦០%នៃគម្រោងវិនិយោគសរុប។ បន្ទាប់មកវិនិយោគិនក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ និងក្ដោបក្ដាប់ការវិនិយោគជាង ១៧% ខណៈវិនិយោគិនមកពីប្រទេសវៀតណាម បានឈរនៅលំដាប់លេខរៀងទី៣។