នាសប្ដាហ៍នេះ ក្រុមហ៊ុន អេសស៊ីជី (SCG) បានឲ្យដឹងថា សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ប្រាក់ចំណេញបានកើនឡើង ៥៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ។ លទ្ធផលនេះ គឺដោយសារការរើបឡើងវិញនៅក្នុងទីផ្សារសាកលនៃផលិតផលគីមី, កំណើននៃអត្រាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ (HVA), គំរូអាជីវកម្មរឹងមាំនៃវិស័យធុរកិច្ចវេចខ្ចប់, និងកិច្ចប្រឹងប្រែងកែទម្រង់ធុរកិច្ចស៊ីម៉ងត៍និងគ្រឿងសំណង់ ដើម្បីបំពេញតម្រូវការអតិថិជនឲ្យបានកាន់តែប្រសើរឡើង ។
លោក Roongrote Rangsiyopash ប្រធាននិងអគ្គនាយក អេសស៊ីជី បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា “លទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ បានបង្ហាញនូវចំណូលពីការលក់ចំនួន ១៣.២០៥ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក) ដែលកើនឡើង ៥% បើប្រៀបធៀបនឹងត្រីមាសមុន ។ ទន្ទឹមនឹងនេះដែរ ប្រាក់ចំណេញសម្រាប់រយៈពេលនេះសម្រេចបានសរុប ១.២៧៤ប៊ីលានរៀល (៣១១លានដុល្លារអាមេរិក) កើនឡើង ៤% បើធៀបនឹងត្រីមាសមុន ។”
លោក Roongrote បានបន្ថែមថា “កំណើននេះ គឺដោយសារភាពប្រសើរឡើងវិញនៃអាជីវកម្មផលិតផលគីមី ដែលជំរុញដោយតម្រូវការកើនឡើង នៅក្នុងប្រទេសចិន និងនៅតំបន់អាស៊ី ជាទូទៅ និងលទ្ធផលអាជីវកម្មល្អប្រសើរជាងមុននៅក្នុងធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ ។”
បើប្រៀបធៀបនឹងលទ្ធផលនៃឆ្នាំទៅមិញ ចំណូលពីការលក់បានធ្លាក់ចុះ ៩% ចំណែកឯប្រាក់ចំណេញវិញ សម្រាប់ត្រីមាសទី៣នេះ បានកើនឡើងដល់ទៅ ៥៧% ដោយសារលទ្ធផលល្អប្រសើរជាងមុននៅក្នុងអាជីវកម្មផលិតផលគីមី និងប្រសិទ្ធផលល្អជាងមុន នៅក្នុងធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ ។
ចំពោះលទ្ធផលប្រតិបត្តិការសម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០២០វិញ អេសស៊ីជី សម្រេចបានចំណូលពីការលក់ ចំនួន ២៦.០១២ប៊ីលានរៀល (៩.៦០២លានដុល្លារអាមេរិក) ធ្លាក់ចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែតម្លៃលក់ផលិតផលគីមីធ្លាក់ចុះស្របគ្នានឹងការធ្លាក់ចុះនៃតម្លៃប្រេង ។ ប្រាក់ចំណេញសម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០២០ សម្រេចបានសរុប ៣.៣៨១ប៊ីលានរៀល (៨២៨លានដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែកំណើនប្រាក់ចំណេញពីវិស័យធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ និងធុរកិច្ចវេចខ្ចប់ ។ ស្ថានភាពអាជីវកម្មទូទៅនៅតែរក្សាបាននូវភាពបត់បែននិងឆ្លើយតបរហ័ស ទាន់សភាពការណ៍ ។ បច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល ។
ប្រតិបត្តិការរបស់ អេសស៊ីជី នៅកម្ពុជា នៅតែបង្ហាញពីភាពវិជ្ជមាន
បើផ្អែកតាមរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបចំនួន ១.៥៥០ប៊ីលានរៀល (៣៧៩លានដុល្លារអាមេរិក) ដែលកើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្រុមហ៊ុនសម្រេចបានចំណូលចំនួន ២៣៦ប៊ីលានរៀល (៥៧,៦លានដុល្លារអាមេរិក) ពីអាជីវកម្មផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ។ សម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៊ីជី សម្រេចបានចំណូលពីការលក់ចំនួន ៧៨៨ប៊ីលានរៀល (១៩២,៥លានដុល្លារអាមេរិក) ។
ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២០ ជំងឺរាតត្បាតកូវីដ-១៩បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើវិស័យសំខាន់ៗរបស់ប្រទេសកម្ពុជា ព្រមទាំងវិស័យសំណង់និងអចលនទ្រព្យ ផងដែរ។ ប៉ុន្តែ ជាការរួមចំណែកលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា អេសស៊ីជី បន្តផ្ដល់នូវផលិតផលគុណភាពប្រណីត ដូចជា ស៊ីម៉ងត៍ Portland និងផលិតផលដែលមានតម្លៃបន្ថែម ដូចជា ស៊ីម៉ងត៍បៀក និងបេតុងលាយស្រេចពិសេស ។
លើសពីនេះទៀត សេវាកម្មបច្ចេកទេស ៣៦០ដឺក្រេ និងសេវាកម្មផ្អែកលើតម្លៃ អាចជួយដល់អតិថិជនរបស់យើងទទួលបាននូវសំណង់ដែលមានគុណភាពកាន់តែខ្ពស់ ។ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អេសស៊ីជី បានបរិច្ចាគស៊ីម៉ងត៍និងសម្ភារសាងសង់ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សម្រាប់ការប្រើប្រាស់សាងសង់ផ្សេងៗនៅក្នុងសាលា ៕